កម្ពុ​ជាមាន​គម្រោង​ជួសជុល​ព្រះបរមរាជវាំង​ទីក្រុង​អង្គរធំ​នៅ​ឆ្នាំក្រោយ

362

ភ្នំពេញៈ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​ជួសជុល​ព្រះបរមរាជវាំង​ទីក្រុង​អង្គរធំ​ដែល​អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​ក្រោម​កិច្ចសហការ​និង​ជួយ​ដោយ​ប្រទេស​ចិន​។​
ប្រភព​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែតុលា​ថា អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បណ្ឌិត ស៊ុំ ម៉ាប់ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុម​រដ្ឋាភិបាល​ចិន​សម្រាប់​ការអភិរក្ស​អង្គរ ហៅ​កាត់​ថា ស៊ី​អេស​អេ​(CSA) អំពី​លទ្ធភាព​កិច្ចសហប្រតិបត្តិការ​ជួស​ជុល​ព្រះបរមរាជវាំង​ទីក្រុង​អង្គរធំ​ដែល​អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​។​ជំនួប​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៩​ខែតុលា​។​

​ប្រភព​បន្តថា​កិច្ចពិភាក្សា​បាន​ផ្តោត​សំខាន់​លើ​ការឯកភាព​ផ្នែក​បច្ចេកទេស​រៀបចំ​គម្រោង​ក្នុង​ជំហាន​ដំបូង ជាពិសេស​កំណត់​ទំហំ​នៃ​ដំណើរ​ការជួសជុល​និង​ពង្រឹង​រចនាសម្ព័ន្ធ​ទីតាំង​មួយចំនួន​ដូចជា​ផ្នែក​ខ្លះ​នៃ​កំពែង ខ្លោងទ្វារ​ព្រះ​បរម​វាជ​វាំង និង​ប្រាសាទភិមានអាកាស​។​
តំណាង​ស្ថាប័ន CSA លោក ស៊ូ យេន​(Xu Yen) អនុប្រធាន​បណ្ឌិតសភា​ចិន​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​​បាន​អរគុណ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ដែលជា​និច្ច​ជា​កាល​តែងតែ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ក្នុងពេល​កន្លងមក​និង​បានបង្ហាញ​ពី​ជំហរ​ដ៏​រឹងមាំ​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ចំណែក​បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានស្នើ​ឲ្យ​ភាគី​ចិន​ពិភាក្សា​ល្អិតល្អន់​និង​សហការ​ល្អជា​មួយ​នាយក​ដ្ឋា​ន​ជំនាញ​ផ្សេងៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ឲ្យ​ដំណើការ​នៃ​គម្រោង​នេះ​អនុវត្តបាន​ទៅដោយ​រលូន​។ លោក​បានបញ្ជាក់​ជូ​នភា​គី​ចិន​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ត្រៀមខ្លួន​រួចរាល់​អំពី​កិច្ចសហប្រតិបត្តិការ​នេះ​។​

​សូមបញ្ជាក់ថា​ស្ថាប័ន CSA នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចូលរួម​ជួសជុល​ប្រាសាទចៅសាយទេវតា​ក្នុង​ឆ្នាំ​១៩៩៨ និង​រួចរាល់​នៅ​ឆ្នាំ​២០០៨​។ រីឯ​ការជួសជុល​ប្រា​សា​តាកែវ​ចាប់ផ្តើម​នៅ​ឆ្នាំ​២០០៧ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧​ខាងមុខ​៕MN/​ដោយៈ​បញ្ញា​សាស្ត្រ​

កិច្ចពិភាក្សារវាងអាជ្ញាធរអប្សរាជាមួយមន្រ្តូស្ថាប័នស៊ីអេសអេចិន
បណ្ឌិត ស៊ុម ម៉ាប់
លោក ស៊ូយេន