កម្មវិធី​ប្រគល់​រង្វាន់​របស់​ទូរទស្សន៍ MTV ក្លាយជា​រឿង​នយោបាយ​ក្នុងសម័យ​ដឹកនាំ​របស់លោក​ត្រាំ​

1312
ចែករម្លែក

​កម្មវិធី​ប្រគល់​ពានរង្វាន់​ដ៏​ធំ​របស់​ទូរទស្សន៍ MTV បានប្រែក្លាយ​ជា​រឿង​នយោបាយ​នៅ​ថ្ងៃអាទិត្យ​ទី​២៧​សីហា​នៅ​គ្រា​ដ៏​តានតឹង​នៅ​សហរដ្ឋអាមេរិក ជាមួយ​តារា​កំពូលៗ របស់​ពិភព​តន្ត្រី​បាន​ឌឺដង​ទៅលើ​ក្រុម​ពួក​ស្បែ​កស​និយម និង​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​ពានរង្វាន់​វីដេអូ​តន្ត្រី​នេះ ដែលជា​ទូទៅ​ត្រូវបាន​គេ​ទស្សនា​ច្រើន​សម្រាប់​វប្បធម៌​ចម្រៀង​ប៉ុប​ជាជាង​មើល​ព័ត៌មាន​អំពី​អ្នកឈ្នះ ក៏បានផ្ដល់​ឱ្យ​នាង​ថា​យ​ល័​រ ស្វី​ហ្វ នូវ​វេទិកា​មួយ​ដើម្បី​បង្ហាញ​ពី​រូបភាព​ថ្មី​របស់​នាង​ក្នុង​ឈុតខ្មៅ នៅពេល​នាង​ចាក់​បញ្ចាំង​វីដេអូ​ថ្មី​របស់​នាង​។​

​តារាចម្រៀង​ប៉ុប​នាង ខា​ធី ភើ​រី ដែលជា​ពិធី​ការិនី​កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ បាន​ឡើងលើ​ឆាក​ក្នុង​ទីក្រុង​ឡស​អ៊ែន​ជែ​ល​ឡេស​នៅក្នុង​ឈុត​អវកាស ដែល​ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​រូបចម្លាក់ Moonman ដែល​គេ​យកមក​តំណាង​ក្នុង​យុទ្ធនា​ការជំរុញ​សមភាព​យេនឌ័រ​ឆ្នាំនេះ​។​

MTV បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​ប្រភេទ​បុរស​និង​ស្រី​របស់ខ្លួន​សម្រាប់​ពានរង្វាន់​នេះហើយ​បាន​អញ្ជើញ​អ្នកបម្រើ​សេវាកម្ម​រដ្ឋ​អាមេរិក ដែល​កែ​ភេទ​ឱ្យ​ទស្សនា​កម្មវិធី​នេះ ពោលគឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​ដូ​ណា​ល់ ត្រាំ បញ្ជា​ឱ្យ​ហាមប្រាម​ការជ្រើសរើស​ម​នុស្ស​កែ​ភេទ​ចូលក្នុង​យោធា​។​

​នាង​ភើ​រី ដែលជា​អ្នកធ្វើ​យុទ្ធនាការ​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​សម្រាប់​បេ​ក្ខ​នារី​ចាញ់ឆ្នោត ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​ឌឺដង​ដាក់​លោក​ត្រាំ ខណៈដែល​រូបនាង​បាន​ជំរុញ​អ្នកគាំទ្រ​ឱ្យ​ជ្រើសរើស​ជ័យលាភី​ចេញពី​ក្នុង​ប្រភេទ​មួយទៀត ដែល​នៅ​បើកចំហ​សម្រាប់​ការបោះឆ្នោត​លើ​អន​ឡាញ​នៅឡើយ​។​

​នាង​ភើ​រី​លើកឡើងថា “​នេះ​គឺជា​ការបោះឆ្នោត​មួយ​ដែល​សំឡេងឆ្នោត​ប្រជាប្រិយភាព​គឺជា​រឿង​សំខាន់​។ ប៉ុន្តែ​សូម​ប្រញាប់​ឡើង​មុនពេល​តារាចម្រៀង​ប៉ុប​រុស្សី​ឈ្នះ​”​។​

​នាង ប៉ារីស ជែក​ស៊ុន តារា​ម៉ូ​ដែល​និង​ជា​កូនស្រី​របស់​ស្តេច​ចម្រៀង​ប៉ុប ម៉ៃ​ឃើ​ល ជែក​សុន បាន​ឌឺដង​ទៅលើ​ក្រុម​ស្បែក​ស​និយម ដែល​បាន​ដើរ​ក្បួន​តវ៉ា​កាលពី​ថ្ងៃទី ១២ ខែសីហា​នៅ ឆា​ឡូត​ស្វី​ល រដ្ឋ​វើ​ជី​នៀ​។​

​នាង ប៉ារីស ជែក​ស៊ុន និយាយថា “​យើង​ត្រូវតែ​បង្ហាញ​ពួក​ណា​ហ្ស៊ី​ទាំងអស់នេះ​ថា​យើង​មិន​អត់ឱន​ចំពោះ​អំពើហិង្សា​និង​ការ​ស្អប់ខ្ពើម​របស់​ពួកគេ​បានទេ​” ។​

​ម្តាយ​របស់ ហ៊ី​ត​ឌ័​រ ហេ​យើ (Heather Heyer) ដែលជា​ស្ត្រី​អាយុ ៣២ ឆ្នាំ ត្រូវបាន​សម្លាប់​នៅពេលដែល​អ្នកគាំទ្រ​រប​ស់​ពួក​ស្បែក​ស​និយម​បើកឡាន​របស់ខ្លួន​បំ​បុក​ចូល​ហ្វូង​អ្នក​តវ៉ា ប្រឆាំងនឹង​ពួក​ស្បែក​ស​និយម​មួយក្រុម​ទៀត ។​

​នាង​ជែក​សុន​បានគ្រោង​បង្ហាញ​ពានរង្វាន​ថ្មី​ឈ្មោះថា “​ការប្រយុទ្ធប្រឆាំង​ល្អ​បំផុត​ទល់នឹង​ប្រព័ន្ធ​ស្បែក​ស​និយម​” នៅលើ​វេទិកា​នា​យប់​ថ្ងៃ​ប្រគល់​ពាន​នោះ​។​

​ជាមួយ​រដ្ឋ​តិច​សាស ដែល​ត្រូវបាន​វាយប្រហារ​ដោយ​ព្យុះ​ហា​វី ការប្រគុំ​តន្ត្រី​នេះ​ក៏បាន​ផ្ញើ​សារ​រំលែក​ការលំបាក​ដល់​ប្រជាជន​រងគ្រោះ​ផងដែរ​។ នាង​ភើ​រី​បាន​ស្នើសុំ​ទស្សនិកជន​ពិចារណា​បរិច្ចាគ​ទៅ​កាកបាទក្រហម​អាមេរិក​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

តារា​ល្បីៗ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​នៅ​ទូរ​ស្សន៍ MTV បាន​ឌឺដង​ខាង​រឿង​នយោបាយ កាលពី​ថ្ងៃអាទិត្យ