កម្លាំងចលករ​នៃ​បដិវត្តន៍​ពណ៌ ត្រូវបាន​ជីក​កប់​ទាំង​រស់​ហើយ​

426

​បន្ទាប់ពី​បើកសវនាការ​អស់​រយៈពេល​ជិត​១​ថ្ងៃ​រហូតដល់​ម៉ោង ៥:០៥​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល​បានប្រកាស​សាលដីកា​សម្រេច​ឱ្យ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។ ជាមួយគ្នានេះ តុលាការ​ក៏បាន​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ មិនឱ្យ​ធ្វើ នយោបាយ​រយៈពេល​៥​ឆ្នាំ​។ សាលដីកា​នេះ បិទផ្លូវ​តវ៉ា​ទាំងស្រុង​។​

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រលូត​ចេញមក​កាលពី​ឆ្នាំ​២០១២​ដោយមាន​សមរង្ស៊ី និង កឹម សុខា ជា​អ្នកដឹកនាំ ហើយ​គណបក្ស​នេះ​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​ទាំង​ទទឹងទិស​ដែល​ដំបូង​ឡើយ​គេ​គិតថា គ្រាន់តែ​ជា​ទង្វើ​ធម្មតា នៃ​គណបក្សនយោបាយ​មួយ ដែល​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ដោយ​គណបក្ស​ពីរ ដែល​ធ្លាប់តែ​ប្រខាំ​គ្នា​គឺ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ។ រហូតមកដល់​ដំណាក់កាល​ចុងក្រោយ​នេះ ទើបបាន​ធ្លាយ ចេញ​ឯកសារ​សម្ងាត់​ជាច្រើន បង្ហាញ​ច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​តាម​បន្ទាត់​ផ្លូវ​មួយ ដោយមាន​ការ គូសវៀស​ច្បាស់លាស់​ពី​ចៅហ្វាយនាយ​បរទេស​របស់គេ​ដែល​សុទ្ធតែជា​អ្នកឯកទេស​ធ្វើ​ចលនា​បដិវត្តន៍​ពណ៌ និង​ធ្លាប់​ទទួលបាន​ជោគជ័យ​នៅ​ប្រទេស​ជាច្រើន ។ ដូច្នេះ​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​ចាប់ពី​ឆ្នាំ​២០១២ ដល់ ឆ្នាំ​២០១៧ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ប៉ុន្តែ​វា​ស្ថិតនៅក្នុង​ក្របខណ្ឌ​ជា​យុទ្ធសាស្ត្រ និង​យុទ្ធវិធី នយោបាយ ដែលមាន​លក្ខណៈ​ជ្រាលជ្រៅ​មុត​ស្រួច និង​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​មាតុភូមិ​យើង​។ កឹម​សុខា​បាន​បរិយាយ ជា​ចំហរ​អំពី​ឧបាយកល​ដ៏​ទុ​ច្ច​រឹត​នេះ​អស់ហើយ ។ ឆ្លុះបញ្ចាំង​ឲ្យ​អស់​អំពី​សកម្មភាព ទាំងនេះ ទើប​យើងទាំងអស់គ្នា​មើលឃើញ​ច្បាស់​ដោយ​គ្មាន​ស្រ​ពិ​ច ស្រពិល​ទៀត​ទេ​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​កម្លាំងចលករ​នៃ​ចលនា បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។ បើ​គ្មាន​ការ​វាយ បំបាក់​ឆ្អឹងខ្នង​ពួកនេះ​ទាន់ពេលវេលា​ទេ នៅ​ម៉ោង​នេះ​យើងទាំងអស់គ្នា ប្រាកដជា​កំពុង​ហែល​ឆ្លង​ក្នុង​សមុទ្រ​ឈាម​នៃ​ព្យុះ​ព្យោមា​របស់​ចលនា បដិវត្តន៍​ពណ៌​ហើយ ។ នៅថ្ងៃនេះ​ទៀត ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​បាន​ជីក​កប់​ចោល​ទេ ប្រាកដ​ណាស់​ថា នៅ​ឆ្នាំ​២០១៨ ដែលជា​ដំណាក់ កាល​ផ្តាច់ព្រ័ត្រ បើទោះបីជា​បដិវត្តន៍​ព​ណ៌​ទទួល បាន​ជោគជ័យ​ក៏ដោយ ក៏​ឬ​បរាជ័យ​ប្រាកដ​ណាស់​ថា ឈាម​ខ្មែរ ត្រូវតែ​ហូរ ។

​ត្រូវ​មើលឃើញ​ឲ្យ​ច្បាស់​ទាំងអស់គ្នា​ថា គណបក្ស​សង្គ្រោះ​ជាតិ​គឺ​បដិវត្តន៍​ពណ៌​បដិវត្តន៍​ពណ៌​គឺ​គណបក្ស សង្គ្រោះ​ជាតិ ។ ពួក​មេដឹកនាំ​គណបក្ស​នេះ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ឥតខ្ចោះ​នូវ​គោលការណ៍ យុទ្ធវិធី យុទ្ធសាស្ត្រ នៃ​បដិវត្តន៍​ពណ៌​ដោយ​ធ្វើការ​បំផុស​ឲ្យ​កក្រើក​ឡើង​នូវ​ទិស​ស្លោក​នយោបាយ ”​ការផ្លាស់ប្តូរ ជា​វិជ្ជមាន​” ក្រោមលេស នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធមនុស្ស ។ តាំងពី​ឆ្នាំ​២០១២​មក គណបក្ស សង្គ្រោះ​ជាតិ​បាន​ជំរុញ​អនុវត្ត​ខ្លាំង​នូវ គោលការណ៍​នេះ ជាពិសេស​ក្នុងអំឡុង​មុនពេល​ក្នុងពេល និង​ក្រោយពេល​បោះឆ្នោត​ឆ្នាំ​២០១៣ ។ ក្រោយ​បោះ ឆ្នោត​ភ្លាម​សកម្មភាព​ជាច្រើន​ត្រូវបាន​គេ​ធ្វើ ហើយ​ដែលមាន​ច​រឹត​ជាការ​ប្រមាថ​មាក់ងាយ​ដល់​ព្រះមហា​កក្ស​ត្រ​ដល់ រដ្ឋសភា និង​ដល់​ប្រជាជន ដែលជា​ម្ចាស់ឆ្នោត និង​រំលោភ​គោលការណ៍​ច្បាប់​ទាំង​បំពាន ។ ព្រះមហាក្សត្រ​កោះប្រជុំ​សម័យប្រជុំ ដំបូង​នៃ​រដ្ឋសភា ពួកគេ​មិន​ចូលរួម បែរជា​នាំគ្នា​ទៅ​ដើរលេង​នៅឯ​ខេត្តសៀមរាប ។ ពួកគេ​បាន​ដឹកនាំ ប្រជាជន​ធ្វើ​មហា​បាតុកម្ម​ទាមទារ​នេះ ទាមទារ​នោះ សូម្បីតែ​រឿងអាស្រូវ ”​ក្នុង​ខោ​” របស់ កឹម សុខា ក៏​គេ​កៀងគរ មហាជន​ឲ្យ​មក​ធ្វើបាតុកម្ម​គាំទ្រ​ដែរ ។ គេ​នាំគ្នា​បញ្ឆេះ​ឲ្យ​មាន​ធ្វើបាតុកម្ម​តាម​ដងផ្លូវ បង្ករ​ឲ្យ​មាន​មនុស្ស​ស្លាប់​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ និង​សាធារណៈ​យ៉ាង​សន្ធឹកសន្ធាប់ ។ ពួកគេ​ឃោសនា វាយប្រហារ​មកលើ​គណ​បក្ស​កាន់ អំណាច និង​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​អ្នកគាំទ្រ​គណបក្ស ប្រជាជន​កម្ពុជា​ទាំងអស់​ថា សុទ្ធតែជា​ពួក​អា​ក្បាល យួន​ខ្លួន​ខ្មែរ ពួក​អាយ៉ងយួន ពួក​អា​កុ​ម្មុយ​នី​ស​ផ្តាច់ការ ពួក​អា​ក្បត់ជាតិ ពួក​អាល​ក់​ជាតិ ពួក​អា​មេចោរ សព្វ​បែប សព្វ​យ៉ាង​ទាំងអស់​ដែលមាន​ចេតនា​ញុះញង់ បំផុសប្រជាជន​ឲ្យ​ស្អប់ខ្ពើម​គ្នា ចងគំនុំ​គុំកួន​គ្នា​បំបែកបំបាក់​សាមគ្គី ជាតិ បង្កើត​ឲ្យ​មាន​ចលាចល បង្ករ​ឲ្យ​កើតមាន​សង្គ្រាម​សារជាថ្មី ។ បើ​មហា​បាតុកម្ម​ក្លាយទៅជា​កុប្បកម្ម​បង្ហូរឈាម​ហើយ​ពេលនោះ រូបរាង​ពិតប្រាកដ​នៃ​បដិវត្តន៍​ពណ៌​លែង​នៅ​បាំង​ស្រមោល​អ្វី​ទៀតហើយ​….​បដិវត្តន៍​ផ្កាឈូក ឬ​ប​ដិ វត្ត​ន៍​ពណ៌​ខ្មៅ​នឹង​បង្ហាញខ្លួន ។

​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ចុងក្រោយ​នេះ បើទោះបី​បដិវត្តន៍​ពណ៌​បាន​ពន្លិច​បណ្តា​ប្រទេស​ក្នុង​ប​ជ្ឈឹ​ម បូព៌ា និង​ប្រទេស​អាហ្វ្រិក​មួយចំនួន​ឲ្យ​លិច​ក្នុង​សមុទ្រ​ឈាម​ហើយ​ក្តី ប៉ុន្តែ​យើង​មិនដឹង​ច្បាស់​ថា តើ​បដិវត្តន៍​បាន ទទួល​បរាជ័យ​ទាំងស្រុង​នៅ​ប្រទេស​ណាខ្លះ​នោះទេ ។ ប៉ុន្តែ​នៅ​កម្ពុជា​វិញ​ចលនា​បដិវត្តន៍​ពណ៌​ដែល​គេ​យក​គណ បក្ស​សង្គ្រោះ​ជាតិ​មក​ធ្វើជា​កម្លាំងចលករ ដើម្បី​ដំណើរការ​នោះបាន​ទទួល​បរាជ័យ​ទាំងស្រុង ។ កម្លាំងចលករ​ដ៏ ថោកទាប​មួយ​នេះ​ត្រូវបាន​ជីក​កប់​ចោល​ក្នុង​ដី​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះហើយ ។ ផ្តើមចេញ​ពីនេះ​អ្នក សរសេរ​ប្រវត្តិសាស្ត្រ​ក្នុង​ពិភពលោក​ប្រាកដជា​ទទួលបាន​នូវ​ឯកសារ បទពិសោធន៍ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់ វិភាគ​នៅក្នុង​សំណេរ​របស់ខ្លួន​ថា បដិវត្តន៍​ពណ៌​ដែល​ធ្លាប់តែ​ទទួលបាន​ជោគជ័យ​នៅ​ប្រទេស​ជាច្រើន ហេតុអ្វី​បាន ជា​មក​ត្រូវ​ជីក​កប់​ទាំង​រស់នៅក្នុង​ទឹកដី​កម្ពុជា​យើង​នេះ​ទៅវិញ​??…..៕ ដោយ​៖ លី ទួង​

​គណបក្ស​សង្គ្រោះ​ជាតិ​ពេលនេះ​នៅសល់តែ​អនុស្សាវរីយ៍​(​រូប​ហ្វេ​ស​ប៊ុ​ក​)