កម្មវិធី​មរតក​ព្រះពុទ្ធសាសនា​និង​សង្គម​: អប់រំ​សីលធម៌ និង​ចរិយា​ធម៌ ដល់​សិស្សានុសិស្ស​សាលា​អនុវិទ្យាល័យ​ឃុន​រាម​

1192
ចែករម្លែក
ព្រះសង្ឃ​និង​សប្បុរសជន​ក្នុង​កម្មវិធី​មរតក​ព្រះពុទ្ធសាសនា និង​សង្គម ផ្សព្វផ្សាយ​អប់រំ​សីលធម៌​និង ចរិយា​ធម៌ ដល់​សិស្សានុសិស្ស​សាលា​អនុវិទ្យាល័យ​ឃុន​រាម (​រូប​៖ គូលែន​)​

ដោយ​: គូលែន / សៀមរាប​: ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៦​និង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ ព្រះសង្ឃ​និង​សប្បុរសជន​ក្នុង​កម្មវិធី​មរតក​ព្រះពុទ្ធសាសនា និង​សង្គម ដឹកនាំ​ដោយ ព្រះ​តេជគុណ រតន​ឃោស​កោ សោម សេរី​ឫទ្ធី ស្ថាបនិក​កម្មវិធី សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គណៈ​គ្រប់គ្រង​សាលា​អនុវិទ្យាល័យ​ឃុន​រាម ស្ថិតនៅក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី បានរៀបចំ​កម្មវិធី​មួយ ដើម្បី​អប់រំ​សីលធម៌ និង​ចរិយា​ធម៌ ដល់​សិស្សានុសិស្ស នៃ​សាលា​អនុវិទ្យាល័យ​នេះ រួមទាំង​បាន​ឧបត្ថម្ភ​សិ​ក្ខូ​បក​រណ៍ មាន ប៊ិច សៀវភៅ និង​ថវិកា ជូន​ដល់​សិស្សានុសិស្ស​ចំនួន​ជាង​២០០​នាក់ និង​លោកគ្រូ​អ្នកគ្រូ​។​

​ព្រះ​តេជគុណ សោម សេរី​ឫទ្ធី មាន​ថេរ​ដិ​កា​ថា កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ចែករំលែក និង​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​សិស្សានុសិស្ស ដើម្បី​កាត់បន្ថយ​គម្លាត និង​ការបោះបង់ចោល​ការសិក្សា​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល ដែល​ពុំ​សូវ​មានការ​ជំរុញ និង​លើកទឹកចិត្ត​ពី​អាណាព្យាបាល ដោយ​សិស្ស​ខ្លះ​បង្ខំ​បោះបង់​ការសិក្សា ធ្វើ​ចំណាកស្រុក និង​ខ្លះទៅ​ជួយ​ការងារ​ឪពុកម្តាយ ហើយដោយ​មើលឃើញ​ពី​កត្តា​ទាំងនេះ ទើប​បណ្តុះ​និង​បង្ហាត់បង្រៀន​ដល់​សិស្ស​តាម​ដំបូន្មាន​ពុទ្ធឱវាទ ដើម្បីឱ្យ​សិស្ស​មាន​សីលធម៌ សុជីវធម៌ មានគុណ​ធម៌ ស្គាល់​ល្អ ស្គាល់​អាក្រក់ ស្គាល់​គុណ ទោស ដើរ​ឱ្យស្រប​ទៅនឹង​បរិបទ នៃ​សង្គមជាតិ​។

​ព្រះ​តេជគុណ សោម សេរី​ឫទ្ធី មាន​ថេរ​ដិ​កា​ទៀតថា ដោយសារ​ចង់ឱ្យ​កូន​ខ្មែរ​រួមគ្នា​អភិរក្ស​ព្រះពុទ្ធសាសនា ក៏ដូចជា​ចង់ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ចេះដឹង យល់​និង​ស្គា​ល់ពី បុណ្យ​បាប គុណ​ទោស តាមរយៈ​កម្មវិធី​អប់រំ​សីលធម៌ ទើប​ព្រះអង្គ រួមជាមួយ​ព្រះសង្ឃ​មួយចំនួន បាន​បង្កើត​កម្មវិធី​មរតក​ព្រះពុទ្ធសាសនា និង​សង្គម បង្ហាត់បង្ហាញ​ពុទ្ធឱវាទ ដល់​សាសន​ខេមរជន ដើម្បី​រឹតចំណង​សាមគ្គីភាព​ភាតរភាព ផ្សាភ្ជាប់​រវាង​ព្រះសង្ឃ​និង​យុវជន សិស្សានុសិស្ស ក្នុងន័យ​ជួយ​លើកកម្ពស់​វិស័យ​អប់រំ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឱ្យ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ និង​ផ្តល់​សម្ភារ​សិក្សា​ដល់​សិស្ស ជា​បន្តបន្ទាប់​នៅតាម​សាលារៀន​ជាច្រើន ក្នុង​ខេត្តសៀមរាប ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​ថវិកា​ទោះ​តិចក្តី ច្រើនក្តី​ពី​សប្បុរសជន​ជិត​ឆ្ងាយ ដែល​នេះ​ជា​លើក​ទី​៧​ហើយ សម្រាប់​សកម្ម​ភាពស្រដៀងគ្នា​នេះ​។

​លោក ភ​ន់ សុខុម អភិបាលរង​ស្រុក​បន្ទាយស្រី បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ក្មួយៗ​ជា​សិស្សានុសិស្ស​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ឱ្យបាន​ខ្ជាប់ខ្ជួន ស្តាប់​ដំបូន្មាន​ឪពុកម្តាយ ស្តាប់​ការពន្យល់​របស់លោក​គ្រូ​អ្នកគ្រូ ធ្វើយ៉ាងណា សំដៅ​ឈានទៅ​ទទួលបាន​ល​ទ្ឋ​ផល​ល្អ​ក្នុងការ​សិក្សា​ពេល​បញ្ចប់​ឆ្នាំ​នីមួយៗ ដើម្បី​ទទួល​ចំណេះដឹង​ពោរពេញ​ដោយ​សមត្ថភាព អាច​ស្វែងរក​ការងារ​ល្អ​កសាង​អនាគត​ខ្លួនឯង និង​ក្រុមគ្រួសារ​ឱ្យមាន​ភាពសម្បូរ​សប្បាយ​រុងរឿង និង​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព មានចំណេះដឹង និង​ជំនាញ​ច្បាស់លាស់ ក្នុងពេល​អនាគត​៕ ល​