កម្ពុ​ជាមាន​រថយន្ត​បំពាក់​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ និង​ផ្សែង​អ័ព្ទ​ឆ្លងដែន​

535

(​ស្រះកែវ​,​ថៃ​)៖​ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​នៃ​ព្រះរាជាណាចក្រ​ថៃ បានប្រគល់​រថយន្ត​បំពាក់​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ និង​ផ្សែង​អ័ព្ទ​ឆ្លងដែន​ដល់​តំណាង​ក្រសួងបរិស្ថាន​កម្ពុ​ជាកា​លពី​ថ្ងៃទី​២៦ ខែកក្កដា​ឆ្នាំ​២០១៧​ថែមទាំង​ជួយ​បណ្តុះបណ្តាល​ការប្រើប្រាស់​​ឧបករណ៍​តាមដាន​គុណភាព​ខ្យល់​និង​ផ្សែង​អ័ព្ទ​ឆ្លងដែន​នេះ​រយៈពេល​ពីរ​ខែ ។​


​ ​
​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា ពិធី​ប្រគល់​នឹង​ទទួល​រថយន្ត​បំពាក់​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ និង​ផ្សែង​អ័ព្ទ​ឆ្លងដែន បានធ្វើ​ឡើង​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ធនធានធម្មជាតិ និង​បរិ​​ស្ថាន នៃ​ព្រះរាជាណាចក្រ​ថៃ គឺ​លោក ជាក់​ទូ​ភុ​ន បរិ​សាត់​(Jatuporn Buruspant) តំណាង​ក្រសួង​ធនធានធម្មជាតិ​និង​បរិ​​ស្ថាន នៃ​ព្រះរាជាណាចក្រ​ថៃ និង​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​ ​
​លោក ស៊ូ សូ​វុ​ធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន​កម្ពុជា ដែល​ចូលរួម​ក្នុង​ពិធី​ប្រគល់​និង​ទទួល​រថយន្ត​បំពាក់​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ និង​ផ្សែង​អ័ព្ទ​ឆ្លងដែន​បានបញ្ជាក់​ឲ្យ​ដឹងថា ការបញ្ជូន​រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់​មក​ឲ្យ​កម្ពុជា​នាពេលនេះ ដើម្បី​ជាការ​ជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ខ្យល់ និង​សំឡេង​នៃ​ក្រសួងបរិស្ថាន​កម្ពុជា ។ ការបណ្តុះបណ្តាល​​នេះ មាន​រយៈពេល​ពីរ​ខែ​ដើម្បី​ឲ្យ​មន្ត្រី​បរិស្ថាន​កម្ពុជា មានការ​យល់ដឹង​បច្ចេកទេស សម្រាប់​ការគ្រប់គ្រង​នាពេលខាងមុខ ។​
​ ​
​លោក ស៊ូ សូ​វុ​ធ បាន​ឲ្យ​ដឹង​បន្ថែមថា ការបណ្តុះបណ្តាល​ដើម្បី​ការគ្រប់គ្រង​រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់​នេះ នឹងត្រូវ​បណ្តុះបណ្តាល​ដល់​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ខ្យល់ និង​សំឡេង​ក្រសួងបរិស្ថាន មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​ ពី​របៀប​ប្រើប្រាស់​ឧបករណ៍​នេះ៕សម្បត្តិ​កញ្ញា​