កម្មករ​ចំណាកស្រុក​ជិត​១​លាន​នៅ​ថៃ​មិនទាន់​ចុះបញ្ជី តែ​រយៈពេល​សល់​តែមួយ​អាទិត្យ​

1802
ចែករម្លែក
  • 19
    Shares

​កម្មករ​ចំណាក់ស្រុក​បរទេស​ជាង​៩៥០.០០០​នាក់​នៅ​មិនទាន់​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​ថៃ​នៅឡើយ​ទេ ខណៈដែល​នៅសល់​ពេល​តែមួយ​​សប្តាហ៍​ប៉ុណ្ណោះ​សម្រាប់​ការចុះឈ្មោះ​ដើម្បី​បានការ​អនុញ្ញាត​អោយធ្វើ​ការ​នៅ​ថៃ​ដោយ​ស្របច្បាប់​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ ឧ​ត្ត​ម​សេនីយ៍ អាប់​ឌុល សាង​ស៊ី​ង​កែវ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បានប្រកាសថា ដើម្បី​ត្រៀម​ទទួល​ពលករ​ចំណាក​​ស្រុក​ដ៏៏​ច្រើន​ដែល​នឹង​សំរុក​មក​ចុះឈ្មោះ​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​កាលកំណត់​នៅ​ចុងខែ​នេះ ក្រសួង​ដាក់​វិធានការ​បី រួមមាន ១.​កាត់​​បន្ថយ​ដំណើរការ​ចុះបញ្ជី ២.​បន្ថែម​ម៉ោង​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ​(OSS)​និង​ទី​៣​គឺ បន្ថែម​កន្លែង​ចុះឈ្មោះ​។​

​ហ្វូង​ពលករ​ដ៏​ធំ​និង​និយោជក​របស់គេ​បានមក​តំរៀបជួរ​ចាំ​នៅ​មជ្ឈមណ្ឌល​OSS​នៅ​ក្រសួង​ការងារ​កាលពី​ម្សិលមិញ​ដើម្បី​ចុះឈ្មោះ​សុំ​​លិខិត​ការងារ​។​ពលករ​ជាច្រើន​បាន​និយាយថា ពួកគេ​ត្រូវ​រង់ចាំ​ជាង​៦​ម៉ោង​មុន​ដំណើរការ​ចុះឈ្មោះ​ចាប់ផ្តើម​។​

​លោក​អាប់​ឌុល បាន​និយាយថា មាន​ពលករ​កម្មករ​បរទេស​ប្រមាណ​១,៧​លាន​នាក់​ដែល​ត្រូវ​ចុះឈ្មោះ​សុំ​ប័ណ្ណ​ការងារ​។​តែ​ទោះជា​យ៉ាងណា​​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៣​មីនា មានតែ​៧២៧.៩០២​នាក់​បាន​ឆ្លងកាត់​ដំណើរការ​នេះ មានន័យថា​នៅសល់​៩៥៩.៥៧១​នាក់​ទៀត​។​

​ក្រសួង​ការងារ​ថៃ​បានចាប់ផ្តើម​ការងារ​ចុះបញ្ជី​ពលករ​នេះ​ចាប់តាំងពី​ថ្ងៃ​៥​កុម្ភៈ និង​រំពឹងថា​នឹង​បញ្ចប់​នៅត្រឹម​ថ្ងៃ​៣១​មីនា​។​វិធានការ​​នេះ​មានបំណង​អោយ​កម្មករ​ពលករ​ដែ​ល​ចូលមក​ធ្វើការ​នៅ​ថៃ​ដែល​មិន​ឆ្លងតាម​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ណាមួយ បាន​សិទ្ធិ​​ធ្វើការ​ដោយ​ស្រ​ច្បាប់​នៅ​ថៃ​និង​ទទួល​លិខិត​ការងារ​រយៈពេល​២​ឆ្នាំ​។​

​រដ្ឋមន្ត្រី​ការងារ​ថៃ​បាន​បញ្ជាក់ថា ពលករ​ដែល​មិនបាន​ចុះឈ្មោះ​និង​មិនបាន​បន្ត​ទិដ្ឋាការ​ការងារ​របស់គេ​ទេ នឹងត្រូវ​ចាកចេញ​​ពី​ប្រទេស​ថៃ ហើយ​អាច​ត្រូវ​ចោទប្រកាន់​ពីបទ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​ដោយ​ខុសច្បាប់​និង​អាច​រង​ការពិន័យ​៥០.០០០​បាត​។​

​យោងតាម​រដ្ឋាភិបាល​ថៃ នេះ​ជា​ឱកាស​ចុងក្រោយ​សម្រាប់​ពលករ​ក​ម្មករ​បរទេស​ដែល​ធ្លាប់តែ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ថៃ​ដើម្បី​ផ្លាស់​​ប្តូរ​ឋានៈ​របស់គេ​មកជា​ពលករ​ស្របច្បាប់​មុន​ច្បាប់​ការងារ​បរទេស​ចូល​ជាធរ​មាននៅ​ចុងខែ​មិថុនា​៕​ដោយ​៖​វាសនា​