កម្លាំង​ជំនាញ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ឃាត់ខ្លួន​បាន​៣​នាក់ ជាមួយ​គ្រឿងញៀន​ជិត​៤​គីឡូក្រាម​

852

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៦) បាន​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដែលមាន​អង្គការ​ចាត់តាំង​ធំ ១​ករណី រឹបអូស​គ្រឿងញៀន ជិត​៤​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។​

​របាយការណ៍​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៦) ដែល​រស្មី​កម្ពុជា ទទួលបាន​នៅ​ថ្ងៃទី​២០​ឧសភា​នេះ បាន​បង្ហាញថា​៖
– នៅវេលា​ម៉ោង ២៣ និង ១០ នាទី ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៨ នា​ចំណុច​ផ្សារ​តាប៉ាង សង្កាត់ ផ្សារ​ថ្មី​១ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ​កម្លាំង​ជំនាញ “​ក​៦” របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ​តាម​វិធាន​ញុះញង់​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ លទ្ធផល​៖

១• នៅវេលា​ម៉ោង ២៣ និង ១០ នាទី ឃាត់ខ្លួន​ជនល្មើស​១​នាក់ ឈ្មោះ តេង ស៊ីថេន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។ ចាប់យក​វត្ថុតាង​៖ សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ice ទម្ងន់ ៩៩,៨០ ក្រាម ។​

២• នៅវេលា​ម៉ោង ២ និង ៣០ នាទី នាទី ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល​ជាន់​ទី​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ហើយ​បន្ត​ឃាត់ខ្លួន​ជនល្មើស​ម្នាក់ទៀត ឈ្មោះ រ៉ុង ឌី​ណា ភេទ​ស្រី អាយុ ២៩​ឆ្នាំ​។ ចាប់យក​វត្ថុតាង​៖ – សារធាតុ អិ​ច​ស្តា​ស៊ី MDMA ទម្ងន់ ៧៨០,៩​ក្រាម​។ – សារធាតុ​ម៉េ​តំ​ហ្វេ​តា​មីន ICE ទម្ងន់ ២៣៣៤,៩៨ ក្រាម​។ – សារធាតុ កេ​តា​មីន K ទម្ងន់ ៣៩៣,៧២ ក្រាម​។​

៣• នៅវេលា​ម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវឌឿងហែម ផ្ទះ​១៥៨C ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បន្ត​ឃាត់ខ្លួន​ជនល្មើស​ម្នាក់ទៀត​ឈ្មោះ សុខ រី​ខាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​។ ចាប់យក​វត្ថុតាង​៖ សារធាតុ​ម៉េ​តំ​ហ្វេ​តា​មីន ICE ទម្ងន់ ១៣,៣៦ ក្រាម​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា សរុប​ទាំង ៣​លើក គឺ​ឃាត់​បាន​ជនល្មើស ៣​នាក់ (​ស្រី ១) ចំណែក​វត្ថុតាង​សរុប​៖ – មេ​តំ​ហ្វេ​តា​មីន​ICE ទម្ងន់ ២៤៤៨,១៤​ក្រាម​។ – អិ​ច​ស្តា​ស៊ី ទម្ងន់ ៧៨០,៩ ក្រាម​។ – កេ​តា​មីន K ទម្ងន់ ៣៩៣,៧២ ក្រាម​។ សរុប​គ្រឿងញៀន ៣​ប្រភេទ ទម្ងន់ ៣៦២២,៧៦​ក្រាម​៕ ល​