កម្ពុ​ជាមាន​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា លើកដំបូង​ដើម្បី​កែច្នៃ​ជា​ផលិតផល​ប្រេង​ច័ន្ទ​គ្រឹ​ស្នា​ដែលមាន​គុណភាព​ខ្ពស់​

362

(​ភ្នំពេញ​) ៖​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការបើកចំហរ​ទីផ្សារ​ច័ន្ទ​ន៍​ក្រឹ​ស្នា និង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា តាម​បច្ចេកវិទ្យា​ទំនើប និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ក្រឹ​ស្នា​រវាង​ក្រុមហ៊ុន​កម្ពុជា​-​ថៃ​ដែល​រៀប​​ចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានចាត់ទុក​ព្រឹត្តិការណ៍​បង្កើត​រោង​​ចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា ឆ្លុះ​បង្ហាញ​ពី អំពី​ទំនុកចិត្ត​របស់​វិនិយោគិន មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​ដំបូង​គេ​នេះ​នឹង​ជំរុញ​ទីផ្សារ​សម្រាប់​ផលិតផល​ខ្លឹមចន្ទន៍​គ្រឹ​ស្នា​​នៅ​កម្ពុជា និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ជាមួយ​​រាជរដ្ឋាភិបាល​។ លើសពីនេះ ព្រឹត្តិការណ៍​នេះ​ក៏​នឹង​រួមចំណែក​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ព្រមទាំង​ជួយ​ជំរុញ​​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់​ដ៏ ឲ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ថែមទៀត​ទាំង​បច្ចុប្បន្ន និង​អនាគត​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា “…​ពាណិជ្ជកម្ម​ច័ន្ទ​ន៍​គ្រឹះ​ស្នា មាននៅ​កម្ពុជា​តាំងពី​សម័យបុរាណ​ហើយ​មាន​តម្រូវការ​ខ្ពស់​​សម្រាប់​ទីផ្សារ​នៃ​ប្រទេស​អារ៉ាប់​…​បច្ចុប្បន្ន កម្ពុ​ជាមាន​ដើម​ច័ន្ទ​ន៍​គ្រឹះ​ស្នា​ប្រមាណ​ជាង​១​លាន​ដើម​ហើយ​ផលិតផល​ដែល​ចម្រាញ់​ចេញ​​ពី​រោងចក្រ​ថ្ងៃនេះ នឹងមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ អាចឆ្លើយតប​តម្រូវកា​រ​ទីផ្សារ​ក្នុងស្រុក​និង​ពិភពលោក​…​ក្រៅពី​ការប្រើប្រាស់​​បច្ចេកវិទ្យា​ទំនើប ជាមួយ​ថ្នាំ​វ៉ាក់សាំង ដើម្បី​ធ្វើ​ឲ្យ​ដើម​ច័ន្ទ​ន៍​គ្រឹ​ស្នា​មាន​គុណភាព​ក្រុមហ៊ុន​នឹង​ពង្រីក​ការនាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​​អន្តរជាតិ​សំខាន់ៗ​ផងដែរ​…”​។​

​សូម​បញ្ជក់​ថា តាមរយៈ​អនុស្សរណៈ​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ន៍​ក្រឹ​ស្នា ដែល​បាន​ចុះហត្ថលេខា​ថ្ងៃនេះ​ក្រុមហ៊ុន​​ធូប​ច័ន្ទ​ន៍​ក្រឹ​ស្នា​ខ្មែរ និង​ក្រុមហ៊ុន First Capital Global (FCG) នៅក្នុង​ប្រទេស​ថៃ នឹង​សហការ​ពង្រឹងគុណភាព​ព្រមទាំង​បង្កើត​​រាល់​គម្រោង​នានា ទាក់ទង​នឹង​អាជីវកម្ម​ខ្លឹម​ច័ន្ទ​គ្រឹ​ស្នា​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ទាំងពីរ​គ្រោង​នឹងដាក់​បញ្ចូល​ខ្លឹម​ច័ន្ទ​ន័​គ្រឹះ​​ស្នា​ប្រហែល ១​លាន​ដើម សម្រាប់​ដំណាក់កាល​ទី​១ ដែលមាន​រយៈពេល ៩​ខែ​ដើម្បី​កែច្នៃ​ជា​ផលិតផល​ប្រេង​ច័ន្ទ​គ្រឹ​ស្នា​ដែលមាន​គុណភាព​​ខ្ពស់ សំដៅ​ប្រែក្លាយ​កម្ពុជា ឲ្យ​ទៅជា​ប្រទេស​ផលិត​ប្រេង​ច័ន្ទ​ន៍​គ្រឹ​ស្នា​ដ៏​ល្បីល្បាញ នៅលើ​ឆាក​អន្តរជាតិ​នាពេល​អនាគត​៕​ដោយ​៖​វិបុល​/sn