ដោយៈសុផល/ភ្នំពេញ៖យុវសិស្សសាលាវ៉េសឡាញម្នាក់បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនរយៈពេល៧ខែ ដែលនឹងចេញដំណើរនៅខែសីហាឆ្នាំ២០១៩ខាងមុខនេះ។កញ្ញា សូ វីនាថ អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១១ សាលាវ៉េសឡាញសាខាច្បារអំពៅ បានជាប់អាហារូបករណ៍កម្មវិធី« កាកេហាស៊ី៖KakehashiProject»។
គម្រោងកាកេហាស៊ីគឺជាអាហារូបករណ៍មួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់សិស្សវិទ្យាល័យតាមបណ្តាប្រទេសនៅតំបន់អាស៊ីដើម្បីទៅសិក្សានៅវិទ្យាល័យនានារបស់ប្រទេសជប៉ុនរយៈពេលពី៦ ដល់១០ខែ។គម្រោងកាកេហាស៊ីលើកនេះជាជំនាន់ទី២។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតរស្មីកម្ពុជា យុវតី សូ វីនាថ បានឱ្យដឹងថា៖កម្មវិធីទម្លាប់ល្អទាំង៧(7Habits)លីឌើអ៊ីនមី(LeaderinMe)និងកម្មវិធីអប់រំផ្លូវចិត្តរបស់សាលាវ៉េសឡាញជាផ្នែកមួយបានជួយឱ្យគាត់បានជាប់អាហារូបករណ៍ទៅសិក្សានៅជប៉ុនរយៈពេល៧ខែ។
សូមជម្រាបថា៖ទម្លាប់ល្អទាំង៧បានត្រូវគេចាត់ទុកថាជាវិធីសាស្ត្រមួយឆ្ពោះទៅរកភាពជោគជ័យនៅក្នុងអាជីវកម្មការសិក្សានិងអាជីពការងារ។ទម្លាប់ល្អទាំង៧នេះមាន៖1-បង្កើនភាពម្ចាស់ការលើការងាររបស់ខ្លួន2-ជំនាញរៀបចំផែនការការងារច្បាស់លាស់3-ជំនាញគ្រប់គ្រងនិងចាត់ចែងអាទិភាពការងារសំខាន់មុន4-ជំនាញគិតបែបឈ្នះៗដើម្បីស្វែងរកផលប្រយោជន៍រួម។
5-បង្កើនប្រសិទ្ធិភាពខ្ពស់ក្នុងការទំនាក់ទំនង6-បង្កើនការសហការគ្នាដែលមានភាពច្នៃប្រឌិតដើម្បីឧត្តមប្រយោជន៍រួមនិងទី7-ជំនាញដើម្បីសម្រេចជោគជ័យផ្ទាល់ខ្លួនប្រចាំថ្ងៃ។ចំណែក កម្មវិធីLeader in Me ជាកម្មវិធីអភិវឌ្ឍជំនាញភាពដឹកនាំនិងបំណិនជីវិតដល់កុមារនិងយុវជន។រីឯកម្មវិធី«អប់រំផ្លូវចិត្ត» បង្ហាញពីវិធីសាស្ត្របំបាត់ស្ត្រេសជួយឱ្យសិស្សចេះដោះស្រាយបញ្ហាគ្រប់គ្រងអារម្មណ៍មានសុខភាពផ្លូវចិត្តល្អ ស្គាល់ខ្លួនឯង និងមានស្ថិរភាពផ្នែកអារម្មណ៍។
សូវីនាថដែលជាអ្នកនិពន្ធសៀវភៅវ័យក្មេងផងដែរនោះបានឱ្យដឹងថា៖ក្រៅពីចំណេះដឹងទទួលបានពីកម្មវិធីទម្លាប់ល្អទាំង៧,លីឌើអ៊ីនមីនិងកម្មវិធីអប់រំផ្លូវចិត្តនោះនាងបានខិតខំប្រឹងប្រែងសិក្សាយ៉ាងខ្លាំងកម្មវិធីចំណេះដឹងទូទៅភាសាអង់គ្លេសនិងជំនាញផ្សេងៗទៀត។ជាពិសេសបានទទួលបទពិសោធន៍ពីឪពុករបស់នាងដែលធ្លាប់បម្រើការងារនៅប្រទេសជប៉ុន។
សិស្សឆ្នើមរបស់វ៉េសឡាញរូបនេះ បានបន្តឱ្យដឹងទៀតថាក្នុងការប្រឡងយកអាហារូបករណ៍នេះ មាន៣ដំណាក់កាលគឺទី១ ដាក់ពាក្យតាមអនឡាញ បន្ទាប់មកសម្ភាសន៍ ក្រោយសម្ភាសជាប់ គណៈកម្មការសិក្សាបន្ថែមទៀតលើអាកប្បកិរិយានិងពិន្ទុនៅសាលារបស់យើង។កម្មវិធីនេះមានអ្នកដាក់ពាក្យច្រើនតែមានតែសិស្ស១០នាក់ប៉ុណ្ណោះបានត្រូវជ្រើរើស។ក្រៅពីនាងនៅមានសិស្សវិទ្យាល័យខ្មែរមកពីសាលាផ្សេងៗចំនួន៩នាក់ទៀត។
ទាក់ទងនឹងកម្មវិធីអាហារូបករណ៍កាកេហាស៊ីនេះសូវីនាថបានឱ្យដឹងថា៖នេះជាកម្មវិធីអាហារូបករណ៍មួយសម្រាប់សិស្សវិទ្យាល័យ ដែលផ្តោតទៅលើការផ្លាស់ប្តូរ ចែករម្លែកវប្បធម៌ ការរស់នៅ និងរឹតចំណងសាមគ្គីភាព រវាងសិស្សមកពីពិភពលោក ជាមួយសិស្សនិងប្រជាជនជប៉ុន។
វីនាថបានគូសបញ្ជាក់ថា«អ្វីដែលខ្ញុំរំពឹងពីកម្មវិធីនេះគឺចំណេះដឹងអំពីប្រព័ន្ធអប់រំជប៉ុនដែលល្បីឈ្មោះខ្លាំងនិងគុណភាពខ្ពស់លំដាប់ពិភពលោក និងចំណេះដឹងខាងហិរញ្ញវត្ថុ វប្បធម៌ របៀបរស់នៅ និងការប្រាស្រ័យទាក់ទង » ។
បើតាមលោកស្រីតាណាបេកាអូរិលេខាទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា៖«គម្រោងកាកេហាស៊ីជាកម្មវិធីបណ្តុះមិត្តភាពក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី។គម្រោងកាកេហាស៊ី គឺជាអាហារូបករណ៍មួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់សិស្សវិទ្យាល័យតាមបណ្តាប្រទេសនៅតំបន់អាស៊ី ដើម្បីទៅសិក្សានៅវិទ្យាល័យនានារបស់ប្រទេសជប៉ុនរយៈពេលពី៦ ដល់១០ខែ»។
លោកស្រីបានបន្តថា៖សិស្សវិទ្យាល័យនៅកម្ពុជាចំនួន៥រូបសម្រាប់ជំនាន់ទី១បានចូលរួមគម្រោងនេះចាប់ពីខែសីហាឆ្នាំ២០១៨ដល់ខែកុម្ភៈឆ្នាំ២០១៩ហើយបានលើកតម្កើងកិត្តិនាមក្នុងនាមជាសិស្សកម្ពុជានៅប្រទេសជប៉ុនកាន់តែល្អថែមទៀត។លោកស្រីសូមចូលរួមអបអរសាទរសិស្សជំនាន់ទី១ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុនដោយជោគជ័យនិងសូមជូនពរសិស្សជំនាន់ទី២ឲ្យបានជោគជ័យក្នុងការសិក្សា។
លោកស្រីតាណាបេបានឱ្យដឹងទៀតថា៖គម្រោងនេះនឹងបន្តរហូតដល់ឆ្នាំ២០២២។ប្រសិនបើសិស្សកម្ពុជាចាប់អារម្មណ៍សូមតាមដានទំព័រហ្វេសប៊ុកស្ថានទូតជប៉ុន។ការប្រកាសបើកទទួលពាក្យលើក ក្រោយនឹងចាប់ផ្តើមកំឡុងខែមិថុនា ឬខែកក្កដា ឆាប់ៗនេះ៕S/
ចំណងជើងរូបថត៖យុវសិស្សសាលាវ៉េសឡាញម្នាក់ក្នុងចំណោមសិស្ស១០នាក់បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនរយៈពេល៧ខែដែលនឹងចេញដំណើរនៅខែសីហាឆ្នាំ២០១៩ខាងមុខនេះ