កម្លាំង​នគរបាល​ខណ្ឌដូនពេញ តាម​បង្ក្រាប និង​ចាប់ខ្លួន​ក្រុមចោរឆក់​ចំនួន​៤​នាក់​

288

(​ភ្នំពេញ​)៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដែលជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​អំពើហិង្សា (​ឆក់​កាបូបស្ពាយ​) ២​ករណី​ផ្សេងគ្នា​។ ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​កាលពី​ម៉ោង ៤​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧​។​

​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ វ៉ាន់ វិ​សាន់ អាយុ​១៦​ឆ្នាំ​, ទី​២-​ឈ្មោះ អឿន សុភ័ក្ត្រ​ពេជ្រ អាយុ​១៥​ឆ្នាំ​, ទី​៣-​ឈ្មោះ លី តុលា អាយុ​១៧​ឆ្នាំ ,​ទី​៤-​ឈ្មោះ តាំង គីម​សួរ អាយុ​១៦​ឆ្នាំ នៅ​ចំណុច​មុខ​វត្ត​បទុម​វ​តី ផ្លូវ​ស៊ូ​ស្រ៊ុន សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​កាបូបស្ពាយ​) ដែល​ប្រព្រឹត្តឡើង កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល នៅ​ចំណុច​ផ្លូវ​លេខ​១៧៨​កែង​ផ្លូវ​លេខ​៥១ ភូមិ​ទី​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ Svanfa Burgwinkel ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិ​អាឡឺម៉ង់ មុខរបរ​ទេសចរណ៍ ស្នាក់​នៅផ្ទះ​លេខ​២២ ផ្លូវ​១០៧ សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​សម្ភារ​បាត់បង់​មាន កាបូបស្ពាយ​ចំនួន​១, លុយ​120$, Credit Card១, ATM Card១, ATM អាឡឺម៉ង់​១ និង​ID Card១​។ វត្ថុតាង​ចាប់យក ម៉ូតូ​ម៉ាក​សេ​110(​ប៊ិច​) ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1BQ-0020 1​គ្រឿង និង​ម៉ាក SUZUKI NEX ពណ៌​ខ្មៅ​ក្រហម ស្លាក​លេខ ភ្នំពេញ 1GG-20211​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់ រួមជាមួយ​វត្ថុតាង​ម៉ូតូ​ចំនួន​០២​គ្រឿង បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​