កម្មវិធី Tiger Steet Football Festival ២០១៩ រដូវ​កាល​ទី​៧ បាន​បើក​ការប្រកួត​ជ្រើសរើស​ជើង​ខ្លាំងៗ ប្រចាំ​នៅ​ខេត្តសៀមរាប​

476
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុនស្រា​បៀរ Tiger បានរៀបចំ​ព្រឹត្តិការណ៍​Tiger steet football festival ២០១៩ រដូវ​កាល​ទី​៧ ដោយមាន​វគ្គ​ជ្រើសរើស​ជើងឯក​នៅតាម​បណ្តា​ខេត្ត ដើម្បី​យកទៅ​ប្រ​គួ​ត​ផ្តាច់​ព្រ័ត​នៅ​រាជធានី​ភ្នំពេញ ខណៈ​ពេលនេះ​ខេត្តសៀមរាប គឺ​បានរៀបចំ​ការប្រកួត​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ដោយមាន​ក្រុមកីឡា​ចូលរួម​ចំនួន​ច្រើន​ក្រុម ហើយ​ជ្រើស​រើសយក​ជើង​ខ្លាំងៗ​ចំនួន​១២​ក្រុម សម្រាប់​យកទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នៅពេល​ខាងមុខនេះ​។​

​លោក ម៉ៃ តុ​លាង អគ្គលេខាធិការរង​នៃ​សហ​ព​ន្ធ័​កីឡាបាល់ទាត់​កម្ពុជា បាន​ថ្លែងថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger steet football festival ២០១៩ រដូវ​កាល​ទី​៧​នេះ ជា​ផ្នែក​មួយ ក្នុងការ​រួមចំណែក​លើ​ក​ស្ទួយ​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា ហើយ​ព្រឹត្តិការណ៍​នេះ បានធ្វើ​ឡើង​នៅតាម​បណ្តា​ខេត្ត​ធំៗ​ចំនួន​៩ រួមមាន ខេត្ត​ព្រះសីហនុ , ខេត្តតាកែវ , ខេត្តកំពង់ស្ពឺ , ខេត្តបាត់ដំបង , ខេត្តបន្ទាយមានជ័យ , ខេត្តសៀមរាប , ខេត្តកំពង់ចាម , ខេត្តកណ្តាល និង នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​ខេត្ត​នីមួយៗ បានរៀបចំ​ប្រកួត​ជម្រុះ​វិលជុំ​យក​ជើង​ខ្លាំង ដើម្បី​ចូល​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ រាជធានី​ភ្នំពេញ​នាពេល​ខាង​នេះ ក្នុងការ​ដណ្តើមពានរ​ង្វាន់​ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក ។​

​លោក ម៉ៃ តុ​លាង បានបញ្ជាក់​ទៀតថា ការលេង​កីឡា​បាន​នាំមក​នូវ​សុខភាព​ល្អ បង្កើន​សាមគ្គីភាព និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។ លោក​បាន​អំពាវនាវ​ឲ្យ​យុវជន​ទាំងអស់​ចូលរួម​កីឡា​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​សុខភាព ហើយ​សម្រាប់​ការប្រកួត​ជុំ​ជម្រុះ​វិលជុំ​នៅ​ខេត្តសៀមរាប​ឆ្នាំនេះ​ឃើញថា ការចូលរួម​របស់​យុវជន មាន​សន្ទុះ​ច្រើន​ជា​ឆ្នាំមុន ដែល​នេះ គឺជា​ភាពជោគជ័យ​មួយ ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា ពិសេស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​កីឡា​កម្ពុជា មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ និង​មាន​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ ខណៈដែល​ព្រឹត្តិការណ៍ Tiger steet footballfestival២០១៩​រដូវ​កាល​ទី​៧​នេះ ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ចូលរួម​លើកកម្ពស់​វិស័យ​កីឡា​កម្ពុជា​ផងដែរ ហើយ​នៅ​សប្តាហ៍​ក្រោយនេះ ព្រឹត្តិការណ៍ Tiger steet footballfestival២០១៩​រដូវ​កាល​ទី​៧ នឹង​បន្ត​ទៅលេង​នៅ​ខេត្តកំពង់ចាម​៕ ល​