កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា ក៏​សំខាន់​ដូចគ្នា​ដល់​វិស័យ​កីឡា​

427
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ថា កម្មសិទ្ធិបញ្ញា​មិន​ត្រឹមតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការជំនួញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កីឡា​ទៅតាម​ការវិវត្តន៍​នៃ​វិស័យ​មួយ​នេះ​ផងដែរ​។​

​លោក អប់ រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា បាន​ឲ្យ​ដឹង​នៅក្រោយ​ទិវាក​ម្មសិ​ទិ្ធ​បញ្ញា​ពិភពលោក ក្រោម​ប្រធានបទ ការព្យាយាម​ទៅរក​ឱកាស​មាស កម្ម​សិ​ទិ្ធ​បញ្ញា​និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​ថា ទំនាក់ទំនង​រវាង​វិស័យ​កីឡា និង​កម្មសិទ្ធិបញ្ញា​កាន់​តែមាន​ភាពជិតស្និទ្ធ និង​មិនអាច​ខ្វះ​គ្នា​បាន ហើយ​កម្មសិទ្ធិបញ្ញា​អាចជួយ​ធានា​ឲ្យ​មាននូវ​តម្លៃ​សេដ្ឋកិច្ច ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​កីឡា​។ លោក​បាន​បន្តថា កីឡា​នៅ​កម្ពុជា​ដែល​ពាក់ព័ន្ធ​កម្មសិទ្ធិបញ្ញា គឺមាន​ក្នុង​ព្រឹ​ត្ត​ការណ៍​មួយៗ ក៏ប៉ុន្តែ​មិនទាន់មាន​ស៊ីជម្រៅ​ទេ ដោយសារ​ការយល់ដឹង​នៅមានកម្រិត រវាង​កម្មសិទ្ធិបញ្ញា​និង​កីឡា ថា​ស្ថិតក្នុង​ទំនាក់ទំនង​ជាមួយគ្នា​ក្នុង​កម្រិតណា​នោះ​?

​លោក​ប្រធាន​នាយកដ្ឋាន​ឲ្យ​ដឹង​ទៀតថា ទាក់ទង​វិស័យ​កម្មសិទ្ធិបញ្ញា​ដើរតួនាទី​ក្នុង​ទំនាក់ទំនង​រវាង​កម្ម​សិទ្ធិ​បញ្ញា​ផ្នែក​កីឡា ដែល​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ហើយនឹង​បង្កើត​ប្រាក់ចំណេញ​ជា​ច្រើ​ដល់​ក្រុមហ៊ុន ក៏ដូចជា​ដល់​អ្នករៀបចំ​កម្មវិធី​កីឡា​ធំៗ​នៅលើ​ពិភពលោក​។​

​ស្របគ្នា​ខាងលើនេះ​លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា បច្ចុប្បន្ននេះ ឧស្សាហកម្ម​កីឡា​ត្រូវបាន​ចាត់ទុកជា​ឧស្សាហកម្ម​លំដាប់​ពិភពលោក​មួយ ដែល​អាច​រកចំណូលបាន​រាប់​កោដ្ឋ​ដុល្លារ​អាមេរិក ដែល​អាចបង្កើត​ការងារ​ឲ្យ​មនុស្សជាតិ​រាប់លាន​នាក់ ហើយ​វិស័យ​កីឡា​ក៏​ជា​វិស័យ​កំសាន្ត​មួយ​យ៉ាងសំខាន់ សម្រាប់​មនុស្ស​ភាគច្រើន​ទូទាំង​ពិភពលោក​។ លោក​លើកឡើង​ទៀតថា ការប្រកួត​កីឡា​កាន់​តែមាន​ភាពស្វិតស្វាញ​និង​ផាសុខភាព ដោយសារ​បច្ចេកវិជ្ជា សម្ភារៈ និង​ឧបករណ៍​កីឡា ដែល​បង្កើតឡើង​ដោយ​គំនិត​ច្នៃប្រឌិត​ពី​បញ្ញា​របស់​មនុស្ស​ដែល​បាន​ការពារ​ដោយ​ច្បាប់​កម្មសិទ្ធិបញ្ញា​។

​ចាប់តាំងពី​ឆ្នាំ​២០០០​រហូតមក ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២៦ ខែមេសា អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​តែងតែ​ដាក់ចេញ​នូវ​ប្រធានបទ​ប្រចាំឆ្នាំ​ផ្សេងៗ​គ្នា ដើម្បី​ប្រារព្ធ “​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​” ដើម្បី​ជាការ​ផ្ញើ​សារ​ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់​នៃ​កម្មសិទ្ធិបញ្ញា ដែលជា​ឧបករណ៍​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​។ ដោយឡែក សម្រាប់​ប្រទេស​កម្ពុជា នេះ​គឺជា​លើក​ទី​៥​ហើយ ដែល​ក្រសួងពាណិជ្ជកម្ម​បាន​ប្រារព្ធ​ទិវា​នេះ​ឡើង ក្នុង​គោលបំណង​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត និង​ការយកចិត្តទុកដាក់រ​បស់​កម្ពុជា​លើ​វិស័យ​កម្ម​សិ​ទិ្ធ​បញ្ញា ដែលជា​វិស័យ​ដ៏​មាន​សារៈសំខាន់​៕ ល​

#