កម្មករនិយោជិត​នឹងត្រូវ​បាន​ឈប់សម្រាក​បី​ថ្ងៃ ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​ខាងមុខ​

1381
ចែករម្លែក
  • 31
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: ក្រោយ​ទទួលបាន​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្នើ​ដល់​ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ចំនួន​បីថ្ងៃ ដើម្បី​ចូលរួម​បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​។

​តំណាង​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់​ក្នុងស្រុក​បាន​ឯកភាព​ទាំងស្រុង​ក្នុងការ​ចូលរួម​អនុវត្ត​លើ​ការងារ​នេះ និង​អំពាវនាវ​បន្ថែម​ដល់​កម្មករនិយោជិត​ទាំងអស់ សូម​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផងដែរ​។​
​ថ្លែង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា​កន្លងទៅ លោកស្រី ឡាក់ ដា​រា​មុនី ប្រធាន​ផ្នែក​ធនធានមនុស្ស​នៃ​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់ រ៉ូ​ស៊ី​ង ហ្គា​មិន ស្ថិតក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ការផ្តល់​ថ្ងៃ​ឈប់សម្រាក​ដល់ក​ម្មករ​និយោជិត​នេះ​មិនមាន​ផលប៉ះពាល់ ឬ​មានការ​បង្ខំ​ណាមួយ​ទេពី​រាជរដ្ឋាភិបាល ព្រោះថា​ការចូលរួម​បោះឆ្នោត​គឺមាន​សា​រ​សំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​គ្រប់ៗ​រូប​ដើម្បី​បំពេញ​តួនាទី​។​

​ដោយឡែក តំណាង​ក្រុមហ៊ុនកាត់ដេរ​ចំនួន​ពីរ​ផ្សេងទៀត គឺ​លោក សុទ្ធ វិសាល ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន ម៉ូរៀ ហ្កា​មិន ខ​ប និង​លោក សុខ ឧ​ត្ត​ម​ទីប្រឹក្សា​ផ្នែក​ច្បាប់ និង​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ធនធានមនុស្ស នៃ​ក្រុមហ៊ុន ហៃ ថា​ន់ ហ្គា​មិន បាន​យល់ឃើញថា ដើម្បី​ប្រទេសជាតិ​រីកចម្រើន​បន្ត​ទៅមុខទៀត ការចូលរួម​បោះឆ្នោត​ពិតជា​សំខាន់​ណាស់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ ហើយ​ការផ្តល់​ថ្ងៃ​ឈប់សម្រាក​នេះដែរ ក្រុមហ៊ុន​ក៏បាន​ត្រៀម​ប្រាក់​ឈ្នួល បើក​ជូន​កម្មករនិយោជិត​ជាមុន​ចំនួន​៥០​ភាគរយ​។​

​សូម​រម្លឹកថា កាលពី​កន្លងទៅនេះ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ថា ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​កម្មករនិយោជិត​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ចំនួន​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ដោយ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ជូន​កម្មករនិយោជិត​ដដែល និង​រៀបចំ​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ឲ្យ​បាន​មុន​ថ្ងៃទី​២៧ ខែកក្កដា​។ ក្នុងនោះ​បើ​ពុំមាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​បាន​ទាន់ពេលវេលា​ទេ សូម​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត ទទួល​ប្រាក់​បុរេប្រទាន​យ៉ាងតិច​៥០​ភាគរយ​៕ ល​/សរន