កម្មវិធី​ជិះ​កង់​សប្បុរសធម៌​ប្រមូល​ថវិកា​បាន​២​ម៉ឺន​ដុល្លារ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

201
ចែករម្លែក

ដោយៈ សុផល / សៀមរាបៈ កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ ប្រមូលបាន​ថវិកា​ហូត​ដល់​ប្រមាណ ២​ម៉ឺន​ដុល្លារ​អាមេរិក​។​ថវិកា​ទាំងនេះ បរិច្ចាគ​ដល់ មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​។

​អ្នកជិះ​កង់​ប្រមាណ​ជាង ១០០០​នាក់ បាន​ចូលរួម​កម្មវិធី​ជិះ​កង់​ដើម្បី​សហគមន៍ កាលពី​ថ្ងៃទី​២៦ ឧសភា ២០១៩ ក្រោម​ការរៀបចំ​ដោយ​សមាគមន៍​អ្នកជិះ​កង់ខេត្ត​សៀ ម​រាប និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់​។​

​លោក អ៊ុ វណ្ណៈ ប្រធាន​ផ្នែក​ទំនាក់ ទំនង​ទីផ្សារ​នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មាន ប្រសាសន៍ថា នេះ​ជា​ឆ្នាំ​ទី​៥​ហើយ​ដែល​វី​តា​ល់ បាន​ចូលរួម​ឧបត្ថម្ភ​ដល់​កម្មវិធី​ជិះ​កង់​នេះ​។ ផ្អែកលើ​ទស្សនៈវិស័យ រួមគ្នា​គឺ​ការជួយ​ដល់​សង្គម និង​ពង្រឹង​សកម្មភាព មនុស្សធម៌ វី​តា​ល់ រីករាយ​នឹង​បន្ត និង​គាំទ្រ​ដល់ សមាគមន៍​ជិះ​កង់​កម្ពុជា​ក្នុង​ការរៀបចំ​កម្មវិធី​ជិះ​កង់​សប្បុរស ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​កុមារ​រាប់ពាន់​អ្នកជា​រៀងរាល់ថ្ងៃ​។ ពីក្រោយ​ភាពជោគជ័យ​របស់​កម្ម​វិធី វី​តា​ល់ មើលឃើញថា ក្រុម ការងារ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ប្រារព្ធ​កម្មវិធី​មួយ​ដ៏​ល្អ សម្រាប់​សង្គមជាតិ និង​វិស័យ​កីឡា​ផង ដែល​បញ្ជាក់​ច្បាស់​ពី​សាមគ្គីភាព​។

​វី​តា​ល់​ក៏​រំពឹងថា នឹង​បន្តសកម្មភាព​នេះ បន្តបន្ទាប់​ទៀត​រៀងរាល់ឆ្នាំ​បើសិនជា​នៅ តែមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក គឹម ប៊ុន​ថា​ន់ ស្ថាបនិក​នៃ​សមា គម​អ្នកជិះ​កង់​ដើម្បី​សហគមន៍ បាន​បន្ថែមថា “​កម្មវិធី​ឆ្នាំនេះ​ពិតជា​កាន់តែ​ពិសេស​ខ្លាំង​មែនទែន ដោយមាន​ការគាំទ្រ និង​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នកជិះ​កង់​ច្រើនជាង​មុន ថែមទាំង​ទទួលបាន​ការឧបត្ថម្ភ​ជាច្រើន​ពី​ស្ថាប័ន​ផ្សេងៗ ជាពិសេស​ក្នុងនោះ​មានការ​ឧបត្ថម្ភ​ធំជាងគេ​ពី​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ដែល​អាចធ្វើឱ្យ​កំណើន​មូលនិធិ​ឆ្នាំនេះ​កើនឡើង​គួរឱ្យកត់សម្គាល់​។ អ្វីដែល​កាន់តែ​រំភើប​ទៅទៀត នោះ​គឺ សំបុត្រ​ចូលរួម​ត្រូវបាន​លក់ អស់​តាំង ពីថ្ងៃ​ចាប់​បើក​លក់​ក្នុង​អាទិត្យ​ដំបូង ហើយ​ចំនួន​ក៏​បន្ត​កើន​ឡើងជា​លំដាប់ ដែល​ការ​នេះ​បាន​បង្កើន​ទឹកចិត្ត​ក្រុមការងារ​ទាំងអស់​ផងដែរ​។​

​លោក ប៊ុន ថា​ន់ ក៏បាន​ថ្លែងអំណរគុណ ដល់​វី​តា​ល់​ចំពោះ​ការចូលរួមចំណែក​ឧបត្ថម្ភ និង​រៀបចំ​កម្មវិធី​ឲ្យ​មាន​ភាព កាន់តែ​អធិកអធម​។ «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​ឆ្នាំ​ទី ៦» បានបញ្ចប់​ទៅដោយ​ក្តី​រីករាយ ស្នាមញញឹម មិត្តភាព និង​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​។​

​គ្រប់គ្នា​រំពឹង​យ៉ាង​មុតមាំ​ថា កម្មវិធី​នេះ​នេះ​នឹង​បន្ត​ស្ថិតស្ថេរ​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​វី​តា​ល់​នឹង គាំទ្រ​យ៉ាង​ពេញទំហឹង​បន្ថែមទៀត ដើម្បី​ក្តីរំភើប​ប្រជាពលរដ្ឋ និង​កុមារ​កម្ពុជា​ទូទាំងប្រទេស​៕