កម្មវិធី​ជិះ​កង់​ដើម្បី​មនុស្សធម៌ ប្រមូល​ថវិកា​បាន​ជាង​៩​ម៉ឺន​ដុល្លារ​បរិច្ចាគ​ជូន​ដល់​មូ​និ​ធិ​គន្ធបុប្ផា​

234
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​ជិះ​កង់ ដើម្បី​មនុស្សធម៌ និង សុខភាព សហការ​គាំទ្រ​ដោយ​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​អ្នកស្ម័គ្រចិត្ត​ចូលរួម​ជិះ​កង់​ដើម្បី​ចលនា​នេះ មាន​មន្ត្រី​ក្រោម​ចំណុះ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​, មន្ត្រី​និង​បុគ្គលិក​មកពី​បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត, ស្ថាប័ន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង ក្រុម​ចលនា​យុវជន​ស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​លោកស្រី​ ទាង អេង ទៀ​សីហា អនុប្រធាន​គណកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​។​

​គម្រោង​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺមាន​រយៈពេល​ខ្លី​បំផុត ក្នុងឱកាស​ដែល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អញ្ជើញ​បំពេញការងារ​នៅ​ខេត្តសៀមរាប ក្នុង​ចម្ងាយ​ប្រមាណ​ជិត​៣០​គីឡូម៉ែត្រ តាមផ្លូវ​វង់​តូច ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហើយ​តាមរយៈ​នៃ​ចលនា​ជិះ​កង់​ដើម្បី​មនុស្សធម៌​និង​សុខភាព​នេះ​។​

​លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា សុខភាព​សំខាន់​ណាស់ វា​ជា​ចំណុច​ចាប់ផ្តើម នៃ​ការ​ឆ្ពោះទៅរក​គ្រប់​សកម្មភាព​ការងារ​ទាំងអស់ រីឯ​ការ​ជិះ​កង់ វា​ជា​ប្រភេទ​កីឡា​ម្យ៉ាង​ក្នុង​ប្រភេទ​កីឡា​ជាច្រើន​ទៀត ដែល​វា​បាន​នាំមក​នូវ​លទ្ធផល​វិជ្ជមាន​នៃ​សុខភាព ហើយ​ការ​ជិះ​កង់​ក្នុង​តំបន់​អង្គរ វា​នឹង​កើតមាន​បន្ថែមទៀត​នូវ​សុខភាព​ផ្លូវចិត្ត ដែលមាន​ភាព​ជ្រះថ្លា​និង​រីករាយ​។​

​លោក​បាន​មានប្រសាសន៍​បន្ថែមថា ដើម្បី​មនុស្សធម៌​នៃ​ចលនា​ជិះ​កង់​លើក​នេះ គឺ​សំដៅ​ឆ្ពោះទៅរក​ការអំពាវនាវ​ចូលរួម​ទទួលយក​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ក្នុង​បុព្វហេតុ​នៃ​ជួយសង្គ្រោះ​ជីវិត និង​សង្គ្រោះ​សុខភាព​កុមារ​កម្ពុជា តាមរយៈ​នៃ​មូលនិធិ​គន្ធបុប្ផា ដូច្នេះ​ក្នុងឱកាស​នេះ សូម​សម្តែង​នូវ​អំណរគុណ​ចំពោះ​អ្នកចូលរួម​ទាំងអស់​នៅពេលនេះ និង អរគុណ​ចំពោះ​មន្ត្រី បុគ្គលិក មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​ទាំង​២៥ រាជធានី ខេត្ត បើទោះជា​មិនបាន​ចូលរួម​ផ្ទាល់​ក្នុង​កម្មវិធី​នេះ តែ​ក៏បាន​ផ្ញើ​ទឹកចិត្ត តាមរយៈ​នៃ​ការចូលរួម​ថវិកា​ផងដែរ ដែល​កម្មវិធី​ជិះ​កង់​នាពេលនេះ យើង​ប្រមូលបាន​ថវិកា​សរុប​ចំនួន ជាង ៩​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក ហើយនឹង​ត្រូវបាន​នាំយកទៅ​បរិច្ចាគ​ជូន​ដល់​មូ​និ​ធិ​គន្ធបុប្ផា​៕ ល​