ដោយៈចាន់តូ/ភ្នំពេញៈកម្មករកម្មការនីរោងចក្រ ប្រមាណជិត១០០នាក់ ក្រោយពីរោងចក្រក្ស័យធន់ ថៅកែគ្មានលុយបើកឲ្យកម្មករ អស់រយៈពេល៣ថ្ងៃទៅហើយ ពុំមានដំណោះស្រាយ ទើបកម្មករនាំគ្នាដង្ហែរយកញត្តិទៅដាក់នៅក្រសួងការងារ។ កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ហើយត្រូវបាន សមត្ថកិច្ច អាជ្ញាធរ ឃាត់ត្រង់ចំណុចមុខសាលាសង្កាត់កាកាប១ តាមផ្លូវសហព័ន្ធរុស្សី ខណ្ឌពោធិសែនជ័យ ហើយសុំឲ្យកម្មករទាំងនោះវិលត្រឡប់ទៅរោងចក្រវិញ ដើម្បីរកដំណោះស្រាយមួយជំហានសិន ។
តាមសម្តីកម្មករបានឲ្យដឹងថា រោងចក្រខាងលើ គ្មានស្លាកយ៉ីហោទេ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។ កម្មករបន្តទៀតថា ធ្វើការងារឲ្យក្រុមហ៊ុនខាងលើ ពេញមួយខែទៅហើយ ថៅកែមិនទាន់បើកប្រាក់ឈ្នួលឲ្យនៅឡើយ សន្យាថ្ងៃនេះ ថ្ងៃនោះ រហូតមកដល់ថ្ងៃទី២៩ ខែមរសា ឆ្នាំ២០១៨នេះ ខាងក្រុមហ៊ុន បែជាលួចដឹកឥវ៉ាន់ ម៉ាស៊ីនដេរ ចេញបាត់អស់ ជាបណ្តើរៗ ខណៈដែល ថៅកែមិនទាន់ទូទាត់ប្រាក់ឈ្នួលឲ្យកម្មករ ។
លុះរហូតមកដល់ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ កម្មករចំនួនជិត១០០នាក់ នាំគ្នាយកញត្តិដង្ហែរយកទៅក្រសួងការងារ តែត្រូវបានសមត្ថកិច្ច អាជ្ញាធរ ហាមឃាត់ ខណៈដែល ម៉ូតូជិះធ្វើដំណើរ ភាគច្រើនគ្មានមួកសុវត្តិភាព ឃាត់ឲ្យវិលត្រឡប់ទៅរោងចក្រវិញ ។តាមសមត្ថកិច្ច អាជ្ញាធរ បានឲ្យដឹងថា ដើម្បីរក្សានូវ សុវត្តិភាព សណ្តាប់ធ្នាប់ សមត្ថកិច្ចឃាត់កម្មករទាំងនោះ ដើម្បីឲ្យវិលត្រឡប់ទៅរោងចក្រវិញ រងចាំអាជ្ញាធរចុះទៅរោងចក្រដលម្បីស្វែងរកដំណោះស្រាយមួយជំហានសិន ៕S/