កម្ពុ​ជាមាន​សេវាកម្ម​ដំបូងបង្អស់​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​លើ​ថ្លៃ​សេវា ឬ​ថ្លៃ​អចលនទ្រព្យ

1241
ចែករម្លែក
  • 66
    Shares

ដោយ​: សុផល / ភ្នំពេញ​: កម្ពុជា​ឥឡូវនេះ​មាន​សេវាកម្ម​ដំបូងបង្អស់​ក្នុងការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​លើ​ថ្លៃ​សេវា ឬ​ថ្លៃ​អចលនទ្រព្យ​ដែល​នឹងធ្វើ​មាន​ងាយស្រួល​ក្នុងការ​ឱ្យទទួល​សេវា​ហិរញ្ញវត្ថុ​។​

​ធនាគារ​ឯកទេស​វី​ង​និង​ក្រុមហ៊ុន អចលនទ្រព្យ ខេ​ប​ភី​ថ​ល មេន​នេ​ច​មិន សូ​លូ​សិន​បាន​ចុះ​កិច្ច​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ដំបូងបង្អស់ ក្នុងការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​លើ​ថ្លៃ​សេវា ឬ​ថ្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​(​រូបៈ​សុផល​)

​នៅ​រសៀល​ថ្ងៃទី​២២​ខែសីហា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ផា​ឡេស​ហ្គេ​ត​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ដែល​ផ្តល់​សេវាកម្ម​ធនាគារ​ចល័ត​នាំមុខគេ​នៅ​កម្ពុជា​និង​ក្រុមហ៊ុន អចលនទ្រព្យ ខេ​ប​ភី​ថ​ល មេន​នេ​ច​មិន សូ​លូ​សិន (​ស៊ី អ៊ឹម អេស​)​បាន​ចុះ​កិច្ច​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ដំបូងបង្អស់ ក្នុងការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​លើ​ថ្លៃ​សេវា ឬ​ថ្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​។​

​ភាពជា​ដៃគូ​នេះ នឹង​អនុញ្ញាតឱ្យ​អតិថិជន​ដែលមាន​ទំនុកចិត្ត​លើ​សេវាកម្ម​ឥតខ្ចោះ ដែល​ផ្តល់ជូន​ដោយ​ភ្នាក់ងារ ស៊ី អ៊ឹម អេស បង់ថ្លៃ​ជួល​ប្រចាំខែ ថ្លៃ​ទឹក​ភ្លើង ថ្លៃ​គ្រប់គ្រង និង​សេវាកម្ម​ផ្សេងៗ​ទៀត បាន​យ៉ាង​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព តាមរយៈ​សេវា​ធនាគារ​ចល័ត​ដែល​ផ្តល់ជូន​ដោយ​វី​ង​។ អតិថិជន​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​ទាំងនេះ ដោយ​ចូល​ទៅកាន់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ឬ​វាយ​លេខ​កូដ USSD * 989 # ក៏ដូចជា​ទៅកាន់​ភ្នាក់ងារ​ជាង​៥០០០​កន្លែង ទូទាំងប្រទេស​ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​។

​មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង​បាន​ប្រាប់​ឲ្យ​ដឹងថា ការចាប់​ដៃគូ​រវាង​ធន​គារ​ឯកទេស​វី​ង និង​ភ្នាក់ងារ​អចលនទ្រព្យ ស៊ី អ៊ឹម អេស​មិន​ត្រឹមតែ​រួមចំណែក​ក្នុងការ​ធ្វើ​មាន​ងាយស្រួល​ក្នុងការ​ឱ្យទទួល​សេវា​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ​។ ជាក់ស្តែង វា​ក៏​ចូលរួមចំនែក​ជួយ​ដល់​ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការបង្កើត​ប្រព័ន្ធ​អេកូ​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ ដែលជា​លទ្ធផល​នៃ​ការរួមបញ្ចូល​គ្នា​រវាង​ការច្នៃប្រឌិត និង​ការ​រចនា​ដែល​គិតដល់​អ្នកប្រើប្រាស់​ជាធំ​។​

​លោក ម៉ា​ឡូ​ឡូ​ស បាន​បន្តថា “​យើង​មានបំណង​ផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន​របស់​ស៊ី អ៊ឹម អេស ក្នុងការ​បង់ថ្លៃ​ជួល​ក៏ដូចជា​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​តាម​ប្រព័ន្ធ​ឌីជីថល ដែលជា​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ផ្តល់ជូន​ដោយ​វី​ង ដែល​អាច​ឲ្យ​អតិថិជន​ធ្វើការ​ទូទាត់​តាមរយៈ​ទូរស័ព្ទ​ប្រភេទ​ស្មា​ត​ហ្វូ​ន ឬ​ទូរស័ព្ទ​ធម្មតា បាន​យ៉ាង​ងាយស្រួល​នៅ​គេហដ្ឋាន​របស់​ពួកគេ ឬ​នៅ​គ្រប់​ទីកន្លែង​”​។​

​លោក ចូ​វ៉ា​នី អេ​ន​តូ​នី​ញ៉ូ នាយក​គ្រប់គ្រង ភ្នាក់ងារ​ស៊ី អ៊ឹម អេស មានប្រសាសន៍ថា​ក្រុមហ៊ុន​តែងតែ​ស្វែងរក​វិធីសាស្ត្រ​ដែល​ល្អប្រសើរ​ជាង​មុន​ដើម្បីឱ្យ​ប្រាកដថា អតិថិជន​របស់​យើង​ពេញចិត្ត​នឹង​សេវាកម្ម​របស់​យើង ចាប់ពី​ពេលដែល​ពួកគេ​មក​ទទួល​សេវាកម្ម​ណែនាំ​ទាក់ទង​នឹង​ការវិនិយោគ​អចលនទ្រព្យ រហូតដល់​ពេលដែល​ពួកគាត់​សម្រេចចិត្ត​ក្លាយជា​ម្ចាស់​អចលនទ្រព្យ​នោះ​។​

​លោក អេ​ន​តូ​នី​ញ៉ូ បាន​លើកឡើងថា “​យើង​បានឃើញ​ឧទាហរណ៍​ជាច្រើន ដែល​ធនាគារ​ឯកទេស​វី​ង​បានធ្វើ​កន្លងមក​ពាក់ព័ន្ធ​នឹង​ការបង្កើត​ប្រព័ន្ធ​អេកូ​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ ជាមួយ​ស្ថាប័ន​នានា​។ ហេតុដូច្នេះ ស៊ី អ៊ឹម អេស បាន​បង្កើត​យុទ្ធសាស្ត្រ​ដែល​នឹងធ្វើ​ឱ្យ​យើង​ក្លាយទៅជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដំបូង​គេ​ដែល​បាន​ធ្វើជា​ដៃគូ​សហការ​ជាមួយ​ធនាគារ ដើម្បី​ណែនាំ​ដំណោះស្រាយ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​គ្រប់គ្រង​អចលនទ្រព្យ​។ ទាំងនេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន​យើង​ក្នុងការ​រួមបញ្ចូល​គ្នា​នូវ​សេវាកម្ម​អចលនទ្រព្យ និង​បច្ចេកវិទ្យា ហើយ​យើង​សង្ឃឹមថា ការនាំមក​ជូន​ថ្មី​នេះ នឹង​ក្លាយជា​ឲ​កាស​នៃ​ការច្នៃប្រឌិត​ថ្មីៗ​ក្នុង​វិស័យ​សេវាកម្ម​អចលនទ្រព្យ ដែល​ស្រដៀង​ទៅនឹង​សេវាកម្ម​នៅក្រៅ​ប្រទេស​ផងដែរ​។​

​សូមបញ្ជាក់ថា​ដើម្បី​ងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទដៃ អតិថិជន​ស៊ី អ៊ឹម អេស ត្រូវតម្រូវ​ឲ្យ​ចុះឈ្មោះ​បង្កើត​គណនី​វី​ង​។ ដើម្បី​បង្កើត​គណនី​វី​ង អតិថិជន​អាច​ទាញយក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​បំពេញ​ព័ត៌មាន​មួយចំនួន​។ ពួកគេ​ក៏​អាច​ទៅកាន់​ភ្នាក់ងារ​វី​ង ខាស អ៊ិ​ច​ប្រេ​ស ឬ​វី​ង​មី​នី​ដើម្បី​ទទួលបាន​គណនី​នេះ​។ ជាមួយនឹង​បច្ចេកវិទ្យា​ផ្តល់ជូន​ដោយ​វី​ង ពួកគេ​ក៏​អាចធ្វើ​ប្រតិបត្តិការ​ជាច្រើន​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង រួមមាន​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ ទិញ​ទំនិញ​តាម​អន​ឡាញ ផ្ទេរប្រាក់​និង​ជាច្រើន​ទៀត​។​
​អ្នកឧកញ៉ា គិត លី​ផាន់​ណា នាយក​ប្រតិបត្តិ​ភ្នាក់ងារ ស៊ី អ៊ឹម អេស បាន​មានប្រសាសន៍ថា “​គោលដៅ​មួយ​ដ៏​សំខាន់​របស់​យើង​នៅ​ឆ្នាំនេះ គឺ​ការកែលម្អ​ឥតឈប់ឈរ​នៅក្នុង​ដំណើរការ​លើកកម្ពស់​កា​រ​ផ្តល់ជូន​សេវាកម្ម​អតិថិជន​របស់​យើង​។​យើង​បាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ទីផ្សារ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន​ហើយ​បាន​វិភាគ​ពី​ដំណើរការ​របស់​វា​។ យើង​បាន​រកឃើញថា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្កើន​សមត្ថភាព​សេវាកម្ម​របស់​យើង​គឺ​តាមរយៈ​ការច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​។ នេះ​រួមបញ្ចូល​ទាំង​ការចាប់​ដៃគូ​សហការ​ជាមួយ ធនាគារ ឯកទេស​វី​ង​ផងដែរ​។ លើសពីនេះ​ទៀត យើង​ក៏បាន​បង្កើត​សេវាកម្ម​ទីផ្សារ​ផ្ទាល់ខ្លួន​របស់​យើង​ដែល នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បរិបថ​នៃ​ការជួល​អចលនទ្រព្យ​និង​អត្រា​ជោគជ័យ​របស់​អតិថិជន​របស់​យើង​។ យើង​ចង់​ប្រកាស​ជា​ផ្លូវការ​នូវ​សេវាកម្ម​នេះ​នាពេល​អនាគត​។ ការផ្តោត​ការយកចិត្ត​របស់​យើង​នឹង​បន្ត​ធានា​ឲ្យ​បាន​នូវ ដំណើរការ​បទពិសោធ​ន៍​អតិថិជន​ដ៏​អស្ចារ្យ សម្រាប់​អតិថិជន​របស់​យើង​ទាំងអស់​ទោះបីជា​ពួកគេ​ជា​អ្នក​អភិវឌ្ឍ អ្នកកាន់កាប់ ឬ​អ្នក​ជួល​អចលនទ្រព្យ​ក៏ដោយ​។​

​គួរ​ជម្រាប​ថា​អ្នកជំនាញ​និង​វិនិយោគិន​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​ទទួលបាន​កំណើន​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ​២០១៨​។ គេ​ប៉ាន់ប្រមាណ​ថា យ៉ាងហោចណាស់​មាន​ខុន​ដូ​ចំនួន ១៣,០០០ បន្ថែមទៀត​នឹងមាន​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ ២០១៨​ខណៈពេលដែល​តម្រូវកា​រ​ជួល​ការិយាល័យ​នៅតែ​ជា​តម្រូវការ ជាពិសេស​អគារ​ថ្នាក់ B និង​ថ្នាក់ C ដែលជា​អាគារ​ដែលមាន​តម្រូវការ​ខ្ពស់ នៅក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​នេះ​៕ ល​

#