កម្មវិធី​អក្ខរកម្ម​ជា​ចលករ​នាំឱ្យ​សហគមន៍​មានការ​រីកចម្រើន​

1303
ចែករម្លែក

ដោយ​: បូកគោ / កំពត​: អក្ខរកម្ម​មិន​គ្រាន់តែ​ធ្វើឱ្យ​អ្នកសិក្សា​ចេះ​អាន ចេះ​សរសេរ ចេះ​និយាយបាន​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានធ្វើឱ្យ​អ្នកសិក្សា​ចេះ​ប្រើប្រាស់​ជំនាញ​អាជីព​ប្រចាំថ្ងៃ ដើម្បី​បង្កើន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ខ្លួនឯង គ្រួសារ និង​នាំ​សហគមន៍​ឆ្ពោះទៅកាន់​ភាព​រីកចម្រើន​ផងដែរ​។​

​ក្នុង​ពិធី​អបអរសាទរ​ទិវា​អក្ខរកម្ម​ជាតិ ៨​កញ្ញា លើក​ទី​១៨ ប្រព្រឹត្តឡើង​នៅ​រមណីយដ្ឋាន​ស្រះ​ឈូក ក្រុង​កំពត​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា អក្ខរកម្ម​មិន​គ្រាន់តែ​ធ្វើឱ្យ​អ្នកសិក្សា​ចេះ​អាន ចេះ​សរសេរ ចេះ​និយាយបាន​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានធ្វើឱ្យ​អ្នកសិក្សា​ចេះ​ប្រើប្រាស់​ជំនាញ​អាជីព​ប្រចាំថ្ងៃ ដើម្បី​បង្កើន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ខ្លួនឯង គ្រួសារ និង​នាំ​សហគមន៍​ឆ្ពោះទៅកាន់​ភាព​រីកចម្រើន​ផងដែរ​។ តាមរយៈ​សកម្មភាព និង​លទ្ធផល​នៃ​កម្មវិធី​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា​អក្ខរកម្ម​នឹងចូលរួម​ចំណែក​ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ឆ្នាំ​២០១៦-២០៣០ ពិសេស​ឈានទៅ​សម្រេច​នូវ​គោល​នៅ​នៃ​បរិ​កា​ថ្មី គឺ​ប្រែក្លាយ​ពលករ​ដែល​ប្រើប្រាស់​កម្លាំង​សុទ្ធសាធ​ទៅជា​ការប្រើប្រាស់​ជំនាញ​វិជ្ជាជីវៈ​តាម​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ឆ្នាំនេះ​ការងារ​អក្ខរកម្ម​បាន​បន្ថែ​មកា​របើក​ថ្នាក់រៀន​នៅតាម​រោងចក្រ​ចំនួន​២១ ក្នុងចំណោម​ប្រាំបួន​រាជធានី​ខេត្ត​ដោយមាន​កម្មករ កម្មការិនី​៦១៣​នាក់ ហើយ បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​ដោយ​ក្រសួងមហាផ្ទៃ​ចូលរួម​សហការ​អនុវត្ត​បានល្អ​ប្រសើរ​។

​ជាក់ស្តែង​កម្មវិធី​បាន​បណ្តុះបណ្តាល​មន្ត្រី​ពន្ធនាគារ​ឱ្យក្លាយ​ជា​គ្រូ​អក្ខរកម្ម​ចំនួន​៣៣​នាក់​សម្រាប់​បង្រៀន​អ្នកជាប់ឃុំឃាំង​។ ក្រោយ​ទទួលបាន​សិទ្ធិសេរីភាព និង​សមាហរណកម្ម​ទៅក្នុង​សង្គម​វិញ អ្នកជាប់ឃុំឃាំង​ជា​អក្ខរជន​នៅតាម​មណ្ឌល​អប់រំ​កែប្រែ​អាច​បន្ត​ការសិក្សា និង​រៀន​ជំនាញ​ងាយៗ​ដើម្បី​រកប្រាក់​ចំណូល​ស​ម្រា​ប់​គ្រួសារ​របស់​ពួកគាត់​ឱ្យមាន​ភាពប្រែប្រួល​ឡើង​។ លោក​ហង់ ជួនណា​រ៉ុ​ន​បាន​មានប្រសាសន៍​បន្តថា​អក្ខរកម្ម​ធ្វើឱ្យ​កម្មករ កម្មការិនី​តាម​បណ្តា​រាជធានី​ខេត្ត​ទទួលបាន​នូវ​ការរៀនសូត្រ ចេះ​ទាំង​អក្សរ ចេះ​ទាំង​លេខ និង​ទទួលបាន​ឱកាស​ធ្វើ​ការងារ​កាន់តែ​ល្អប្រសើរ​តាមរយៈ​ការចេះ​ជំនាញ​សំខាន់ៗ​ពី​កម្មវិធី​នេះ​។​

​ផ្តោតលើ​សារសំខាន់​នៃ​កម្មវិធី​អក្ខរ​កម្មនេះ លោក​សាន់​តូ​ស ខា​ទ្រី តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​អំពាវនាវ​ដល់​និយោជក ម្ចាស់​រោងចក្រ សហគ្រាស អ្នករៀន​សូត្រ​ទាំងអស់ ពិសេស​រាជរដ្ឋាភិបាល​ពង្រីក​ម្ម​វិធី​នេះ​ឱ្យបាន​ច្រើន និង​ទូលំទូលាយ​ផ្អែក​តាម​ប្រធានបទ​អក្ខរកម្ម​ឆ្ពោះទៅ​ការសិក្សា​ពេញ​មួយជីវិត​នោះ​៕ ល​