កម្មករកាត់ដេរបង់ក្លាដែសរាប់ពាន់នាក់ ដែលដេរសម្លៀកបំពាក់សម្រាប់ក្រុមហ៊ុនម៉ាកល្បីៗនៅទូទាំងពិភពលោក បានដើរចេញពីការងារកាលពីថ្ងៃអាទិត្យទី១៣មករាហើយបានប៉ះទង្គិចជាមួយប៉ូលិស ខណៈដែលការតវ៉ាប្រឆាំងនឹងប្រាក់ឈ្នួលទាបឈានចូលសប្តាហ៍ទីពីរ។
ប៉ូលិសបាននិយាយថា ការបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើដើម្បីបំបែកហ្វូងកម្មកររោងចក្រដ៏ច្រើនកុះករនៅទីក្រុងសាវ៉ា (Savar) ដែលជាមជ្ឈមណ្ឌលសម្លៀកបំពាក់មួយនៅខាងក្រៅរដ្ឋធានីដាក្កា។
លោក សាណា សាមីនួ រ៉ាម៉ាន់ នាយប៉ូលិសឧស្សាហកម្មបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP អំពីសកម្មភាពធ្វើកូដកម្មកាលពីថ្ងៃអាទិត្យថា “កម្មករបានបិទផ្លូវហាយវ៉េ យើងត្រូវបណ្តេញពួកគេចេញដើម្បីសម្រួលស្ថានភាពចរាចរណ៍។ រហូតមកទល់ពេលនេះ រោងចក្រចំនួន ៥២ រួមទាំងរោងចក្រធំៗមួយចំនួន បានបិទប្រតិបត្តិការដោយសារតែការតវ៉ានេះ”។
កម្មករម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីប៉ូលិសបានបាញ់គ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែកទៅលើកម្មករតវ៉ាប្រមាណ ៥.០០០ នាក់។
ប្រទេសបង់ក្លាដែសពឹងផ្អែកលើសម្លៀកបំពាក់ដែលកាត់ដេរដោយកម្មករដែលទទួលបានប្រាក់ឈ្នួលទាបរាប់លាននាក់នៅតាមរោងចក្រនានានៅទូទាំងប្រទេសអាស៊ីខាងត្បូងដែលមានចំនួន ១៦៥ លាននាក់នេះ។
ប្រហែល ៨០ ភាគរយនៃប្រាក់ចំណូលពីការនាំចេញរបស់បង់ក្លាដែសគឺបានមកពីការលក់សម្លៀកបំពាក់នៅក្រៅប្រទេស ជាមួយក្រុមហ៊ុនលក់រាយសកលដូចជា H&M, Primark, Walmart, Tesco និង Aldi គឺស្ថិតក្នុងចំណោមអ្នកទិញសំខាន់ៗ។
មេដឹកនាំសហជីពលោក អាមីនុល អ៊ីស្លាម (Aminul Islam) បានស្តីបន្ទោសម្ចាស់រោងចក្រថាបានប្រើអំពើហិង្សាដើម្បីត្រួតត្រាកម្មករណាដែលធ្វើកូដកម្ម។
លោកបានប្រាប់ AFP ថា “ប៉ុន្តែពួកកម្មករមានសាមគ្គីភាពច្រើនជាងមុន។ វាហាក់ដូចជាពួកគេនឹងមិនចាកចេញពីដងផ្លូវទេរហូតដល់ការទាមទាររបស់ពួកគេត្រូវបានឆ្លើយតប”៕ ដោយ៖ កញ្ញាដាលីស