កម្មវិធី​ឈ្វេងយល់​បុណ្យ​អាសា​ឡូ​បូជា​លើកដំបូង​នៅ​ខេត្តសៀមរាប​

627
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង​ក្រុមហ៊ុន​ផ្កាឈូក សហការ​ជាមួយ​សាលា​គណ​ខេត្ត រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ពុទ្ធិកវិទ្យាល័យ​រាជ​បូ​ណ៌ ព្រមទាំង​សមាគម​ជីវិត​និង​ក្តីសង្ឃឹម បានរៀបចំ​កម្មវិធី «​ឈ្វេង យល់​ពី​បុណ្យ​អាសា​ឡូ​បូជា​» ដើម្បី​បញ្ជ្រៀប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក លើ​វិស័យ​ព្រះពុទ្ធសាសនា នា​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ឧបដ្ឋានសាលា​វត្ត​រាជ​បូ​ណ៌​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​ព្រះអធិបតីភាព ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណ​:​ថ្នាក់​ទោ និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក ជា​សមាជិក​ថេរ​:​សភា​សង្ឃ និង​ជា​ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌ , ព្រះ​សុ​មង្គល​សិលា​ចា​រ្យ អាភាក​រោ ជុំ គឹម​ឡេង ព្រះ​មេគណ​ខេត្ត និង​លោក ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​។

ឧបាសក អៀង សុធា​រ៉ា នាយក​ក្រុមហ៊ុន​ផ្កាឈូក និង​ក្រុមហ៊ុន​សៀង​គ្រុប បាន​បញ្ជាក់ថា កម្មវិធី ឈ្វេងយល់​ពី អាសា​ឡូ ដែល​បានទទួល​ការអនុញ្ញាត ពី​សម្តេចព្រះ​សង្ឃនាយក តាម​ព្រះរាជចំណារ​ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០១៩ តប​ទៅនឹង​លិខិត​ស្នើសុំ​ការគាំទ្រ​ក្នុង​កម្មវិធី​ឈ្វេងយល់​នេះ ព្រះរាជចំណារ​នោះ​អនុញ្ញាតិ​ឱ្យ​រៀបចំ​ចាត់ចែង ដើម្បី​ជា​គុណប្រយោជន៍​ដល់​ព្រះពុទ្ធសាសនា និង សង្គមជាតិ​យើង ។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​គាំទ្រ​និង​ចាត់ទុក​សកម្មភាព​ទាំងនេះ បង្ហាញ​អំពី​ព្រះទ័យ និង​ទឹកចិត្ត​ដ៏​ល្អ និង​ជា​គំរូ​របស់​ព្រះ​តេជគុណ ព្រះ​ថេ​រា​នុ​ត្ថេ​រ​: ពុទ្ធបរិស័ទ​ទាំងអស់ ដែលជា​អ្នកប្រតិបត្តិ​ព្រះពុទ្ធសាសនា ក្នុង​ការលើកតម្លៃ​លើ​គុណធម៌ និង​ជន​ជាទី​សក្ការ​:​ធំធេង​ចំពោះ​ជាតិ និង​សាសនា ក្នុង​បំណង​ពង្រឹង​និង​លើកកម្ពស់​សាសនាព្រះពុទ្ធ​ឱ្យបាន​រីកចំរើន​ខ្លាំងក្លា តាម​ពុទ្ធ​ប្បញ្ញត្តិ និង​ព្រះ​ពុទ្ធឱវាទ សំដៅ​ធ្វើការ​អភិរក្ស​និង​អភិវឌ្ឍន៍​នូវ​សាសនា​ជា​របស់​រដ្ឋ​យើង សម្រាប់​ជា​គ្រឿង​អប់រំ​ចរិយា​ធម៌ និង​ការធានា​នូវ​សាមគ្គីភាព​ប្រជាជាតិ​ទាំងមូល ។​

លោក​បាន​បន្តថា ទន្ទឹមនេះ​រាជរដ្ឋាភិបាល​តែងតែ​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ​មួយ​ប្រកប ដោយ​សុខសន្តិភាព​សុខដុមរមនា​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុងនោះ​មាន​ព្រះពុទ្ធសាសនា​ផងដែរ ។ ក្រោម​កិច្ចដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដូចជា​ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះ​ទឹក អណ្តូងទឹក ព្រះវិហារ ឧ​ប​ដា្ឋ​ន​សាលា សេនាសន​: និង​ពិធី​សាសនា​នា ត្រូវបាន​អភិវឌ្ឍន៍​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​មិនគួរ​នឹកស្មាន​ពុំ​ដល់ ពិសេស​ព្រះពុទ្ធសាសនា ត្រូវបាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ជា «​សាសនា​របស់​រដ្ឋ​» ។

លោក​បាន​បន្តទៀតថា ជាមួយគ្នា​នោះ​ក​ម្រឹត​ពុទ្ធិកសិក្សា​ក៏មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ដោយ​សព្វថ្ងៃ​យើង​មាន​សាលា​ធម្ម​វិន័យ ចាប់តាំងពី​ថ្នាក់​ត្រី ថ្នាក់​ទោ ថ្នាក់​ឯក និង​សាលា​ពុទ្ធិកសិក្សា​បឋមសិក្សា រហូតដល់​ពុទ្ធិកវិទ្យាល័យ និង​មាន​ពុទ្ធិក​សាកលវិទ្យាល័យ​ថែម​ទៀតផង ។ ប្រការ​ទាំងនេះ​បញ្ជាក់​យ៉ាងច្បាស់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុងការ​គាំពារ​និង​ឧបត្ថម្ភ​គ្រប់បែប យ៉ាង​ដល់​ពុទ្ធសាសនិក និង​ព្រះ​ថេ​រា​នុ ត្ថេ​រៈ​គ្រប់​ព្រះអង្គ​។​

​លោក​អភិបាលខេត្ត​ក៏បាន​បន្តទៀតថា អាជ្ញាធរខេត្ត​នឹងដាក់​ផ្ទាំង​ប៉ាណូ​រូបភាព​សំខាន់ៗ​របស់​ព្រះ​ពុ​ទ្ឋ​បរមគ្រូ​នៅតាម​ដងផ្លូវ​សាធារណ​:​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប និង​បាន​សំណូមពរ​ដល់​គណ​:​សង្ឃ សាលា​គណ​ខេត្ត អាជ្ញាធរ​គ្រប់​ថ្នាក់ និង​សមត្ថកិច្ច​តាម​មូលដ្ឋាន ត្រូវ​សហការគ្នា​ទប់ស្កាត់​ចំពោះ​ជនខិលខូច​ដែល​បន្លំ​ខ្លួន​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ បង្ក​ឱ្យ​ប្រជា​ពុ​ទ្ឋ​បរិស័ទ​បាត់បង់​ជំនឿ​លើ​ព្រះ​ពុ​ទ្ឋ​សាសនា ហើយ​នាំឱ្យ​ខូច​តម្លៃ​ព្រះ​ពុ​ទ្ឋ​សាសនា​ដែលជា​សាសនា​របស់​រដ្ឋ និង​ម្យ៉ាងទៀត​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រះ​កិត្តិយស​ដល់​ព្រះសង្ឃ​ដែល​គោរព​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​ព្រះ​សម្មាស​ម្ពុ​ទ្ឋ​បា​នប​ញ្ញ​តិ​មក​។
​ក្នុង​ឪ​កាស​នោះ​លោក​អភិបាលខេត្ត ក៏បាន​ស្នើ​និង​សំណូមពរ​ដល់​ក្រុមហ៊ុន​ផ្កាឈូក​សហការ​ជាមួយ សាលា​គណ​ខេត្តសៀមរាប សូម​បន្ត​ឱ្យមាន​កម្មវិធី​ឆ្វេងយល់​ពី​បុណ្យ​អាសា​ឡូ​បូជា​នៅ​ឆ្នាំក្រោយៗ​ទៀត ដើម្បី​ជា​លំ​អាន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​បាន​យល់​ជ្រួតជ្រាប​កាន់តែច្បាស់​អំពី​គុណ​តម្លៃ​នៃ​ព្រះ​ពុ​ទ្ឋ​សាសនា​៕B/