កម្ពុ​ជាមាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់យក​ប្រយោជន៍​ពី​បដិវត្តន៍​វិស័យ​ទេសចរណ៍​

1404
ចែករម្លែក

​ដោយ​: បូកគោ / កំពត​: បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ឬ​បដិវត្តន៍​វិស័យ​ទេសចរណ៍​នឹង​នាំមក​នូវ​ការអភិវឌ្ឍ​ជា​វិជ្ជមាន សម្រាប់​ប្រជាជាតិ​ទាំងមូល​។ កម្ពុ​ជាមាន​សក្តានុពល​ខ្ពស់ ក្នុងការ​ចាប់យក​ប្រយោជន៍ ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហ​កម្មនេះ​។​

​ក្នុងឱកាស​ទិវា​ទេសចរណ៍​ពិភពលោក ២៧ កញ្ញា រៀបចំឡើង​នៅ​សាលប្រជុំ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល លោ​កជឹង ផល្លា អភិបាលរង​ខេត្តកំពត បាន​មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន ឌីជីថល​រូបនីយកម្ម​បានក្លាយ​ជា​កាតាលីករ​កំណើន​ថ្មី​មួយ ដែល​ធ្វើឱ្យ​ប្រទេស​អភិវឌ្ឍ​តិចតួច ឬ​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​អាច​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​មានឱកាស​ហក់​រំលង​ពី​ឧស្សាហកម្ម​បែប​ប្រពៃណី ឆ្ពោះទៅកាន់​ឧស្សាហកម្ម​ធុន​ទំនើប​។ បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ឬ​បំលាស់ប្តូរ​វិស័យ​ទេសចរណ៍​នឹង​នាំមក​នូវ​ការអភិវឌ្ឍ​ជា​វិជ្ជមាន​សម្រាប់​ប្រជាជាតិ​ទាំងមូល​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​កម្ពុជា​មា​នស​ក្តា​នុព​ល​ខ្ពស់​ចំពោះ​ការចាប់យក​ប្រយោជន៍​ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​តាមរយៈ​ការត្រៀម​លក្ខណៈ​សម្រប​ខ្លួន ខណៈដែល​បដិវត្តន៍​នៃ​វិស័យនេះ​កំពុង​បង្ហាញ​ពី​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ពិភពលោក​ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង​នូវ​ការកំណត់​ឡើងវិញ​នៃ​កត្តាផលិតកម្ម ឥរិយាបថ​ប្រើប្រាស់ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផ្អែកលើ​ការប្រើ​បញ្ញា​សិប្បនិម្មិត មនុស្ស​យន្ត ការបោះពុម្ព​ស្រ៊ី​ឌី​(3D)​។​ល​។

​កាលា​នុ​វ​ឌ្ឍ​ភាព​ក្នុង​ការចាប់យក​ប្រយោជន៍​ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​គឺ​ផ្អែកលើ​កត្តា​សក្តានុពល​មួយចំនួន រួមមាន ការកើនឡើង​នូវ​ចំនួន​យុវជន​មានចំណេះដឹង និង​និន្នាការ​ចាប់យក​បាន​លឿន​នូវ​បច្ចេកវិទ្យា​ឌីជីថល​។ លោ​កជឹង ផល្លា​បាន​បញ្ជាក់ថា​បច្ចេកវិទ្យា​ទាំងនេះ​បានធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ​ក្នុង​ល្បឿន​យ៉ាង​លឿន​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​វិស័យ​ផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្ម​ទេសចរណ៍ ធុរកិច្ច រដ្ឋបាល​សាធារណៈ​ជាដើម​។ កំណើន​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត និង​ទូរ​សព្ទ​វ័យឆ្លាត ជាមួយនឹង​អត្រា​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ខ្ពស់​។ លំហូរ​នៃ​កា​រិ​និ​យោគ​ពី​ក្រៅប្រទេស​ដែល​នាំមក​នូវ​បច្ចេកវិទ្យា​។ លើសពីនេះ ឌីជីថល​រូបនីយកម្ម​បាន និង​កំពុង​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យសេដ្ឋកិច្ច​សំខាន់ៗ ដូចជា ពាណិជ្ជកម្ម​អេឡិចត្រូនិក ស្រប​ពេលដែល​ភ្ញៀវទេសចរ​កំពុង​សម្រប​ខ្លួន​ជា​បណ្តើរៗ​ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទាំងនេះ​៕