កម្មវិធី​អ្នកដឹកនាំ សាងសង់​លំនៅឋាន វ័យក្មេង ២០១៨ នៅ​ក្រុង​បាត់ដំបង​

940
ចែករម្លែក

​ដោយៈ ប៊ុន​ណាត​ /
​បាត់ដំបងៈ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នេះ នៅក្នុង​បរិវេណ សាលាបឋមសិក្សា ព្រែក​ព្រះស្តេច ស្ថិត​ក្នុងភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា បានរៀបចំ​កម្មវិធី​អ្នកដឹកនាំ សាងសង់​លំនៅឋាន វ័យក្មេង ២០១៨ ក្រោម​អធិបតីភាព​លោក ផេង សុ​ទ្ធី អភិបាល ក្រុង​បាត់ដំបង តំណាង​លោក ងួន រតនៈ អភិបាលខេត្ត អភិបាលរងក្រុង លោកស្រី ​បឺ​ន​ណា​ដេ​ត បូ​ឡូ​ឌូ​ធី​ នាយិកា​ប្រចាំ​ប្រទេស លោក​សួស វ៉ាន់​នឿន​ ប្រ​​ធាន​ប្រចាំខេត្ត លោក​ចៅសង្កាត់ ជំទប់​ទី​១ និស្សិត សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ ​ប្រមាណ​ ២០០ ​នាក់​។​

​លោកស្រី បឺ​ន​ណា​ដេ​ត បូ​ឡូ​ឌូ​ធី នាយិកា​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា ប្រចាំ​ប្រទេស បាន​មានប្រសាសន៍ថា អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា បាន​ចូលមក ប្រទេស​កម្ពុជា មាន​រយៈពេល ១៥ ឆ្នាំ​ហើយ ដោយបាន​ជួយ​ដល់​មនុស្ស រហូត ៥ ម៉ឺន​នាក់ ជាក់ស្តែង​បងប្អូន នៅ​សង្កាត់​ព្រែក​ព្រះស្តេច បានទទួល​ផ្ទះ​ពី អង្គការ​លំនៅឋាន ចំនួន ១៩ គ្រួសារ​។

​លោកស្រី បានបញ្ជាក់ អំពី​គោលដៅ​របស់​អង្គការ គឺ​ចាប់ផ្តើម​ជាមួយនឹង​យុវជន ដែលជា​អនាគត​ដ៍​ភ្លឺស្វាង អាច​ក្លាយជា​នាយករដ្ឋមន្ត្រី ក្លាយជា​អ្នកដឹកនាំ​ស្ថាប័ន ឬ​អង្គការ​ផ្សេងៗ ដើម្បី​ឳ្យ​គាត់​យល់ ពី​ពេលនេះ​ទៅហើយ​។ យើង​មាន​កម្មវិធី​មួយ ពិសេស​ជាងនេះទៅទៀត គឺ​ទាក់ទង​នឹង​ការកសាង សមត្ថភាព ទៅដល់​យុវជន​។ យើង​នឹងធ្វើ ការជ្រើសរើស​យុវជន ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ភាពជា​អ្នកដឹកនាំ ដើម្បី​ឳ្យ​គាត់​ឈានទៅ ជា​អ្នកដឹកនាំ​​ក្នុងពេល​អនាគត​។ វគ្គ​នេះ រួមទាំង​ការបង្រៀន អំពី​ការឆ្លុះបញ្ចាំង​ខ្លួនឯង ពី​អ្នកដឹកនាំ​ខ្លួនឯង និង​ការដឹកនាំ​អ្នកដទៃ​ផងដែរ​។

​លោកស្រី មាន​អារម្មណ៍ រីករាយ​យ៉ាងខ្លាំង ទោះបីជា​លោកស្រី មិនមែនជា​យុវជន​ដូច​ប្អូនៗ តែ​គាត់​មាន​បេះដូង​។ មិនមែន​ត្រឹម​ប្អូនៗ នៅទីនេះ គាំទ្រ​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា គឺ​នៅមាន​ក្រុមហ៊ុន​ទឹក​សុទ្ធ ខេ​ម​ព្រូ ជួយឧបត្ថម្ភ​ទឹក​សុទ្ធ ក្រុមហ៊ុន​លី​អ៊ិន​ហ្វូ​ម សណ្ឋាគារ​រ៉ូយ៉ាល់​ក្រោ​ន និង​ស្បា សណ្ឋាគារ វិមាន​សុវណ្ណ​ភូមិ នៅ​បាត់ដំបង សណ្ឋាគារ​ដំរី​អង្គរ​សៀមរាប សណ្ឋាគារ និង​ភោជនីយដ្ឋាន​សំបុកចាប ក្រុមហ៊ុន​ស្លឹក​ពីរ ដោយ​ពួកគេ​ចាប់ផ្តើម​​យល់​ដឹងថា យុវជន ត្រូវតែ​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ ទើប​គេ​ចាប់ផ្តើម​គាំទ្រ​យើង​។

​ក្រៅពី​ការសាងសង់ លំនៅឋាន អង្គការ​នៅបាន​កំពុង​ធ្វើ សកម្មភាព​មួយ ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្តន៍ គោលនយោបាយ​ថ្នាក់ជាតិ ស្តីពី​លំនៅឋាន ព្រោះ​មាន​ប្រជាពលរដ្ឋ របស់​យើង ក្នុងចំណោម ១៦ លាន​នាក់ គឺមាន​ជិត ១០ លាន​នាក់ ដែល ពួកគេ​រស់នៅក្នុង លំនៅឋាន​មួយ មិនទាន់​សមរម្យ និង​មាន ៣០ ភាគរយ កំពុង​រស់នៅ​ទីជនបទ ដាច់ស្រយាល​។ ពីនេះ​ទៅ​ឆ្នាំ​២០៣០ យើង​ត្រូវ​មានផ្ទះ ប្រមាណ ១,១ លាន​ផ្ទះ​។​ទម្រាំ​ដល់​ថ្ងៃនោះ មាន​ប្អូន​ណាខ្លះ ក្លាយជា​ប្រធាន​នាយកដ្ឋាន ប្រធាន​ក្រុមហ៊ុន ប្រធាន​អង្គការ ឬ​ជា​ផ្នែក​មួយ របស់​រា​រដ្ឋាភិបាល​។ ពេល​ប្អូនៗ ក្លាយជា​អ្នកដឹកនាំ​ប្អូនៗ នឹង​បាន​ចូលរួមចំណែក លះបង់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍ ដើម្បី​កុំ​ឳ្យ​មាន​បញ្ហា​កើតឡើង លើ​លំនៅឋាន​។

​ថ្ងៃនេះ មានការ​ចុះហត្ថលេខា ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ ការអនុវត្ត​គោលនយោបាយ ស្តីពី​លំនៅឋាន ហើយ​យើង​នឹង​បញ្ជូន​ឯកសារ​នេះ ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ខែកញ្ញា ខាងមុខនេះ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​យុវជន ទាំងបី​រាជធានី ខេត្ត មាន​ខេត្តបាត់ដំបង សៀមរាប និង ភ្នំពេញ ដោយ​បង្ហាញ​ពី​ការគាំទ្រ លុបបំបាត់​ភាពក្រីក្រ ផ្នែក​លំនៅឋាន ព្រមទាំង​អញ្ជើញ​ប្អូនៗ ទាំងបី​រាជធានី ខេត្ត ទៅ​ចូលរួម​វេទិកា​ថ្នាក់ជាតិ លំនៅឋាន​ផងដែរ​។​

​បន្ត​មក លោក ផេង សុ​ទ្ធី អភិបាលក្រុង​បាត់ដំបង បាន​សំណូមពរ​សុំ​ឳ្យ​បងប្អូន ចូលរួម​ថែរក្សា​បរិស្ថាន ចូលរួម​ធ្វើ​អនាម័យ នៅ​ជុំវិញ​ផ្ទះ តាមផ្លូវ​សាធារណៈ តាម​សាលារៀន ហើយ​ក្មួយៗ ត្រូវ​លាងដៃ​នឹង​សាប៊ូ មុននឹង​ញុំ​ា​អាហារ​។ លោក​ក៍បាន​ណែនាំ​ប្អូនៗ នូវ​មេរៀន​បី​ចំណុច ទី​១ ត្រូវខិតខំ​រៀនសូត្រ ឳ្យ​ចប់​ចុង​ចប់​ដើម ទី​២ ត្រូវ​ជៀសវាង​ឳ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន នាំមក​នូវ​ក្តី​វិបត្តិ នាំ​គ្រោះមហន្តរាយ ដល់​យើង​គ្រប់់ៗ​គ្នា គ្រឿងញៀន​មិនមាន​​ថ្នាំបន្សាប​ទេ​។ អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន គឺជា​ជនរងគ្រោះ មុន​បំផុត​លែង​ស្គាល់​ឪពុកម្តាយ បងប្អូន​ញាតិមិត្ត​គ្រឿងញៀន ធ្វើ​ឳ្យ​ប្រព័ន្ធ​ស​សៃ​ប្រសាទ បាត់​ការចងចាំ បាត់​អ្វីៗ​ទាំងអស់​។ បើ​យើង​ប្រព្រឹត្ត​នូវ​គ្រឿងញៀន​ហើយ​យើង​មិន​អាចធ្វើ​កិច្ចការ​អ្វី​បានទេ​។​ទី​៣ ត្រូវ​ជៀស​ឳ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង គ្រប់​ប្រភេទ ការដើរ​លេង​គេច​សាលា​សុំ​កាត់បន្ថយ​។​

​លោក​អភិបាលក្រុង បាន​បញ្ជាក់ថា​៖ ” ក្រុង​បាត់ដំបង ទទួលបាន​ពានរង្វាន់ ឡា​បែ​ល ដែល​រូបខ្ញុំ និង​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ទៅ​ទទួល​រង្វាន់ នៅ​ទីក្រុង​ឈាង​ម៉ៃ នៃ​ព្ឬះ​រាជាណាចក្រ​ថៃឡង់​។ ពានរង្វាន់​ឡា​បែ​ល​នេះ គឺ​សំដៅ​ទៅលើ​បរិស្ថាន​ស្អាត សេវាកម្ម​ល្អ ផ្ទះសំណាក់ សណ្ឋាគារ​ស្អាត និង​ទី​២ យើង​ទទួលបាន​រង្វាន់ ផ្ការំដួល​បី​ទង ដែលជា​ទីក្រុង​ស្អាត ទទួល​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​។ ដូច្នេះ​សំណូមពរ សុំ​មន្ត្រីរាជការ បងប្អូន​​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត​ទាំងអស់ ចូលរួម​ថែរក្សា​បរិស្ថាន ថែរក្សា​សួនច្បារ ថែរក្សា​ទីក្រុង ឳ្យ​បាន​ស្អាត ដើម្បី​នឹង​ឈានទៅ​ទទួលបាន រង្វាន់​ផ្ការំដួល​បី​ទង នៅ​ឆ្នាំ​២០២៣ ទៀត គឺ​ធ្វើការ​ប្រឡងប្រណាំង មិនមែន​បាន​ម្តង​ហើយ បាន​រហូត​ទេ ដាច់​ខែ​នេះ គេ​ធ្វើការ​វាយតម្លៃ​ទីក្រុង​យើង លើក​ទី​១​។ ទីក្រុង​នេះ មិនមែនជា​របស់​អភិបាលក្រុង​ម្នាក់​ទេ គឺជា​ទីក្រុង​របស់ យើងទាំងអស់គ្នា​”​។​

​លោក​អភិបាលក្រុង បាន​ថ្លែងថា កម្មវិធី​អ្នកដឹកនាំ​សាងសង់ លំនៅឋាន​វ័យក្មេង​នេះ កន្លងមក ធ្វើ​នៅតែ​រាជធានី​ភ្នំពេញ ឥឡូវនេះ យើង​មាន​ភ័ព្វវាសនា ដែល​លោកស្រី បឺ​ន​ណា​ដេ​ត បូ​ឡូ​ឌូ​ធី នាយិកា​ប្រចាំ​ប្រទេស បាន​ដឹកនាំ​ធ្វើ​នៅ​ខេត្តសៀមរាប និងខេត្តបាត់ដំបង មកដល់ពេលនេះ បាន​ជួយ​សាងសង់​ផ្ទះ ជូន​ជនក្រីក្រ​ជាង ២០០ គ្រួសារ​។​

​ចំណែក​លោក សួស វ៉ាន់​នឿន នាយក​ប្រចាំខេត្ត ក៍បាន​ប្តេជ្ញា​ថា នឹង​ព្យាយាម​ប្រមែប្រមូល សប្បុរសជន ជា​ដៃគូ ជួយ​កសាង​ផ្ទះ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ឳ្យ​បាន​ចាប់ពី ២០០ ទៅ ៣០០ ខ្នង នៅក្នុង​ឆ្នាំ​២០១៨ និង ២០១៩ ខាងមុខនេះ​។​

​បន្តម​កទៀត មានការ​បែងចែក​ក្រុមការងារ​រៀងៗ​ខ្លួន ក្រុមខ្លះ បង្រៀន​កុមារ អំពី​អនាម័យ​លាង​សម្អាត​ដៃ មុនពេល​ញុំ​ា​អាហារ ក្រុមខ្លះ​រៀប​ឥដ្ឋ ជុំវិញ​ដើមឈើ ក្រុមខ្លះ​លាបថ្នាំ​ផ្ទះ លាបថ្នាំ​សាលារៀន លាប​ដើមឈើ រៀបចំ​សួនច្បារ សម្អាត​សា​រៀន​និង​សហគមន៍​៕v