•ក្របខណ្ឌ English Premier League រដូវកាល ២០១៨/ ២០១៩
(19:30) Watford vs Crystal Palace
(22:00) Fulham vs Burnley
(22:00) Newcastle vs Chelsea
គូល្អប្រចាំសប្តាហ៍
Newcastle vs Chelsea
អ្នកគាំទ្រក្រុមឆេលស៊ីមានការបារម្ភនៅពេលចាប់ផ្តើមរដូវកាលថ្មីដោយមានពាក្យចចាមអារ៉ាមថា កីឡាករកំពូលៗរបស់ខ្លួននឹងចាកចេញពីក្លឹបនេះ។ រហូតមកទល់ពេលនេះ មានតែ ខតធឹស (Courtois) ម្នាក់ប៉ុណ្ណោះ បានចាកចេញពីឆេលស៊ី ហើយត្រូវបានចូលជំនួសដោយកីឡាករថ្មីផងដែរ។ វាហាក់ដូចជា ហាហ្សាដ (Hazard) និង វីលលៀន (Willian) នឹងបន្តនៅពហុកីឡាដ្ឋាន Stamford Bridge ។
លោក ម៉ូរីស៊ីយ៉ូ សារី (Maurizio Sarri) គ្រូបង្វឹកថ្មីរបស់ឆេលស៊ីមើលឃើញកូនក្រុមរបស់លោកចាប់ផ្តើមបានល្អដោយឈ្នះ២ពីរប្រកួតដំបូងលើក្រុម Huddersfield Town និង Arsenal ក្នុងទឹកដីដោយរកបាន៦គ្រាប់រួចហើយ។
ពួកគេអាចធ្វើបានល្អដោយមិនបានដាក់កីឡាករឆ្នើម ហាហ្សាដ ។ អាឡុនសូ (Alonso) ធ្វើបានល្អក្នុងពីរប្រកួតដំបូងរហូតមកទល់ពេលនេះ ដោយរកបាន២គ្រាប់និងជួយបង្កើតឱកាសជាបន្តបន្ទាប់ ហើយក្លាយជាកីឡាករគួរឲ្យចាប់អារម្មណ៍បំផុត។ ក្រុមឆេលស៊ីឈ្នះ៤ក្នុងចំណោម៥ប្រកួតចុងក្រោយ។ ពួកគេឈានជើងមកដល់ទឹកដីរបស់ក្រុម Newscastle ជាមួយនឹងទម្រង់លេងដ៏ល្អ។
អ្នកគាំទ្រ Newcastle ធ្វើមិនបានល្អទេ ហើយខកចិត្តខ្លាំងជាមួយនឹងម្ចាស់ក្លឹប ម៉ាយ អាស្លី (Mike Ashley) និងកង្វះការចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករថ្មី។ ខេណេឌី (Kenedy) មិនអាចលេងក្នុងការប្រកួតនេះបានទេ ដោយសារកីឡាកររូបនេះលេងក្នុងលក្ខណៈខ្ចីជើងពីឆេលស៊ីប៉ុន្តែកីឡាកររូបនេះមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តទេក្នុងជំនួបជាមួយក្រុម Cardiff កាលពីចុងសប្តាហ៍មុន។
ក្រុម Newcastle ទើបទទួលបាន១ពិន្ទុឆ្លងកាត់ពីរប្រកួត ហើយចាប់ផ្តើមរដូវកាលថ្មីដោយចាញ់ក្រុម Tottenham ក្នុងទឹកដី ហើយបន្ទាប់មកបានត្រឹមស្មើជាមួយក្រុម Cardiff ដោយទាត់បាល់ប៉េណាល់ទីនៅនាទីចុងម៉ោងមិនបានសម្រេច។ ក្រុមម្ចាស់ផ្ទះខ្វះភាពស៊ីសង្វាក់ ដូច្នេះក្រុមឆេលស៊ីមានសង្ឃឹមឈ្នះច្រើនក្នុងការប្រកួតនេះ៕
ទស្សន: Newcastle 0-2 Chelsea
•ក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga រដូវកាល ២០១៨/ ២០១៩
(23:15) Espanyol vs Valencia
(03:15) Girona vs Real Madrid
(03:15) Sevilla vs Villarreal
គូល្អប្រចាំសប្តាហ៍
Girona vs Real Madrid
នេះគឺជាការប្រកួតមួយក្នុងចំណោមការប្រកួតដ៏សំខាន់នៅចុងសប្តាហ៍នេះ នៅក្របខណ្ឌ La Liga ។ ក្រុម Real Madrid ធ្លាប់បរាជ័យដោយសារក្រុម Gironaកាលពីរដូវកាលមុន ហើយវាពិតជាសំខាន់ណាស់ ប្រសិនបើពួកគេអាចរកបានជ័យជម្នះជាថ្មីនៅរដូវកាលនេះ។
នេះគឺជាការប្រកួតសំខាន់មួយសម្រាប់ក្រុមរបស់លោក Julen Lopetegui ហើយលោកត្រៀមកសាងស្នាដៃជាមួយនឹងក្រុមយក្សអេស្ប៉ាញនេះ។
ប្រាកដណាស់ លោកពិតជាមានការសប្បាយចិត្តនឹងការបង្ហាញសមត្ថភាពដំបូងរបស់ក្រុម Real Madrid ដែលយកឈ្នះក្រុម Getafe ២-០ ។
ដោយកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានចាកចេញ ក្រុម Real Madrid មានអារម្មណ៍ធូរស្បើយបន្តិចនៅពេលឃើញ ហ្គារ៉េត បេល (Gareth Bale) និង ការីម បេនហ្សេម៉ា (Karim Benzema) ធ្វើបានល្អ។ កីឡាករទាំងពីរនេះស្ថិតក្រោមសម្ពាធក្នុងការធ្វើឲ្យបានល្អដូចកីឡាករព័រទុយហ្គាល់រូបនេះដែលរកបានគ្រាប់បាល់គ្រប់រដូវកាលក្នុងរយៈពេលជិត១០ឆ្នាំមកនេះ។
សម្រាប់ក្រុម Girona វិញ ពួកគេប្រកួតដំបូងនៅក្នុងរដូវកាលថ្មី ប៉ុន្តែពួកគេអាចត្រឹមស្មើ០-០ ជាមួយក្រុម Real Valladolid ។ពួកគេទើបនឹងជួបគូប្រកួតខ្សោយទើបឡើងមកថ្មី ប៉ុន្តែហាក់ដូចជាមិនទាន់មុតស្រួចក្នុងការរកគ្រាប់បាល់។
ក្រុមនេះប្រឈមនឹងសម្ពាធខ្លាំងនៅសប្តាហ៍នេះ ដោយត្រូវប្រកួតជាមួយក្រុមខ្លាំងៗនៅដើមរដូវកាលដូចជាក្រុម Villarreal និង Barcelona ។ ពួកគេនឹងធ្លាក់ទៅបាតតារាងនៅពេលខាងមុខនេះ ប្រសិនបើមិនអាចស្តាស្ថានភាពឡើងវិញ។
មើលទៅក្រុម Real Madrid មានប្រៀបច្រើនជាងបើពិនិត្យមើលលើកម្លាំង ។ ពួកគេសង្ឃឹមថា នឹងរកបានគ្រាប់បាល់ច្រើន។ ក្រុម Girona ប្រហែលជាប្រើយុទ្ធសាស្ត្រទប់ច្រើនជាង៕
ទស្សន: Girona 0-3 Real Madrid
ដោយ៖ពិសិដ្ឋ