កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ បង្កើន​ទាំង​ការយល់ដឹង ការចូលរួម និង​ការស្រឡាញ់​មរតក​វប្បធម៌​

1676
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប : អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អង្គការ​គាំពារ​កេរ​មរតក មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា និង​សប្បុរសជន​នៅក្នុង​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ដល់​កុមារ​នៅ​សាលា​សិក្សា​ស្រះស្រង់​ចាប់ពី​ថ្នាក់​ទី​៥​ដល់ទី​៦​។​

កម្ម​វី​ធី​បណ្តុះបណ្តាល​នេះ ក្រៅពី​បង្រៀន​ទ្រឹស្តី​នៅក្នុង​ថ្នាក់ ក៏មាន​កម្មសិក្សា​នៅតាម​រមណីយដ្ឋាន​ផ្ទាល់​ដូចជា ប្រាសាទ សារមន្ទីរ ពិធី​ផ្សេងៗ​នៅក្នុង​ភូមិ និង​ផ្តល់​ចំណេះដឹង​តាមរយៈ​ការ​ផាត់​ពណ៌​ផងដែរ​។​

​លោក ខៀវ ច័ន្ទ គ្រូឧទ្ទេស​នៃ​គម្រោង​កុមារ​បេតិកភណ្ឌ​ពិភពលោក​និង​ជា​អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឲ្យដឹង​នៅក្នុង​កម្មសិក្សា​នៅ​ប្រាសាទបន្ទាយក្តី​កាលពី​ថ្ងៃទី​០៦ សីហា ២០១៨​នេះ​ថា ការចុះ​សិក្សា​ដល់ទី​តាំង​គឺមាន​គោលបំណង​បង្រៀន​សិស្ស​ឱ្យ​ស្គាល់​ពី​រចនា​សម្ពន្ធ​ប្រាសាទ​ងាយៗ យល់​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​កេរ្តិ៍មរតក យល់​ពី​អរិយធម៌​ខ្មែរ​នៅ​សម័យអង្គរ​តាម​ប្រាសាទ​នីមួយៗ ស្គាល់​ទីតាំង​ភូមិសាស្ត្រ​ច្បាស់ បណ្តុះ​គំនិត​ស្រ​ទ្បា​ញ់ និង​បណ្តុះ​ចិត្ត​ឱ្យ​ពួកគេ​ចូលរួម​ការការពារ​ឱ្យបាន​គង់វង្ស​។​

​លោក ខៀវ ច័ន្ទ បាន​បន្ថែមថា ពេល​នាំ​ពួកគាត់​មក​ប្រាសាទ​ពេលនេះ​មិន​រំពឹងថា​ពួកគាត់​ទទួលបាន​ចំណេះដឹង​ទាំងស្រុង​នោះទេ ដូច្នេះ​ត្រូវ​សម្រួល​ពាក្យ​ខ្លះៗ​មកជា​ពាក្យ​ងាយៗ​ ដើម្បីឲ្យ​ស្តាប់​បាន​ដោយ​មិនបាន​ពន្យល់​លម្អិត​​ទៅលើ​ប្រវត្តិ​សិល្បៈ​វែងឆ្ងាយ គ្រាន់តែ​ពន្យល់​ប្រវត្តិ​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ បកស្រាយ​ឈ្មោះ​ប្រាសាទ សម័យកាល និង​ឈ្មោះ​ស្តេច និង​រចនា​សម្ពន្ធ​រប​ស់​ប្រាសាទ​រួមមាន កំពែង ខ្លោងទ្វារ ក​សិន្ធុ សរសរ សរសរ​ពេជ្រ សរសរ​ផ្អោប ផ្តែរ ព្រះ​ពន្លា​ជាដើម ដែល​ធ្វើឱ្យ​ពួកគេ​ឆាប់​យល់ ចេះ​ចាំបាន​។​

​ចំណែក​កុមារី ជា គុណ​ហ៊ីង រៀន​ថ្នាក់​ទី​៥ ជា​កុមារ​បេតិកភណ្ឌ បានឲ្យដឹងថា ក្រោយពី​បាន​ចូលរួម​សិក្សា​វគ្គ​បណ្តុះបណ្តាល​នេះ បាន​យល់ដឹង​ច្រើន​ពីសា​សនា និង​វប្បធម៌ ជាពិសេស​កម្មវិធី​បុណ្យប្រពៃណី​ក្នុង​ស្រុកភូមិ​ផ្ទាល់ និង​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ ពេលមកដល់​ប្រាសាទ មិន​ស្រែក​ឡូឡា មិន​ប្រឡែង​គ្នា មិន​ចោល​សំរាម​ផ្តេសផ្តាស មិន​អង្គុយ​លើ​ថ្ម លើ​បង្គាន់​ដៃ មិន​គូស​លើ​ថ្ម មិន​យកដៃ​ទៅ​ប៉ះពាល់​លើ​ចម្លាក់ ឬ​បដិមា​ឡើយ​។​
​រីឯ​កុមារា ធី ធា​វ រៀន​ថ្នាក់​ទី​៥ ជា​កុមារ​បេតិកភណ្ឌ​បានឱ្យដឹងថា ប្អូន​មានចិត្ត​ស្រលាញ់​ប្រាង្គ​ប្រាសាទ​របស់​ដូនតា និង​មានបំណង​ចូលរួម​ថែរក្សា​ឱ្យ​ស្ថិតនៅ​ឱ្យបាន​គង់វង្ស​។ កុមារា ធា​វ បាន​បញ្ជាក់ថា ក្រោយពេល​លោកគ្រូ​បានធ្វើ​បទ​បង្ហាញ​ប្រាប់​ដល់​កុមារ​ទាំងអស់ ខ្លួន​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ដែល​មិន​ធ្លាប់​ដឹង​ពីមុន ដូចជា​ប្រវត្តិ​ប្រាសាទ រឿងព្រេង​ទាក់ទង​នឹង​ប្រាសាទ​ជាដើម ជាពិសេស​ការហៅ​ឈ្មោះ​រចនា​សម្ពន្ធ​របស់​ប្រាសាទ​តាំងពី​ផ្លូវ​ចូល​ប្រាសាទ​រហូតដល់​ក្នុង​ប្រាសាទ​។ ចំពោះ​ការលំបាក​កន្លងមក​មាន​ការជួប​ការលំបាក​ខ្លះៗ ដូចជា​ការប្រើប្រាស់​ពាក្យ​ដែលជា​ពាក្យ​បច្ចេកទេស​ជាដើម​៕​B

#