កម្មករ​ជីក​ត្បូង​២​នាក់​ស្លាប់ ដោយ​បាក់​រណ្តៅ​ដី​ជីក​ត្បូង ជម្រៅ​ជាង​២០​ម៉ែត្រ​

891

(​រតនគិរី​) ៖ បុរស​ជា​កម្មករ​ជីក​ត្បូង​២​នាក់​ស្លាប់​ភ្លាមៗ ដោយសារ​បាក់​រណ្ដៅ​ដី​ជីក​ត្បូង​សង្កត់ ខណៈ​ចុះ​រុករក​ត្បូង​ក្នុង​រណ្តៅ​ដី ដែលមាន​ជម្រៅ​ជាង​២០​ម៉ែត្រ​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​២​និង ២៥​នាទី​រសៀល ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ ត្រង់ចំណុច​រណ្តៅ ជីក​ត្បូង ស្ថិតនៅ​ភូមិ​ចង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់ ។​

​តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា នៅវេលា ម៉ោង​ខាងលើ មាន​ករណី​បាក់​រណ្ដៅ​ដី​ជីក​ត្បូង ហើយ​សង្កត់​ស្លាប់ មនុស្ស​២​នាក់ ទី​១.​ឈ្មោះ ធើ​ង រិ​ទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជន ជាតិ​ទំពួន មុខរបរ​កម្មករ​ជីក​ត្បូង និង​ទី​២.​ឈ្មោះ ញឹម ធើ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កម្មករ​ជីក​ត្បូង​។ ជនរងគ្រោះ​ទាំង ២​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​កា​ណា​ង​លើ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្តរតនគិរី ។​

​មន្ត្រីនគរបាល​ខាងលើ​បាន​បន្តថា ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ទាំង​២​នាក់ ពិតជា​ស្លាប់​ដោយ សារ​ដី​បាក់​សង្កត់​ពិតមែន មិនមាន​ជាប់​ពាក់ព័ន្ធ​ករណី​ផ្សេង​ទេ​។ មន្ត្រី​ដដែល​បន្ថែមថា ស្របពេល​រដូវវស្សា មាន​ភ្លៀង​ធ្លាក់ ខ្លាំង ដី​ងាយ​នឹង​បាក់​ច្រោះ ទើប​បណ្តាល​ឲ្យ​បាក់​សង្កត់​ស្លាប់​បែបនេះ តែម្តង​៕L ដោយ​៖ លីន​ណា​