កម្ពុជា -​ប៊ុលហ្គារី ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរណ៍​

1101
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/ភ្នំពេញ​:​តប​តាម​ការអញ្ជើញ​របស់លោក​ស្រី Nikolina Angelkova រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​គណៈប្រតិភូ​ក្រសួង បាន​ចូលរួម ​សមាជ​អន្តរជាតិ​លើក​ទី​២ ស្តីពី​អរិយធម៌​ពិភពលោក និង​ខ្សែ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ (The 2nd International Congress on World Civilization and Historical Routes) ដែល​រៀបចំឡើង​ក្រោម​កិច្ចសហការ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក និង​រដ្ឋាភិបាល​ប៊ុលហ្គារី (​ក្រសួងទេសចរណ៍​ប៊ុលហ្គារី​) កាលពី​ថ្ងៃទី​១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​អង្គសមាជ​អន្តរជាតិ​លើក​ទី​២​បានបញ្ចប់​ដោយ​ជោគជ័យ​ដោយមាន​ការផ្លាស់ប្តូ​រទ​ស្សន​ទាន បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​ក្នុងការ​គ្រប់គ្រង និង​រៀបចំ​បង្កើត​ការតភ្ជាប់​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​នៃ​ទ្វីប​ទាំង​៥ (​អឺរ៉ុប អាស៊ី អាមេរិក អាហ្វ្រិក និង​អូ​សេ​អា​នី​) ដើម្បី​ជំរុញ​កំណើន​ទេសចរ​ផង ការពារ​បេតិកភណ្ឌ​ផង និង​លើកកម្ពស់​សហគម៍​មូលដ្ឋាន​ផង​។

​បន្ទាប់មក​នា​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​ និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Nikolina Angelkova រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​ប៊ុលហ្គារី និង​បាន​ចុះហត្ថលេខា​លើ​អនុ​ស្សណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍ ដែលជា​ស្ពាន​ត​ភ្ជាប់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និត​រវាង​កម្ពុជា និង​ប៊ុលហ្គារី​។ អនុ​ស្សណៈ​យោគយល់​គ្នា​នេះ បាន​គូសបញ្ជាក់​ច្បាស់​ពី​ការសម្របសម្រួល​ការធ្វើ​ដំណើរ និង​ជំរុញ​ការតភ្ជាប់​តាមផ្លូវ​អាកាស ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​រួមគ្នា ការផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ ស្ថិតិ និង ឯកសារ​គោលនយោបាយ ច្បាប់​ទេសចរណ៍ ការអភិវឌ្ឍ​មូលធន​មនុស្ស និង​ការបណ្តុះ​បណ្តាល​​ជំនាញ​វី​ជ្ជា​ជីវៈ​ទេសចរណ៍ ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ផ្នែក​សាធារណៈ និង​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​ចូល​រួម​រាល់​ព្រឹត្តិការណ៍ សិក្ខាសាលា សន្និសីទ និង​កិច្ចប្រជុំ​នានា​ទៅវិញទៅមក​។

ដោយឡែក លោក​រដ្ឋមន្ត្រី​ក៏បាន​ជួប​និង​ពិភាក្សា​ការងារ​ជាមួយ​លោក Jaime Cabal Sanclemente អគ្គលេខា​ធិការរង​អង្គការ​ទេសចរណ៍​ពិភពលោក​។ នៅក្នុង​ជំនួប​នេះ ក្នុងនាម​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បានបង្ហាញ​គោលជំហរ​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា ឲ្យ​កាន់តែខ្លាំង​ឡើង​ថែមទៀត និង​គាំទ្រ​កម្ពុជា​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​សន្និសីទ​ទេសច​រណ៍​ពិភពលោក និង​កិច្ចប្រជុំ​អន្តរជាតិ​នានា​ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ស្ថិតក្នុង​គម្រោង​ផែនការ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​។

កម្ពុជា -​ប៊ុលហ្គារី ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរណ៍​

ដោយឡែកនៅក្នុង​ឱកាស​នៃ​កិច្ចពិភាក្សា​តុមូល​ថ្នាក់​រដ្ឋមន្ត្រីលោក ថោង ខុន ក្នុងនាម កម្ពុជា​បាន​ចូលរួម​បកស្រាយ និង​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយក​នាយករដ្ឋមន្ត្រី ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ ពិភពលោក​ដោយមាន​កា​រ​សហការ​យ៉ាង​ល្អជា​មួយអង្គ​ការ​យូ​នី​ស្កូ អង្គការ​ទេសចរណ៍​ពិភពលោក និង អង្គការ​អន្តរជាតិ​នានា ដោយនៅ​គ្រប់​តំបន់​បេតិកភណ្ឌ​ពិភពលោក​និ​មួយៗ​សុទ្ធ​តែមាន​រៀបចំ​នូវ​ផែនការមេ ក្នុងការ​អភិវឌ្ឍ (​តំបន់​ការពារ​ទី​១ ទី​២ ទី​៣) និង​ផែនការ​គ្រប់គ្រង​ទេសចរណ៍ (Tourism Management Plan) ពិសេស​បង្កើត​ឲ្យ​មាន​អាជ្ញាធរ​គ្រប់គ្រង​ដោយឡែក​នៅ​តំបន់​នីមួយៗ និង​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ (ICC) នៅ​គ្រប់​តំបន់​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ ពិភពលោក​។ ជាងនេះទៀត បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​អន្តរក្រសួង​មួយ​ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប (​រួមទាំង​ទីក្រុង​សៀមរាប អង្គរ ដែលជា​ច្រកចេញ ចូលទៅ​កាន់​តំបន់​បេតិកភណ្ឌ​អង្គរវត្ត​ដ៏​ល្បីល្បាញ​) ក្នុង​គោលដៅ​ដើម្បី​ធ្វើការ​គ្រប់គ្រង អភិវឌ្ឍ​តំបន់​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ​ពិភពលោក ប្រកបដោយ​និរន្តរភាព​ស្របតាម​ទស្សនទាន “​ការអភិរក្ស​បម្រើ​ដល់​ការអភិវឌ្ឍ និង​ការអភិវឌ្ឍ​បម្រើ​ដល់​ការអភិរក្ស​”​។

ទាក់ទង​ទៅនឹង​ខ្សែ​ទស្សនកិច្ច​បេ​តិ​កភណ្ឌ លោក ថោង ខុន បាន​បញ្ជាក់​​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន និង​កំពុង​រៀបចំ​ផ្សព្វផ្សាយ​កញ្ចប់​ទស្សនកិច្ច​បេតិកភណ្ឌ ដោយ​ចាប់ផ្តើម​ពី​បេតិកភណ្ឌ​អង្គរ ទៅកាន់​តំបន់​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ និង​តំបន់​បេតិកភណ្ឌ​ប្រាសាទ​សម្បូរ​ណ៍​ព្រៃ​គុក ដោយបាន​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្នែក​រឹង និង​ទន់ ដូចជា​ផ្លូវថ្នល់ អគ្គិសនី បណ្តាញ​ទូរ​សព្ទ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ផ្នែក​ម​គ្គុ​ទ្ទេស​ក៏ ពិសេស​ការកសាង​សហគមន៍​ទេសចរណ៍​មូលដ្ឋាន និង​តំបន់​ជុំវិញ និង​ការតភ្ជាប់​កញ្ចប់​ទស្សន​កិច្ច​ទៅកាន់ រាជធានី​ភ្នំពេញ តំបន់​សមុទ្រ និង​អេកូ​ទេសចរណ៍​ផ្សេងទៀត​៕សរន

#