កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃអាទិត្យ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨

1650
ចែករម្លែក

•ក្របខណ្ឌ English Premier League រដូវកាល ២០១៨/ ២០១៩
(19:30) Wolverhampton vs Burnley
(22:00) Everton vs West Ham

គូល្អប្រចាំសប្តាហ៍
Everton vs West Ham

ក្រុម Everton ឈរនៅលេខរៀងទី៧នៅក្របខណ្ឌព្រីមីញ៉េលីក នៅពេលឈានជើងចូលរួមការប្រកួតចុងសប្តាហ៍នេះ ហើយពួកគេមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេ។ ពួកគេទើបនឹងឈ្នះ១ប្រកួតនិងស្មើ៣ប្រកួត។ ពួកគេក៏មានបញ្ហារបួសមួយចំនួនផងដែរនៅមុនជំនួបជាមួយក្រុម West Ham United ។

ក្រុម Everton បានចាប់ផ្តើមយុទ្ធនាការដោយប្រកួតស្មើ ២-២ ជាមួយក្រុម Wolverhampton Wanderers នៅក្រៅទឹកដី ប៉ុន្តែពួកគេនាំមុខមុន២-០ ក្នុងការប្រកួតនេះ ។

ក្រុម Everton ធ្វើបានល្អដោយយកឈ្នះក្រុម Southampton ២-១ហើយចាប់តាំងពីពេលនោះ ពួកគេប្រកួតស្មើ ២-២ ជាមួយក្រុម Bournemouth និងបន្តស្មើ ១-១ ជាមួយក្រុម Huddersfield Town ។

ក្លឹប Everton បានចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករជាច្រើន អំឡុងរដូវក្តៅ ប៉ុន្តែអាចនឹងអវត្តមានកីឡាករច្រើនរហូតដល់១២រូបសម្រាប់ការប្រកួតចុងសប្តាហ៍នេះរួមទាំងកីឡាករ វ៉លកុត និង ខាលវើត ឡេវីនផងដែរ។

ក្លឹប West Ham បានចំណាយ១០០លានផោនអំឡុងរដូវក្តៅ ប៉ុន្តែពួកគេហាក់ដូចជាធ្វើមិនបានល្អទេ បន្ទាប់ពីប្រកួតចាញ់៤លើកជាប់គ្នា។ ពួកគេរកបាន២គ្រាប់ ប៉ុន្តែរបូតវិញរហូតដល់១០គ្រាប់។ ពួកគេមានកាលវិភាគប្រកួតដ៏មមាញឹក ដូច្នេះអាចនឹងបង្កការលំបាកច្រើន។

ពួកគេបានចាប់ផ្តើមរដូវកាលរបស់ខ្លួនដោយចាញ់ក្រុម Liverpool ៤-០ និងបន្តចាញ់ក្រុម Bournemouth ២-១ ។ ពីរប្រកួតក្រៅទឹកដីបន្ទាប់ ពួកគេប្រកួតចាញ់ក្រុម Arsenal ៣-១ និងបន្ទាប់មកចាញ់ក្រុម Wolves ១-០ ទៀត។

ពួកគេឈ្នះត្រឹម១ប្រកួតប៉ុណ្ណោះក្នុង៨ប្រកួតចុងក្រោយក្រៅទឹកដី ហើយរបូតយ៉ាងហោចណាស់៣គ្រាប់ក្នុង៦ប្រកួត។ មើលទៅក្រុម Everton អាចនឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីឈ្នះការប្រកួតនេះ៕
ទស្សន: Everton ២-០ West Ham

•ក្របខណ្ឌបាល់ទាត់បារាំង Ligue 1 រដូវកាល ២០១៨/ ២០១៩
(02:00) Nantes vs Stade de Reims
(22:00) Bordeaux vs Nimes
(02:00) Marseille vs Guingamp

គូល្អប្រចាំសប្តាហ៍
Marseille vs Guingamp

ការទទួលបាន៧ពិន្ទុឆ្លងកាត់បួនប្រកួតធ្វើឲ្យក្រុម Marseille ចាប់ផ្តើមការប្រកួតចុងសប្តាហ៍នេះក្នុងលេខរៀងទី៥ ប៉ុន្តែពួកគេចាញ់ក្រុម PSG ៥ពិន្ទុ។ស្របពេលក្រុម PSG មានស្ថិតិប្រកួតល្អ១០០ភាគរយនោះ ក្រុម Marseille ត្រូវជួបប្រកួតជាមួយក្រុម Guingamp ដែលមានស្ថិតិចាញ់១០០ភាគរយ និងស្ថិតនៅបាតតារាង។

ក្រុម Marseille នឹងខកចិត្ត ប្រសិនបើពួកគេបញ្ចប់ការប្រកួតនេះក្នុងលទ្ធផលមិនបានល្អនោះ។ ពួកគេចាប់ផ្តើមរដូវកាលដោយយកឈ្នះក្រុម Toulouse ៤-០ ។ ក្រុម Marseille ប្រកួតចាញ់ក្រុម Nimes ៣-១ ក្នុងប្រកួតបន្ទាប់ និងប្រកួតស្មើ២-២ ជាមួយក្រុម Rennes ។ ពួកគេត្រូវតាមពីក្រោយ ដើម្បីតាមស្មើ បន្ទាប់ពីត្រូវក្រុម Rennes នាំមុខមុន២-០ ។

Marseille ចាប់ផ្តើមធ្វើបានល្អវិញនៅពេលយកឈ្នះក្រុម Monaco ៣-២ បើទោះបីជាត្រូវនាំមុខមុន២-១ ពេលនៅសល់១៦នាទីចុងក្រោយក៏ដោយ។ ទម្រង់លេងក្នុងទឹកដីរបស់ពួកគេល្អគ្រាន់បើ ដោយយកឈ្នះ៤ប្រកួតក្នុង៥ប្រកួតចុងក្រោយ។

ក្រុម Guingamp ខកខានមិនបានរកគ្រាប់បាល់ទេក្នុងបីប្រកួតចុងក្រោយនៅលើទឹកដីរបស់ក្រុម Marseille ហើយឈានចូលរួមការប្រកួតនេះក្នុងលេខរៀងបាតតារាង។ បួនប្រកួតចុងក្រោយ ពួកគេបានបញ្ចប់ក្នុងលទ្ធផលចាញ់ ដោយរកបាន៣គ្រាប់និងរបូត១០គ្រាប់ គឺច្រើនជាងក្រុមណាៗទាំងនៅក្នុងលីក។

រដូវកាលដ៏ខកចិត្តរបស់ពួកគេចាប់ផ្តើមដោយចាញ់ក្រុម St Etienne ២-១ ។ការចាប់ផ្តើមដ៏លំបាករបស់ពួកគេបន្តកើតមានដោយចាញ់ក្រុម PSG ៣-១។

Guingamp បន្តចាញ់ក្រុម Lille ៣-០ ហើយវាជារឿងអាក្រក់បំផុតដែលពួកគេរបូត២គ្រាប់ត្រឹម១០នាទីប៉ុណ្ណោះ។ សម្រាប់ការប្រកួតនេះ ក្រុម Marseille មានសង្ឃឹមឈ្នះច្រើន ដោយសារមានប្រៀបក្នុងទឹកដី៕

ទស្សន: Marseille 3-1 Guingamp

•ក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A រដូវកាល ២០១៨/ ២០១៩
(17:30) Roma vs Chievo
(20:00) Genoa vs Bologna
(20:00) Juventus vs Sassuolo
(20:00) Udinese vs Torino
(23:00) Empoli vs Lazio
(01:30) Cagliari vs AC Milan

គូល្អប្រចាំសប្តាហ៍
Juventus vs Sassuolo

នៅរដូវកាលថ្មីនិងជាថ្មីម្តងទៀត ក្រុម Juventus ឈរនៅលើកំពូលតារាក្របខណ្ឌ Serie A ខណៈពួកគេព្យាយាមលើកពានជាលើកទី៨ជាប់គ្នា។ ពួកគេគឺជាក្រុមតែមួយគត់ដែលមានស្ថិតិល្អ១០០ភាគរយ បន្ទាប់ពីបីប្រកួតកន្លងទៅនេះ និងនាំមុខគេនៅលើតារាង។

ក្រុម Juventus ចាប់ផ្តើមរដូវកាលដំបូង ស្ទើរតែបរាជ័យទៅហើយដោយត្រូវក្រុម Chievo នាំមុខ២-១ មុនពេលវាយបកយកឈ្នះ ៣-២ ។ បន្ទាប់មកទៀត ពួកគេបន្តយកឈ្នះក្រុម Lazio ២-០ ដោយស្រួល។ កីឡាករចំណូលថ្មី គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅមិនអាចរកបានគ្រាប់បាល់បានទេ ប៉ុន្តែបានជួយបង្កើតឱកាសរកគ្រាប់បាល់ទី២ក្នុងការប្រកួតនេះ។

ក្រុម Sassuolo បានបញ្ចប់នៅលេខរៀងទី១១ក្នុងក្របខណ្ឌ Serie A កាលពីរដូវកាលមុន គឺចាញ់ក្រុម Juventus ៥២ពិន្ទុ ប៉ុន្តែពួកគេចាប់ផ្តើមបានយ៉ាងល្អនៅរដូវកាលនេះ និងបានយកឈ្នះក្រុម Inter ១-០ ក្នុងទឹកដី។

ក្រុម Sassuolo ក៏ធ្វើបានល្អដែរ ដោយតាមស្មើជាមួយក្រុម Cagliari នៅក្រៅទឹកដីបន្ទាប់ពីត្រូវនាំមុខពីរលើក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺពួកគេបានយកឈ្នះក្រុម Genoa ៥-៣ ក្នុងទឹកដី។ ក្នុងប្រកួតនេះ ពួកគេត្រូវក្រុម Genoa នាំមុខមុន១-០ ប៉ុន្តែតាមបាន៥គ្រាប់វិញក្នុងរយៈពេល២៨នាទី មុនពេលរបូត២គ្រាប់វិញ។ ចាំមើលថា តើពួកគេធ្វើបានល្អកម្រិតណានៅពេលជួបជាមួយក្រុមការពារតំណែងជើងឯក Juventus ៕
ទស្សន: Juventus 3-2 Sassuolo

•ក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga រដូវកាល ២០១៨/ ២០១៩
(17:00) Leganes vs Villarreal
(21:15) Espanyol vs Levante
(23:30) Valladolid vs Alaves
(01:45) Sevilla vs Getafe

គូល្អប្រចាំសប្តាហ័
Leganes vs Villarreal

វាប្រហែលជាឆាប់ពេកនៅពេលនេះ ប៉ុន្តែបើក្រឡេកមើលតារាងពិន្ទុ វាបានប្រាប់យើងថា ក្រុមទាំងពីរនេះចាប់ផ្តើមដោយរបៀបណា។ ក្រុមទាំងពីរឈរនៅតំបន់កាត់ចេញ ដោយក្រុម Ryao Vallecano នៅបាតតារាងនិងគ្មានពិន្ទុសោះ។ ដូច្នេះគ្រូបង្វឹករបស់ក្រុមទាំងពីរប្រាកដជាអន្ទះសាចង់បានជ័យជម្នះលើកដំបូងនៅរដូវកាលនេះ ខណៈពេលក្រុម Villarreal ធ្វើដំណើរទៅទឹកដីរបស់ក្រុម Leganes នៅថ្ងៃអាទិត្យនេះ។

ការចាប់ផ្តើមដ៏អន់របស់ក្រុម Villarreal អាចបណ្តាលមកពីរដូវក្តៅដ៏មមា ញឹក។ ពួកគេបានលក់កីឡាករដូចជា រ៉ូឌ្រី និង សាមូ កាស្ទីលឡេចូ ដូច្នេះតំបន់បម្រើរបស់ពួកគេត្រូវបានរុះរើច្រើន។ ពួកគេក៏បានផ្ទេរកីឡាករថ្មីចូលពីររូបផងដែរគឺកីឡាករ ជឺរ៉ាដ ម៉ូរ៉េណូ និង ខាល តូកូ អេកាំប៊ី ។

ក្រុម Villarreal លេងមិនសូវបានល្អដោយចាប់ផ្តើមពីរប្រកួតក្នុងទឹកដីចាញ់រួចហើយ។ វាគួរឲ្យស្តាយដែលពួកគេចាញ់ក្រុម Girona ក្នុងទឹកដី។

ចំណែកក្រុម Leganes ក៏ចាប់ផ្តើមមិនបានល្អដែរ ហើយកំពុងតែត្រដាបត្រដួសមែនទែននៅដើមរដូវកាលថ្មីនេះ។ ប៉ុន្តែស្ថិតិក្នុងទឹកដី ពួកគេលេងចាញ់២ក្នុងចំណោម៩ប្រកួតចុងក្រោយនៅក្របខណ្ឌ La Liga ។

ពួកគេអាចរកបានត្រឹមស្មើ២ប្រកួតក្នុងចំណោម៤ប្រកួតចុងក្រោយនៅរដូវកាលនេះ ដូច្នេះវាបង្ហាញគ្រប់គ្រាន់ថា ពួកគេនឹងជាក្រុមប្រកួតប្រជែងមួយនៅរដូវកាលនេះ ជាពិសេសសម្រាប់ការប្រកួតក្នុងទឹកដី។ ចាំមើលថា តើក្រុមណាមួយធ្វើបានល្អជាងនៅរាត្រីថ្ងៃអាទិត្យនេះ៕
ទស្សន: Leganes 1-2 Villarreal

•ក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់ Bundesliga រដូវកាល ២០១៨/ ២០១៩
(20:30) Werder Bremen vs Nurnberg
(23:00) Freiburg vs Stuttgart

ដោយ៖ពិសិដ្ឋ/sn