កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជនសង្ស័យ​៣​នាក់​ឆក់​ទូរស័ព្ទ និង​២​នាក់​ផ្សេងទៀត​រក្សាទុក​គ្រឿងញៀន​

709
ចែករម្លែក

​ដោយ:សាវ​រក្ស​/​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​តាម​បង្ក្រាប​ក្រុមចោរឆក់​ទូរស័ព្ទដៃ​តាម​ដងផ្លូវ​សាធារណៈ តែ​មិនបាន​សម្រេច​ចំនួន​៣​នាក់ និង​២​នាក់​ផ្សេងទៀត រក្សាទុក​ថ្នាំញៀន និង​កាន់​ដាវ​សំ​ញ៉ែង អាវុធ​គ្មាន​ការអនុញ្ញាត (​ដាវ​សាំ​ម៉ូ​រ៉ៃ​) ត្រូវបាន​តាម​ស្រាវជ្រាវ​រហូត​បង្ក្រាប​ឃាត់ខ្លួន​ជាក់ស្ដែង ទាំង​នៅពេល​រសៀល និង​នៅពេល​រាត្រី ក្នុង​៣​គោលដៅ និង​៣​ករណី​ផ្សេងៗ​គ្នា ដកហូត​បាន​ដាវ​១​ដើម ថ្នាំញៀន ម៉ូតូ​៣​គ្រឿង និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

​កម្លាំង​ជំនាញ​បាន​ឲ្យ​ដឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា​ការ​ដេញតាម​បង្ក្រាប​ជាក់ស្ដែង ចំពោះ​ក្រុមចោរឆក់​ទូរស័ព្ទ​ពុំទាន់​បា​នស​ម្រ​ច​ចំនួន​៣​នាក់ ដែលជា​ករណី​ទី​១ គឺ​បាន​អនុវត្ត​ឡើង​ភ្លាមៗ ដោយសារតែ​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ កំពុងតែ​ជិះ​ម៉ូតូ​ម្នាក់ឯង ដោយ​យក​ទូរស័ព្ទ​ថត​ឡាយ លេង​បណ្ដើរ​តាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ មក​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង ហើយ​ធ្វើ​សកម្មភាព​ឆក់​តែម្តង (​តែ​ពុំទាន់​បានសម្រេច​ឡើយ​)​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ ទី​១.ឈ្មោះ ជា ហេង អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​, ទី​២.ឈ្មោះ ឃ​ន រ៉ា​សាន់ អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង ស្នាក់នៅ ភូមិ​កំពង់ត្របែក ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​, ទី​៣.ឈ្មោះ ទី សុខ​គង់ អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ក្នុង​ខណ្ឌ​សែន​សុខ​។​

​រួច​ជនសង្ស័យ​ជិះ​គេចខ្លួន​បានត្រឹមតែ​មួយសន្ទុះ​ប៉ុណ្ណោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​យាមល្បាត ដេញតាម​ប្រផាប់​ប្រ​ភីង រហូតមកដល់ ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ទើប​ឃាត់ខ្លួន​បាន​ដកហូត​ម៉ូតូ​២​គ្រឿង ក្នុងនោះ​មាន​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង​1J-5315 មួយគ្រឿង និង​១​គ្រឿង​ទៀត​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង​1B-2257​។​

​លោក​បន្តថា ការបង្ក្រាប​ករណី​ទី​២ គឺ​បាន​អនុវត្ត​ឡើង​នៅក្នុង​កិច្ចប្រតិបត្តិការ ក្រោយ​បញ្ចប់​ការស៊ើបអង្កេត រហូត​ឈានទៅ​លប​ឆ្មក់​បង្ក្រាប ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅត្រង់ចំណុច​ផ្លូវ​បេតុង ក្នុង​ក្រុម​១ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ដោយ​ក្នុងនោះ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​។​

​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បានបញ្ជាក់​ទៀតថា នៅក្នុង​សកម្មភាព​បន្ត​យាមល្បាត​ជាប្រចាំ ក​ន្លាំ​ង​នគរបាល​ប៉ុស្ដិ៍​គីឡូ​ត៍​ម៉ែត្រ​លេខ​៦ បាន​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ កាន់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត (​ដាវ​សាំ​ម៉ូ​រ៉ៃ​) នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្រុមទី​២ ភូមិ​បឹង​ឈូក ក៏​សម្រេច​ឃាត់ខ្លួន​យកមក​សាកសួរ និង​ដកហូត​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​គុប ពាក់​ស្លាក​លេខ​ក្លែងក្លាយ​កំពង់ឆ្នាំង​1B-8169 រួមជាមួយ​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​។​

​ឯ​ជនសង្ស័យ​ឃាត់ខ្លួន​ពាក់ព័ន្ធ​រក្សាទុក​ថ្នាំញៀន​ឈ្មោះ កា​ដា​លី (​ហៅ​ដា​) អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្រុម​៣ ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​។ ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ពាក់ព័ន្ធ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញាត (​ដាវ​សាំ​ម៉ូ​រ៉ៃ​) ឈ្មោះ យិន ឧ​ត្ត​ម អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ចំណុចកើតហេតុ និង​មាន​សារធាតុ​ញៀន​។​

​ក្រោយពី​បង្ក្រាប​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់ ក្នុង​៣​ករណី​ផ្សេងៗ​គ្នា ជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ទាំងឡាយ ត្រូវបាន​នាំយកមក​បន្ត​ឃុំខ្លួន​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ក្នុង​ការកសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​៕​B/