កម្លាំង​កងរាជអាវុធហត្ថ ចាប់​រថយន្ត​ដឹកឈើ ប្រគល់​ឲ្យ​ទីចាត់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស​

368

(​ពោធិ៍សាត់​)៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វាលវែង ចុះ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ១​គ្រឿង ប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន (​ទីចាត់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស​) បន្ត​នីតិវិធី​។ ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ត្រង់ចំណុច​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

មន្ត្រី​អាវុធហត្ថ​ចុះ​ប្រតិបត្តិការ​ខាងលើ បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​នោះ កម្លាំង​បានធ្វើ​ការបង្ក្រាប រថយន្ត​ចង្កូត​ឆ្វេង​ចំនួន​១​គ្រឿង​ម៉ាក HINO ក្បាល​ពណ៌​ស ទ្រង់​ពណ៌​ត្រាវ​ឆ្នូត​បៃតង លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3B -2407 ដឹកឈើ​ចំនួន​២៣​ដុំ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន​។ ឈើ​លើ​រថយន្ត​មាន​ចំនួន​២៣​ដុំ ស្មើនឹង​ចំនួន​១៨,៩០០​ម៉ែត្រត្រីគុណ ហើយ​ឈើ​នេះ​ជា​ប្រភេទ​ឈើរា​ជ​កុល​។

​ប្រភព​បន្តថា ជា​លទ្ធផល​ក្នុងការ​បង្ក្រាប ទាំង​វត្ថុតាង​ទាំង​រថយន្ត​ទាំង​ឈើ កម្លាំង​កងរាជអាវុធហត្ថ​បានប្រគល់​ឲ្យ​ទីចាត់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស ដើម្បី​យកទៅ​រក្សាទុក នឹង​បន្ត​នីតិវិធី​៕L ដោយ​៖ លីន​ណា​