កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​នៃ​ខេត្តកំពង់ចាម​មាន​គម្រោង​ចំនួន​៤.០៤២​ត្រូវ​លើក​ជា​សំណើ​

152
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ដើម្បី​ឆ្លើយតប​ដំណើរការ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ឆ្នាំ​២០២០​ដល់​២០២២​នោះ​គឺ​ខេត្តកំពង់ចាម​បានសម្រេច​លើកសំណើ​សរុប​ចំនួន​៤.០៤២​គម្រោង​។​ដោយ​តម្រូវការ​ជា​អាទិភាព​កំពុង​ស្វែងរក​ថវិកា​គាំទ្រ​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០២០​។​

កត្តា​នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​បណ្តា​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត​អង្គការ​សង្គម​ស៊ីវិល​វិស័យ​ឯកជន​និង​សប្បុរសជន​នានា​សហការ​រួមគ្នា​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​។​នេះ​ជាការ​លើកឡើង​របស់លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បានលើកឡើង​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​នៅក្នុង​មន្ទីរ​ផែនការ​នេះ​កាលពី​ថ្ងៃទី​២២​ខែតុលា​២០១៩​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុងនោះ​មាន​សំណើ​វិនិយោគ​របស់​ខេត្ត​ចំនួន​៤០១​គម្រោង​សំណើ​វិនិយោគ​របស់​ស្រុក​ក្រុង​ចំនួន​៦៦២​គម្រោង​និង​សំណើ​វិនិយោគ​ឃុំ​សង្កាត់​ចំនួន​៣.៩៧៩​គម្រោង​។​

លោក​អភិបាលខេត្ត​បាន​ថ្លែងថា​ការដែល​យើង​ជួបជុំ​នាឱកាស​នេះ​គឺ​ដើម្បី​បង្ហាញ​អំពី​តម្រូវការ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​នៅក្នុង​ខេត្ត​ទាំងមូល​និង​ការសម្របសម្រួល​បន្ស៊ី​នូវ​តម្រូវ​ការអភិវឌ្ឍ​ទាំងនេះ​ជាមួយ​គម្រោង និង​ធនធាន​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​និង ដៃគូ​ឯកជន ដើម្បី​ឈានដល់​ការឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុក្រឹតភាព​។​

លោក​បានលើកឡើង​ទៀតថា​គោលបំណង​សំខាន់​គឺ​ផ្សព្វផ្សាយ​ជា​សាធារណ​:​នូវ​ដំណើរការ​សិក្ខាសាលា​សមាហរណកម្ម​ផែន​ការឃុំ​សង្កាត់​នៅ​ថ្នាក់ស្រុក​ក្រុង​ឆ្នាំ​២០១៩​។​ស្វែងរក​ប្រភពធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​មាន​មូលនិធិ​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​លើ​គ្រប់​វិស័យ​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន និង​ត្រួតពិនិត្យ វាយតម្លៃ​ការអនុវត្ត​គម្រោង​ឆ្នាំ​ចាស់​កន្លងទៅ​៕S/​