កម្មវិធី​ស្វែងរក​ជីវិត​ក្រៅ​ភព​ចាប់ផ្តើម​ការរុករក​ថ្មី ជាមួយ​កែវយឹត Parkes

582

Breakthrough Listen ដែលជា​កម្មវិធី​តម្លៃ ១០០ លាន​ដុល្លារ​ចាប់ផ្តើម​ដោយ​សហគ្រិន ឈ្មោះ ច​ន និង យូ​រី មី​ល​ន័​រ កាលពី​ឆ្នាំ ២០១៦ បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ឧសភា​ថា ខ្លួន​បានចាប់ផ្តើម​យុទ្ធនាការ​ថ្មី​មួយ​ដើម្បី​ស្វែង​ជីវិត​ក្រៅ​ភព​ក្នុង​លំហ​អាកាស ជាមួយ​កែវយឹត Parkes របស់​អូស្ត្រាលី​។​

​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​កម្មវិធី​នេះ​បានឱ្យដឹងថា ការ​ស្ទាបស្ទង់​ថ្មី​នេះ​នឹងធ្វើ​ការស៊ើបអង្កេត​លើ​ផ្ទៃ​ទាំងមូល​របស់​កញ្ចុំ​ផ្កាយ​មី​ល​គី​វ៉េ ដែល​អាច​មើលឃើញ​ដោយ​កែវយឹត Parkes ក្នុង​រយៈពេល ៦០ ថ្ងៃ​ខាងមុខនេះ​។​

​ទោះបីជា​គម្រោង​នេះ​បាន​ប្រើប្រាស់​ប្រព័ន្ធ​កែវយឹត​តាំងពី​ឆ្នាំ ២០១៦ ដើម្បី​ស្វែងរក​ជីវិត​ក្រៅ​ភព​ក្តី ក៏ប៉ុន្តែ​ការរុករក​ថ្មី​នេះ​ត្រូវបាន​ជួយ​ដោយ​កែវយឹត​អាប់​ដេ​ត​ថ្មី​ចុងក្រោយ ដែល​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ស្តាប់​សំឡេង ហៅថា Multibeam ដល់​ទៅ ១៣ ដើម្បី​ផ្តល់នូវ “​ការ​ស្ទាបស្ទង់​មើល​បាន​យ៉ាង​ឆាប់រហ័ស​លើ​ផ្ទៃមេឃ​ដ៏​ធំ​ល្វឹងល្វើយ​”​។​

​លោក ដាន់​នី ប្រាយ អ្នកវិទ្យាសាស្ត្រ​របស់​ក​ម្ម​វិធី Breakthrough Listen នៅ UC Berkeley បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ជាមួយ​សមត្ថភាព​ថ្មីៗ​ទាំងនេះ យើង​នឹង​ស្កែ​ន​មើល​ហ្គា​ឡាក់​ស៊ី​របស់​យើង​យ៉ាង​លម្អិត​មិន​ធ្លាប់មាន​ពីមុនមក​”​។​

​នៅ​ចុងបញ្ចប់​នៃ​ការ​ស្កែ​ន​មើល​រយៈពេល ៦០ ថ្ងៃនេះ ក្រុមមន្ត្រី​រំពឹងថា​នឹង​ប្រមូល​ទិន្នន័យ​ប្រមាណ ១.៥០០ ម៉ោង​។​

​លោក ដាន់​នី ប្រាយ និយាយថា “​ដោយ​ឆ្លងកាត់​សំណុំ​ទិន្នន័យ​ដ៏​ធំ​ទាំងនេះ យើង​សង្ឃឹមថានឹង​រកឃើញ​ភស្តុតាង​ថា​ភព​របស់​យើង​ក្នុងចំណោម​ភព​រាប់ពាន់​លាន​ទៀត​នៅក្នុង​កាឡាក់ស៊ី​របស់​យើង​មិនមែនជា​កន្លែង​តែមួយគត់​ទេ ដែលមាន​ជីវិត​កើតឡើង​”៕ ដោយ៖ កញ្ញាដាលីស

កម្មវិធី Breakthrough Listen នឹង​ចាប់ផ្តើម​ការរុករក​ជីវិត​ក្រៅ​ភព​ជាមួយ​កែវយឹត​ថ្មី Parkes ក្នុង​រយៈពេល ៦០ ថ្ងៃ