កម្មករ​រោងចក្រ​ហ្គា​វ័​ន្ត បន្ត​បិទផ្លូវ​ជា​លើក​ទី​៤ តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ បើកប្រាក់​ខែ​ឱ្យ​គ្រប់​ចំនួន​

543

(​កណ្ដាល​)៖ កម្មករ កម្មការិនី ប្រមាណ​ជាង​៤០០​នាក់ ក្នុងចំណោម​ជាង​៩០០​នាក់ ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់​ហ្គា​វ​ន្ត័ អឹ​ភែ​រឹល ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ កាលពី​ព្រឹក​ថ្ងៃទី​២៩​ធ្នូ បាននាំគ្នា បន្ត​បោះតង់ ក្រាលកន្ទេល ចង​អង្រឹង បិទផ្លូវ​ជាតិ​ជា​លើក​ទី​៤ ដើម្បី​ធ្វើការ​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ គោរព​តាម​កិច្ចសន្យា ច្បាប់​ស្ដីពី​ការងារ និង​បើក​ប្រាក់ខែ​ជូន​ពួកគាត់ ឱ្យបាន​គ្រប់​ចំនួន ពិសេស​រារាំង មិនឱ្យ​ថៅកែ​រោងចក្រ​ដឹក​សម្ភារ​ចេញទៅ​ខាងក្រៅ ។

​តំណាង​កម្មករ បាន​ប្រាប់​ឱ្យដឹងថា កម្មករ ដែល​បំរើ​ការងារ​នៅ​រោងចក្រ​នេះ ភាគច្រើន បាននាំគ្នា​ធ្វើការ​តវ៉ា​និង​មួយចំនួន​តូច មិន​មក គ្រា​ដែល​ថៅកែ​រោងចក្រ បានប្រកាស​ព្យួរការងារ​កម្មករ ជាង​៩០០​នាក់ កាលពីពេល​ថ្មីៗ​នេះ​។ ពួកគាត់ បាន​ប្ដេជ្ញា​ថា​និង​​បន្ត​ប្ដូរ​វេន​គ្នា​ទាំងយប់ ថ្ងៃ ចង​តង់​ខាងមុខ និង​ខាងក្រោយ ច្រកចេញចូល​រោងចក្រ ដោយ​ក្រាលកន្ទេល ចង​អង្រឹង​ការពារ​មិនឱ្យ​​ថៅកែ​រោងចក្រ ដឹក​ញ្ជូ​ន​សម្ភារ ចេញ​បានឡើយ លុះត្រា​ណា​តែ ធ្វើការ​ដោះ ស្រាយ​ជាមួយ​កម្មករ ឱ្យបាន​ចប់​ត្រឹមត្រូវ​តាមច្បាប់​ស្ដី​​ពី​ការងារ​។​

​ក្រុមកម្មករ បានឱ្យដឹងថា ប្រាក់ខែ​គោល​របស់​កម្មករ ចំនួន ១៤៥ ដុល្លារ ។ ប៉ុន្តែ​សំរាប់​ខែ វិច្ឆិការ​នេះ បើក​បានតែ​១២០​និង​ខ្លះទៀត​​បើក​បានតែ ៩០​ដុល្លារ​ទេ នេះ​មិនទាន់​គិត​ទាំង​ប្រាក់​ថែម​ម៉ោង ប្រាក់​មធ្យោបាយ​ធ្វើដំណើរ និង​ប្រាក់​ផ្សេងៗ មួយចំនួនទៀត មិនត្រូវ​បាន​ថៅកែ​រោងចក្រ​នេះ បើក​ឱ្យ​កម្មករ​ទេ គ្រា​ដែល​ប្រកាស​ព្យួរការងារ​កម្មករ ជាង​៩០០​នាក់​នេះ ហើយ​ថៅកែ​រោងចក្រ បាន​ព្យាយាម​ដឹកជញ្ជូន​សម្ភារ​ចេញពី​ក្នុង​រោងចក្រ​ដោយ​ប្រាប់​កម្មករ​ថា ម៉ាស៊ីនដេរ​ខូច និង​សម្ភារ​ចាស់ៗ ត្រូវ​យកទៅ​ដូរ​ថ្មី ។​

​ក្រុមកម្មករ បាន​លើកឡើងថា ការព្យួរ​ការងារ កម្មករ​នេះ គឺ​ខុសច្បាប់ ព្រោះ​ក្នុង​ឆ្នាំ​២០១៧​នេះ​ថៅកែ ព្យួរការងារ​កម្មករ​ចំនួន​ពីរលើក​។ កាលពីដើមឆ្នាំ មួយ​លើក​រួចមកហើយ តាមច្បាប់​អនុញ្ញាតអោយ​ព្យួរការងារ​តែមួយ​លើក​ទេ ។ ដូចនេះ ពួកគាត់​លែងមាន​ជំនឿ លើ​ថៅកែ​រោងចក្រ​ទៀតហើយ ព្រោះ​កន្លងទៅ​មិន​បើក​ប្រាក់ខែ​ឱ្យ​កម្មករ បាន​គ្រប់​ចំនួន​នោះឡើយ ហើយ​កម្មករ​ក៏បាន​នាំគ្នា​ធ្វើការ​តវ៉ា ។ ពេល​ពួកគាត់​ធ្វើការ​តវ៉ា គឺ​ថៅកែ​រោងចក្រ បាន​សន្យា ដោយមាន​មន្ត្រី មកពី​មន្ទីរ​ការងារ បានដឹង​ឮថា និង​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​បាន​គ្រប់​ចំនួន តែ​មិនបាន​ដូច​ការសន្យា​នោះទេ​។

​បើទោះជា​បែបនេះ​ក្ដី កម្មករ បាន​សំណូមពរ​យ៉ាងទទូច ដល់​ក្រសួង​ការងារ ជួយ​អន្តរាគមន៍ ពិសេស​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មេត្តាជួយ​រក​ដំណោះ តាមច្បាប់ ស្ដីពី​ការងារ ដល់​ពួកគាត់​ជា​កម្មករ ឱ្យបាន​ឆាប់រហ័ស​ផង ព្រោះ​ពួកគាត់ សង្ឃឹម​តែ​លើ​ប្រាក់ខែ​នេះហើយ សម្រាប់​ការ ធ្វើដំណើរ ការ​ស្នាក់នៅ និង​ផ្គត់ផ្គង់ ជីវភាព ប្រចាំថ្ងៃ ៕​ដោយ សុផាន់​/sn​