កម្មករ​រោងចក្រ​ក្រុង​តាខ្មៅ​បង្ហាញ​ក្តី​រីករាយ​ក្រោយ​ទទួលបាន​ឱកាស​ចូលរួម​បោះឆ្នោត​ដោយ​ពេញលេញ​

1157
ចែករម្លែក

ដោយ​: ពៅ​និ​មុ​ល / ភ្នំពេញ​: ខណៈដែល​ការបោះឆ្នោត​ថ្នាក់ជាតិ​នឹង​ឈាន​មកដល់​នា​ថ្ងៃ​ខាងមុខនេះ បងប្អូន​ជាក​ម្មការ​នី បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន ប្រី​ភី​សីស (​ខេ​ម​បូ​ឌា​) ហ្គា​មេន អិ​ល​ធី​ឌី (Propitious (CAMBODIA) Garment LTD) នៃ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​សម្តែង​ភាព​រីករាយ និង​សប្បាយចិត្ត​យ៉ាងខ្លាំង​ក្រោយ​ទទួលដំណឹង​ថា អាចមាន​ឱកាស​ទៅ​ចូលរួម​បោះឆ្នោត​ដោយ​គ្មាន​ការគៀបសង្កត់ ពិសេស​ថ្ងៃ​ឈប់សម្រាក​រហូតដល់រ​យះ​ពេល​០៣​ថ្ងៃ និង​គ្មាន​កាត់​ប្រាក់​ឈ្នួល​។​

​ស្ថិតក្នុង​ធ្វើដំណើរ​ចូល​បំពេញការងារ​ប្រចាំថ្ងៃ អ្នកស្រី ហាយ សែន ប្រធាន​ផ្នែក​នៃ​ក្រុមហ៊ុន​ខាងលើ បាន​ប្រាប់​កាសែត​រស្មី​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​ថា ក្រោយ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ប្រមាណ​០៥​ឆ្នាំ​មកនេះ រាល់​សេចក្តីជូនដំណឹង ឬ​សេចក្តីប្រកាស​ព័ត​មាន​នានា​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពិសេស​ទាក់ទង​ការងារ​កម្មករនិយោជិត ក្រុមហ៊ុន​តែងតែ​ផ្តល់ជូន​ជានិច្ច​និង​មិនដែល​ខកខាន​នោះឡើយ​។

​អ្នកនាង សំ សុធា ប្រធាន​ផ្នែក​ដេរ មាន​ស្រុកកំណើត​ស្ថិតក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ល្អ ក៏ដូចជា​ការរស់នៅ​កាន់តែ​ល្អប្រសើរ​ទៅមុខ​បន្តទៀត អ្នកនាង​នឹងចូលរួម​លើ​កាតព្វកិច្ច​នេះ​។ លើសពីនេះ​ទៀត នឹង​បបួល​បងប្អូន​សាច់​ញាត់ និង​មិត្ត​ភ័ក្តិ​រស់នៅក្នុង​ភូមិ​ឃុំ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផងដែរ​។​

​ដោយឡែក កម្ម​ការ​នី​ជាច្រើន​នាក់​ផ្សេងទៀត​បាន​លើក​ស្រដៀង​គ្នា​ថា ការចូលរួម​បោះឆ្នោត​នា​ថ្ងៃ​ខាងមុខ គឺជា​ពេញចិត្ត​ដោយ​គ្មាន​ការបង្ខិតបង្ខំ​ពី​អ្នកណាម្នាក់​ឡើយ និង​សង្ឃឹម​ទៀតថា​ក្រោយ​ចប់​ការបោះឆ្នោត​នឹង​ទទួលបាន​ថ្នាក់ដឹកនាំ​ល្អៗ ពិសេស​ទទួល​បានការ​បញ្ជារ​ទិញ​ពី​បរទេស​ដើម្បី​មានការ​ងារ​ធ្វើ​កាន់តែច្រើន​និង​ប្រាក់កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។​

​ទន្ទឹមនេះ​អ្នកស្រី គឹម ចំរើន ជាក​ម្មការ​នី​ខាង​ផ្នែក​ពិនិត្យ​មាន​ស្រុកកំណើត​ស្ថិតនៅ​ខេត្តបាត់ដំបង ធ្វើការ​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន និង​រថយន្ត​តាក់ស៊ី​នានា​សុំ​កុំ​ឲ្យ​តម្លៃ​ថ្លៃឈ្នួល ព្រោះ​លទ្ធភាព​មាន​តិចតួច​ណាស់​សម្រាប់​ថ្លៃ​ធ្វើដំណើរ​ទៅមក​ដើម្បី​ចូលរួម​ការបោះឆ្នោត​ថ្ងៃ​ខាងមុខ​។​

​គួរ​បញ្ជាក់ថា កាលពីពេល​កន្លងទៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់ និយោជក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ថា ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​កម្មករនិយោជិត​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ខាងមុខ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ចំនួន​០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ដោយ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ជូន​កម្មករនិយោជិត​ដដែល​៕