កម្ពុ​ជាមាន​ប្លុក​ប្រេងកាត ២៥​កន្លែង ខណៈ​ប្រេងកាត​ត្រូវ​រំពឹង​ផលិត​បាន​នៅ​ចុងឆ្នាំ​នេះ​

447
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​:
លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើងថា កម្ពុ​ជាមាន​ប្លុក​ប្រេងកាត​ដែល​អាច​បូម​បាន​ចំនួន ២៥​កន្លែង​នៅក្នុង​ដែនសមុទ្រ និង​ដែន​គោក ខណៈ​មានការ​អះអាងថា​ដំណក់​ប្រេង​ដំបូង​អាច​ទាញយក​មកប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៩​នេះ​។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ឈ្វេងយល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត នៅ​ព្រឹក ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​។​

​លោក ស៊ុយ សែម បាន​លើកឡើងថា ក្នុង​ទស្សវត្សរ៍ ឆ្នាំ​១៩៧០ ក្រុម​ជំនាញ​ប្រេងកាត​របស់​បារាំង បានចាប់ផ្តើម​រុករក​ធនធាន​ប្រេងកាត ដោយបាន​ខួងអណ្តូង​ចំនួន​៣​កន្លែង នៅ​ដែនសមុទ្រ​កម្ពុជា ប៉ុន្តែ​សកម្មភាព​នេះ ត្រូវបាន​ផ្អាក​ទៅវិញ​ដោយសារតែ​សង្គ្រាម​។ លុះដល់​ឆ្នាំ​១៩៨៧ ការសិក្សា ស្រាវជ្រាវ​បានចាប់ផ្តើម​ឡើងវិញ ក្រោម​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​អ្នកជំនាញ​ប្រេងកាត អតីត​សហភាពសូវៀត ហើយ​គូស​ផែនទី​បែងចែក​ប្លុក​ស្វែង​រុករក​ប្រេងកាត ទូទាំងប្រទេស​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា ការ​គូស​ផែនទី​ប្រេងកាត​នេះ​ផ្អែក​ទាំងស្រុង​លើ​លក្ខ​ខណៈ​ភូ​គ​ព្ភ សាស្ត្រ​ទាំង​ដែន​គោក និង​ដែនសមុទ្រ ហើយ​មកដល់​បច្ចុប្បន្ន​កម្ពុ​ជាមាន​ប្លុក​ប្រេងកាត​ចំនួន​២៥​។ ក្នុងនោះ​ដែនសមុទ្រ ៦​ប្លុក ដែន​គោក ១៩​ប្លុក និង​៤​តំបន់​នៅ​ដែនសមុទ្រ​ត្រួតគ្នា​រវាង​កម្ពុជា​-​ថៃ​។​

​លោក​ស៊ុយ សែម បានឱ្យដឹង​ទៀតថា ដោយសារ​ឃើញ​ប្លុក​ប្រេងកាត​នៅ​កម្ពុជា មាន នោះ នៅក្នុង​ឆ្នាំ​១៩៩១ ក៏មាន​ការដេញថ្លៃ​ប្លុក​ប្រេងកាត​នៅ​ដែនសមុទ្រ​កម្ពុជា​លើកដំបូង ដោយ​កម្ពុជា​បានផ្តល់​សិទ្ធិ​រុករ​កនៅ​ដែនសមុទ្រ​ឱ្យ​ក្រុមហ៊ុន​ចំនួន​៣​។ ជាមួយគ្នានេះ នៅក្នុង​ឆ្នាំ​១៩៩៦ រាជរដ្ឋាភិបាល បានអនុញ្ញាត និង​ផ្តល់​សិទ្ធិ​ឱ្យ​សាជីវកម្ម​ប្រេងកាត​ជប៉ុន ធ្វើ ការវាស់ស្ទង់​តាម​អាកាស ដើម្បី​វាយតម្លៃ​ស្ថានភាព​ភូគព្ភសាស្ត្រ​ជុំវិញ​តំបន់​ទន្លេសាប និង តំបន់ ទន្លេ មេគង្គ​។ បន្ទាប់មក​នៅក្នុង​ឆ្នាំ​១៩៩៧ រាជរដ្ឋាភិបាល ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ប្រេងកាត ឱ្យ​ក្រុមហ៊ុន​ប្រេងកាត​អន្តរជាតិ​មួយចំនួន នៅ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួតគ្នា​កម្ពុជា​-​ថៃ​។ រដ្ឋមន្ត្រី ស៊ុយ សែម បង្ហាញ​ពី​សាវតារ​នៃ​ការរុករក​ប្រេងកាត​នៅ​កម្ពុជា និង​បានបង្ហាញ សកម្មភាព​សិក្សា​រុករក​ប្រេងកាត​នៅ​កម្ពុជា​កាន់តែ​ដំណើរការ ច្រើន​ឡើងវិញ​ទាំង​នៅក្នុង​ដែនសមុទ្រ និង​ដែន​គោក​។​

​ជាពិសេស​នៅក្នុង​ឆ្នាំ​២០០២ រាជ​រដ្ឋា​ភិ បាល​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក «A» ជាមួយ​ក្រុមហ៊ុន Chevron ដើម្បី​ធ្វើការ​ស្វែង រុករក​ប្រេងកាត​នៅ​ដែនសមុទ្រ​កម្ពុជា និង​ក្នុង​ឆ្នាំ​២០០៦ រាជរដ្ឋាភិបាល បានអនុញ្ញាត និង​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន Petroleum Geo-Services ធ្វើ​ការវាស់ស្ទង់ 2D Seismic ទាំង​ដែន​គោក និង​ដែនសមុទ្រ និង​បាន​ចុះ​កិច្ចព្រមព្រៀង ប្រេងកាត​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ ចិន ជប៉ុន វៀតណាម និង​ឥណ្ឌូណេស៊ី ដើម្បី​ធ្វើការ​ស្វែង​រុករក ដែល​ក្រុមហ៊ុន​ទាំងនោះ សុទ្ធតែជា​ក្រុមហ៊ុន​ជំនាញ និង​មានបទពិសោធន៍ និង​សមត្ថភាព​ហិរញ្ញវត្ថុ​ក្នុង​សកម្មភាព សិក្សា​ស្វែង​រុករក​ប្រេងកាត​នៅ​កម្ពុជា​។​

​លោក ជៀប សួរ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់បាន​ឱ្យដឹងថា កម្ពុជា​អាច​ផលិត​ប្រេង​បាន​នៅ​ចុងឆ្នាំ​២០១៩​នេះ ក្រោម​កិច្ចសហការ​រវាង​ក្រសួង ជាមួយ​ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ឲ្យ​បូម​ប្រេង​នៅ​អណ្តូង​អប្សរា​ក្នុង​ប្លុក A​។​

​អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ស្របពេល​ដំណក់​ប្រេងកាត​ដំបូង​របស់​កម្ពុជា បង្ហាញខ្លួន​នៅ​ចុងឆ្នាំ​២០១៩​នេះ រោងចក្រ​ចម្រាញ់​ប្រេងកាត​ដំបូង​គេ​របស់​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ក៏​នឹង​ដំណើរការ​ជំហាន​ដំបូង​របស់ខ្លួន​ផងដែរ​។ រោងចក្រ​នេះ​អាច​ចម្រាញ់​ប្រេង​បាន​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ ខណៈ​ជំហាន​ទី​២ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ សមត្ថភាព​ចម្រាញ់​ប្រេង នឹង​កើន​ឡើងដល់ ៥​លាន​តោន​ក្នុង​មួយឆ្នាំ​។​

​លោក ជៀប សួរ ថែមទាំង​បានឱ្យដឹង​ទៀតថា រោងចក្រ​ចម្រាញ់​ប្រេងកាត​ដំបូង​គេ​របស់​កម្ពុជា ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែឧសភា ឆ្នាំ​២០១៧ វិនិយោគ​ដោយ​ក្រុមហ៊ុន Cambodian Petrochemical Co.,Ltd និង​ក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd របស់​ចិន មាន​ទំហំ​ទឹកប្រាក់​ជាង ៦០០​លាន​ដុល្លារ​៕ ល​