កម្មវិធី​សម្គាល់​ផ្ទៃមុខ​កំពុង​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន​ចំពេល​កំពុងមាន​ការកើនឡើង​នូវ​ការប្រើប្រាស់​បច្ចេកវិជ្ជា AI

670
ចែករម្លែក

​ថ្មីៗ​នេះ លោកស្រី ចាវ យី​ង អាយុ ៦១ ឆ្នាំ​បាន​ចាក​ចេញពី​របៀប​រស់នៅ​តាម​ទម្លាប់​របស់លោក​ស្រី ក្រោយពី​បានឃើញ​គេ​ពិនិត្យ​ផ្ទៃមុខ​របស់​អ្នកដទៃ​នៅ​ផ្សារ​ទំនើប​ដោយ​ធ្វើការ​ស្កែ​ន​ផ្ទៃមុខ​របស់​ពួកគេ​ទាំងនោះ​។​

​ផ្សារ​ទំនើប​នោះ​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​ស្កែ​ន​មុខ​ពីរ​គ្រឿង ដោយ​មួយ​គឺ​ការទូទាត់​តាម​ការ​ស្កែ​ន​មុខ​របស់ Alipay និង​មួយទៀត​គឺ​ការទូទាត់​តាម​ការ​ស្កែ​ន​មុខ​របស់​កម្មវិធី WeChat​។​

​បន្ទាប់ពី​ជជែក​លេង​ជាមួយ​ក្រុមគ្រួសារ លោកស្រី​ចាវ ដែល​រស់នៅ​ទីក្រុង​ជី​ណាន​នៃ​ខេត្ត​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន​បានដឹងថា កម្មវិធី​សម្គាល់​ផ្ទៃមុខ​ត្រូវបាន​អនុវត្ត​មិន​ត្រឹមតែ​ក្នុងការ​ដើរ​ទិញ​អីវ៉ាន់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​លើ​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​ការដឹកជញ្ជូន ប្រតិ​ប​ត្ដិ​ការ​ហិរញ្ញវត្ថុ និង​ការព្យាបាល​ជំងឺ​។​

​កូនប្រុស​របស់លោក​ស្រី​បាន​ប្រាប់​គាត់​ថា “​សម័យកាល​ស្កែ​ន​ផ្ទៃមុខ​កំពុង​មកដល់​ហើយ​”​។​

​កម្មវិធី​សម្គាល់​ផ្ទៃមុខ ដែលជា​បច្ចេកវិជ្ជា​ផ្អែកលើ​ការ​សម្គាល់​ទម្រង់​មុខមាត់​របស់​មនុស្ស គឺជា​បច្ចេកវិជ្ជា​ដែលមាន​ភាពចាស់ទុំ​បំផុត​នៅក្នុង​យុគសម័យ​ប្រាជ្ញា​សិប្បនិម្មិត (AI) ជាមួយ​កម្មវិធី​ភាគច្រើនបំផុត​កំពុង​ផ្លាស់​ប្តូរជីវិត​រស់នៅរ​បស់​ប្រជាជន​នៅក្នុង​ប្រទេស​ចិន​។​

​កាលពី​ថ្ងៃទី​១ ខែមេសា អ្នកដំណើរ​នៅ​ទីក្រុង​ជី​ណាន​បានចាប់ផ្តើម​ទទួលបាន​ភាពងាយស្រួល​និង​រហ័ស​បំផុត​ដើម្បី​ចូលទៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ដោយ​គ្រាន់តែ​ញញឹម​នៅលើ​អេក្រង់​ដើម្បី​ដោះ​សោ​ច្រកទ្វារ​អគ្គិសនី ជំនួស​ឱ្យ​ការប្រើប្រាស់​សំបុត្រ ឬ ការ​ចុច​វាស​លើ​ទូរស័ព្ទ​ទំនើប​របស់​ពួកគេ​។​

​កម្មវិធី​ទូរស័ព្ទ​ឈ្មោះថា “Jinan Metro” គឺ​ទទួលខុសត្រូវ​ចំពោះ​ការប្រមូល​រូបភាព​របស់​អ្នក​ប្រើ​។ ប្រព័ន្ធ​សម្គាល់​ផ្ទៃមុខ​នេះ​អាចឱ្យ​មនុស្ស ៣៣ នាក់​ឆ្លងកាត់​ច្រកចូល​រៀងរាល់​មួយ​នាទី​ម្តង ខណៈ​មនុស្ស​តែ ២០ នាក់​ប៉ុណ្ណោះ​អាច​ឆ្លងកាត់​តាម​សេវាកម្ម​ប្រពៃណី​ផ្សេងទៀត​។​

​កម្មវិធី​សម្គាល់​ផ្ទៃមុខ​ត្រូវបាន​ណែនាំ​បន្តិច​ម្តងៗ​ដល់​សាធារណជន​ចិន បន្ទាប់ពី​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង​ឆ្នាំ ២០០៨​។​

​ចាប់តាំងពី​ឆ្នាំ ២០១៥ មក បច្ចេកវិជ្ជា​នេះ​ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​នៅក្នុង​វិស័យ​កិច្ចការ​រដ្ឋាភិបាល​ហិរញ្ញវត្ថុ​និង​ការលក់​រាយ​។ ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​តយ​ក្ស​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​ក៏​កំពុងតែ​ជំរុញ​ការប្រើប្រាស់​កម្មវិធី​សម្គាល់​មុខមាត់​ផងដែរ​។​

​កម្មវិធី​សម្គាល់​ផ្ទៃមុខ​រះ​ត្រចង់​បំផុត​គឺ​នៅក្នុង​វិស័យ​សន្តិសុខ​។​

​តាំងពី​ឆ្នាំមុន​មក ជន​រត់ចោលស្រុក​រាប់​សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ជាមួយ​ការជួយ​ពី​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​នៅឯ​កម្មវិធី​ប្រគុំ​តន្ត្រី​របស់​តារាចម្រៀង​ប៉ុប​នៅ​ទីក្រុង​ណាន​ចាង ទីក្រុង​ស៊ា​ស៊ី​ង និង ទីក្រុង​កាន​ចូ​វ​៕ ដោយ៖ កញ្ញាដាលីស

កម្មវិធី​សម្គាល់​ផ្ទៃមុខ​កំពុង​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចិន