កម្លាំងនគរបាលខណ្ឌឬស្សីកែវ តាមចាប់ជនសង្ស័យ២នាក់វាយខ្នោះបន្ទាប់ពីឆក់ទូរស័ព្ទ

734
ចែករម្លែក

ដោយ : សាវរក្ស/ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវបានដេញតាមបង្ក្រាបជនសង្ស័យចំនួន២នាក់ ដែលកំពុងព្យាយាមជិះម៉ូតូរត់គេចខ្លួនក្រោយពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មួយគ្រឿង បាន សម្រេចពីជនរងគ្រោះតាមដងផ្លូវសាធារណៈ នៅភូមិទួលគោក សង្កាត់ទួលសង្កែទី១ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។

លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបានទី១-ឈ្មោះ ហ៊ីម សុះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំការឱឡឹក សង្កាត់ការកាប ខណ្ឌពោធ៍សែនជ័យ ទី២-ឈ្មោះ ចាន់ រក្សា ហៅអាម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ឯជនរងគ្រោះឈ្មោះ ឡូញ មធូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងសាំងតេលា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ (បានដួលរង របួសជើងស្តាំសម្រាក​នៅពេទ្យ​ពន្លឺរស្មី)។

លោកអធិការខណ្ឌឬស្សិកែវ បានបន្ថែមទៀតថា នៅក្នុងប្រតិបត្តិការដេញតាមបង្ក្រាប​ជនសង្ស័យ​ជាចោរឆក់​ទាំង២នាក់នេះដែរ កម្លាំងនគរបាលរបស់លោកបានដកហូតវត្ថុតាងដូចជា មានម៉ូតូម៉ាកសេ១២៥ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភព1GC-6091 និងទូរស័ព្ទដៃ១គ្រឿង ម៉ាកNix ពណ៍មាស ប្រើស៊ីមលេខ ០៩៦ ៩៩៧១៩៥៨ ដែលជារបស់ជនសង្ស័យ រួមជាមួយទូសសព្ធ័ដៃ១គ្រឿងទៀតម៉ាកអាយហ្វូនស៊ិចភ្លើស ពណ៌ទឹកប្រាក់ ត្រូវបានយកមកប្រគល់ជូនឲ្យជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យជាចោរឆក់ទាំង២នាក់ ជាមួយវត្ថុតាង បាននិងកំពុងស្ថិតនៅក្រោមការសាកសួរចម្លើយ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការអនុវត្តតាមនិតិវិធី៕B