កម្មវិធី​ដៃគូ​លើ​វិស័យ​ព្រៃឈើ និង​ជលផល​គាំទ្រ​សហគមន៍​ដំណាក់កាល​ទី​២ មាន​ទឹកប្រាក់​ចំនួន ៦,១ លាន​ដុល្លារ ​បានចាប់ផ្តើម​

1327
ចែករម្លែក

​ភ្នំពេញៈ​ព្រឹក​ថ្ងៃទី​៣០​ខែសីហា​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន ធម្មជាតិ (WWF) សហការ​ជាមួយ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សហគមន៍​ព្រៃឈើ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (RECOFTC) អង្គការ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​-​អនុផល​ព្រៃឈើ​កម្ពុជា NTFP-EP Cambodia) និង​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ (CEPA) បានប្រារព្ធ​ចាប់ផ្តើម​ដំណើរការ​គ​ម្រោ​គ​ដំណាក់កាល​ទី​២ បន្ទាប់ពីទទួលបាន​ជោគជ័យ​ពី​ការអនុវត្ត​គម្រោង​លើក​ទី​១​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​មេគង្គ​នៅក្នុង​ប្រទេស​កម្ពុជា​។

គណៈអធិបតីក្នុងកម្មវិធី(រូបមូលសម្បត្តិ)

​កម្មវិធី​ដៃគូ​លើ​វិស័យ​ព្រៃឈើ​និង​ជលផល​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១៤​ដែល​ចែកចេញជា​៣​ដំណាក់កាល​ផ្សេងៗ​គ្នា​ក្នុង​រយៈពេល​៨​ឆ្នាំ រហូតដល់​ឆ្នាំ​២០២២​។ ដំណាក់កាល​ទី​២ នេះ​ចាប់ផ្តើម​ពី​ខែកក្កដា​ឆ្នាំ​២០១៧ រហូតដល់​២០២១ ក្រោម​ការសហការ​អនុវត្ត​គម្រោង​ដោយ​អង្គការ​ដៃគូ​ដែលមាន​ទឹកប្រាក់​៦,១​លាន​ដុល្លារ​រួមជាមួយ​បដិភាគមួយចំនួន​ពី​ដែ​គូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​។

​គោលបំណង​នៃ​កម្មវិធី​ដៃគូ​លើ​វិស័យ​ព្រៃឈើ និង​ជលផល (PaFF) គឺ​ដើម្បី​គាំទ្រ​អ្នក​សហគមន៍​មូលដ្ឋាន និង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្រមទាំង​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ​តាមរយៈ​ការ​បន្សាំ​ទៅនឹង​ហ​និ​ភ័យ​ផ្នែក​សេដ្ឋកិច្ច​និង​ធនធានធម្មជាតិ​។​កម្មវិធី​នេះ​នឹង​ធានា​ឲ្យ​មាននៅ​ដំណោះស្រាយ​នូវ​ជីវភាព​របស់​សហ​គម​ន៍​កាន់តែ​ប្រសើរ​ប្រកបដោយ​និរន្តរភាព​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​និង​កាត់បន្ថយ​ការប្រើប្រាស់​ធនធាន​ធម្មជាតិនៅក្នុង​កម្រិត​ឃុំ​។

​កម្មវិធី​ដៃគូ​លើ​វិស័យ​ព្រៃឈើ និង​ជលផល (PaFF) វគ្គ​ទី​២​នឹង​អនុវត្ត​គម្រោង​របស់ខ្លួន​ដោយ​ផ្អែកលើ​បទពិសោធន៍ និង​គំរូ​ការងារ​ជោគជ័យ​កន្លង​មក ហើយ​ពង្រីក​តំបន់​ប្រតិបត្តិ​ការងារ​ចំនួន​២​កន្លែង​នៅក្នុង​ខេត្តព្រះវិហារ និងខេត្ត​កំពង់ធំ ស្រប​ជាមួយនឹង​ខេត្ត​គោលដៅ​នាពេល​បច្ចុប្បន្ន គឺ​ខេត្តក្រចេះ និងខេត្ត​ស្ទឹងត្រែង​។ ការពង្រីក​តំបន់​គោលដៅ និងការពង្រឹង​កម្មវិធី​ទាំងនេះ​គឺ​ផ្តោតទៅលើ​ការកសាង​សមត្ថភាព​ដែល​នេះ​ជា​ឱកាស​ដើម្បី​ពង្រីក​កម្មវិធី​ដៃគូ​លើ​វិស័យព្រៃឈើ​និង​ជលផល​(PaFF)​ក្នុងការ​គាំទ្រ​ដល់​សហគមន៍​មាន​ចំនួន​ពី​១៥៨​ទៅ​៣៤៧​សហគមន៍​ដែលមាន​៣២៩១០​គ្រួសារ​ក្នុងនោះ​៥០​ភាគរយ​គឺជា​ស្ត្រី​និង​១០​ភាគរយ​គឺជា​ជនជាតិ​ដើម​ភាគតិច​ដែលមាន​ផ្ទៃដី​គ្របដណ្តប់ចំនួន​៣៨០,៧១១ ហិកតា​។

​មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មដែលចូលរួមបានថ្លែងថាក្នុងកម្ម​វិធី​ដៃគូ​លើ​វិស័យ​ព្រៃឈើ និង​ជលផល (PaFF) គឺ​ពិត​ជាមាន​សារសំខាន់​បំផុត ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់បណ្តាអង្គការ​ដៃគូ​ទាំង ក៏ដូចជា​សមាជិក​សហ​គម​ន៍​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​។

​លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ WWF-​កម្ពុជា បាន​និយាយថា​ “​ព្រៃឈើ និង​ធនធាន​ជលផល គឺជា​ធនធាន​ដែល​មិនអាច​ខ្វះ​បាន ហើយ​តម្រូវ​ឲ្យ​យើង​ត្រូវ​ចេះ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ការការពារ និង​អភិរក្ស ពីព្រោះ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា ជាពិសេស​នោះ​គឺ​សហគមន៍​មូលដ្ឋាន​ផ្ទាល់​តែម្តង ដែល​ពួកគេ​អាច​ទាញយក​អនុផល​ព្រៃឈើ​មានដូចជា ជ័រទឹក ទឹក​ឃុំ​ព្រៃ ឬ​ស្សី និង​ផ្តៅ ដែល​ពួក​អាច​កែច្នៃ​ធ្វើជា​ផលិតផល​ផ្សេងៗ ដើម្បី​បង្កើន​ប្រាក់ចំណូល​។ សម្រាប់​សហគមន៍​ផ្ទាល់ គឺ​ត្រូវការ​ការជួយ​គាំទ្រ​ជា​ចាំបាច់​ដើម្បី​ធ្វើការ​ប្រើប្រាស់ និង​គ្រប់គ្រង​ធនធានធម្មជាតិ​ទាំងនេះ​ប្រកបដោយ​និរន្តរភាព​។​”

លោក សេង ទៀក

​លោកស្រី Femy Pinto នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​-​អនុផល​ព្រៃឈើ​ប្រចាំ​នៅ​តំបន់​អាស៊ី បាន​និយាយថា​៖ “​កម្មវិធី​ដៃគូ​លើ​វិស័យ​ព្រៃឈើ និង​ជលផល (PaFF) និង​បំពេញ​កិច្ចប្រតិបត្តិការ​ការងា​រ​របស់ខ្លួន​ក្នុងការ​គ្រប់​តំបន់​គោលដៅ​ប្រកបដោយ​និរន្ត​ភាព ដោយ​ផ្តល់​ឲ្យ​វិញ​នៅ​ប្រព័ន្ធ​សេវាកម្ម​អេកូឡូស៊ី​ដ៏​មានសារសំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ពឹងពាក់​ទៅលើ​ធនធាន​ទាំងនេះ​។ ជាពិសេស​នោះ ការងារ​ទាំងនេះ​ក៏ឆ្លើយតប​ទៅនឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការអភិវឌ្ឍន៍ និង​ការអភិរក្ស​។​”។

​ចំណែក​លោកស្រី Carin Salnero នាយក​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ស្វី​ស (SDC) បាន​លើកឡើងថា​៖ “ SDC ជឿជាក់ថា កម្មវិធី​ដៃគូ​លើ​វិស័យ​ព្រៃឈើ និង​ជលផល (PaFF) នឹង​រួមចំណែក​ជួយ​ទៅដល់​ទំនាក់ទំនង​រវាង​អជ្ញាធរ​ដែនដី អ្នក​សហគមន៍ អ្នកពាក់ព័ន្ធ​វិស័យ​ឯកជន​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​ប្រកាន់ខ្ជាប់​នូវ​កិច្ចការ​អភិរក្ស​។ ជាងនេះទៅទៀត កម្មវិធី​នេះ​ក៏​នឹង​ជួយពង្រឹងសមត្ថភាព​ដល់​អ្ន​ក​អនុវត្ត ឬ​អ្នកប្រព្រឹត្តិ​ទាំងអស់​ឲ្យ​ចេះ​គ្រប់គ្រង និង​ថែរក្សា ព្រមទាំង​ជម្រុញ​ឲ្យ​មានការអនុវត្តន៍​គោលនយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ ហើយនឹង​ការបង្កើត​ឱកាស​ការងារ​ខ្នាតតូច និង​មធ្យម​ថែម​ទៀតផង​។​”៕MN
ដោយៈមូលសម្បត្តិ

មន្រ្តីដៃគូចូលរួមក្នុងកម្មវិធី