កម្មករ​រោងចក្រ ហ្គ្រេ​ត អន​នើ​រ ចំនួន​៨០០​នាក់ ទទួលបាន​ប្រាក់​សំណង​ចេញជួសដោយរដ្ឋាភិបាល

1546
ចែករម្លែក
សកម្មភាព​ការទូទាត់​ប្រាក់​សំណង​ដល់​កម្មករនិយោជិត​នៃ​រោងចក្រ ហ្គ្រេ​ត អន​នើ​រ នៅ​សាលា​ខេត្តកណ្តាល (​ពៅ​និមល​)

ដោយ : ពៅ និមល​/ភ្នំពេញ : ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១០ ខែមេសានេះ កម្មករនិយោជិត​នៃ​រោងចក្រ ហ្គ្រេ​ត អន​នើ សរុប​​៨០០​នាក់ ក្នុងចំណោម កម្មករ​សរុប​ជិត​១.០០០​នាក់ ទទួលបាន​ប្រាក់​សំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កម្មករ​និយោជិត​ដែលមាន​ឈ្មោះ​ទទួល​ប្រាក់​សំណង​នេះ ជា​មធ្យម​ក្នុង​ម្នាក់​ទទួលបាន​ប្រមាណ​ជាង ១.០០០​ដុល្លារ ចំពោះ​កម្មករ​ធ្វើការ​ពេញ​ម៉ោង (​ពេញសិទ្ធិ​) ដោយឡែក កម្មករ​ធ្វើការ​ក្រៅ​ម៉ោង (​កម្មករ បណ្តែត​ដែល​ធ្វើការ​ម្តង​ក្នុង​មួយខែ​) ជា​មធ្យម​ប្រមាណ​ក្នុង​ម្នាក់​ទទួលបាន​១៨០​ដុល្លារ​។​

សកម្មភាព​ការទូទាត់​ប្រាក់​សំណង​ដល់​កម្មករនិយោជិត​នៃ​រោងចក្រ ហ្គ្រេ​ត អន​នើ​រ នៅ​សាលា​ខេត្តកណ្តាល (​ពៅ​និមល​)

​កម្ម​ការ​នី ជា ស្រី​នាង បាន​សម្តែង​អារម្មណ៍​រំភើប​និង​រីករាយ ក្រោយ​ពិនិត្យឃើ​ញឈ្មោះនៅក្នុងសេចក្តីប្រកាស ​ព័ត​មាន​ថា​ទទួលបាន​ប្រាក់​សំណង​នេះ​។ កម្ម​ការ​នី​នេះ​ឲ្យ​ដឹង​ទៀតថា ប្រាក់​សំណង​ទាំង ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​សរុប​ចំនួន​១.៣៣១​ដុល្លារ​។​

​ដោយឡែក​តាម​ការសាកសួ​រព័ត​មាន​ពី​កម្ម​ការ​នី​៣​នាក់​ផ្សេងទៀតឈ្មោះ ជួន សុជាតិ , ស្រ៊ុន សុ​ម៉ាលី និង​ឈ្មោះ អា​នី បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ប្រាក់​សំណង​ដែល​ក្រសួង​ការងារ​ទូទាត់​ជូន​ក្នុង​ម្នាក់​ទទួល បាន​ចន្លោះ​ពី​១.២០០​ដុល្លារ ដល់​១.៦០០​ដុល្លារ​។ ក្រុមកម្មករ​ទាំងនេះ​ក៏បាន​បង្ហាញ​អារម្មណ៍​មិន​នឹកស្មានថា ពួកគាត់​អាច​ទទួលបាន​ប្រាក់​សំណង​ទាំងនេះ​ទេ ក្រោយ​រោងចក្រ​បិទទ្វារ​និង​ថៅកែ​រត់ចោល​រយះពេល​ជិត ពីរ​ឆ្នាំ​កន្លង​មកនេះ​។

​ ​សូម​រម្លឹក​ទៀតថា រោងចក្រ​ដែល​បិទទ្វារ​និង​ថៅកែ​រត់ចោល​សរុប​ទាំងអស់​ចំនួន​៩ និង​ត្រូវបាន រាជរដ្ឋាភិបាល​បញ្ចេញ​ហិរញប្បទាន​ពិសេស​សរុប​ជាង​៤.៥៧៩.៨៨៤​ដុល្លារ ដើម្បី​បើក​ប្រាក់ខែ​ជូន​កម្មករ និយោជិត​ចំនួន​៤.១៤៦​នាក់​។ ក្នុងនោះ ជា​ជំហាន​ដំបូង​រដ្ឋាភិបាល​ធ្វើការ​ផ្តល់ជូន​កម្មករ​ចំនួន​០៤​រោងចក្រ សិន គិត​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ រួមមាន​ រោងចក្រ​ហ្គ្រេ​ត អន​នើ​, រោងចក្រ​អ៊ី​ហ្វា , រោងចក្រ​ប៊ី​ណូ និង​រោងចក្រ​ជុង​ហ្វៃ ដែលមាន​កម្មករនិយោជិត​សរុប​ចំនួន​២.៥៤២​នាក់​។ ចំណែកឯ​រោងចក្រ ចំនួន​៥​ផ្សេងទៀត ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ជូនដំណឹង​នៅក្រោយ​ចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ​ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ​៕

សកម្មភាព​ការទូទាត់​ប្រាក់​សំណង​ដល់​កម្មករនិយោជិត​នៃ​រោងចក្រ ហ្គ្រេ​ត អន​នើ​រ នៅ​សាលា​ខេត្តកណ្តាល (​ពៅ​និមល​)