កម្លាំង​នគរបាល​ខេត្តសៀមរាប បង្ក្រាបបាន​ជនសង្ស័យ​១០​នាក់ ដែល​សកម្ម​ខាង​លួច​ឆក់​ជា​បន្តបន្ទាប់​

830
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥:៣០​នាទី បន្ទាប់ពី​មាន​ករណី​ឆក់​កាបូប​នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជា ង៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង តែ​មិនបាន​សម្រេច តែ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង ធ្វើការ​ប្រដេញ រហូត​ចាប់​ឃាត់ ខ្លួន​ជនសង្ស័យ​និង​ម៉ូតូ​បាន យកមក​ធ្វើការ​សាកសួរ​នាំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ សាង ប៊ុណ្ណា​រ៉ាត់ និង​ទី​២-​ឈ្មោះ លឹម ម៉េង​ហួរ ជិះ​ម៉ូតូ​១​គ្រឿ​ប​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កាំ​បន្ទះ​ខ្មៅ​។​

​ផ្អែក​តាម​ការ​ស្តាប់​ចម្លើយ របស់​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី អង្គភាព​នគរបាល​ទេសចរណ៍ យើង​បាន​បន្ត​បើក​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​បក្សពួក​ជនសង្ស័យ បាន​ចំនួន​៥​នាក់​នៅក្នុង​ក្រុង​សៀមរាប និង​បន្ត​ឃាត់ខ្លួន​បក្ស​ពួន​ជនសង្ស័យ​នៅក្នុង​ស្រុក​សូន​និគម​ន៍​បាន​ចំនួន​៣​នាក់​បន្ថែមទៀត ទាំង​ប្រាំ​បីនាក់​នេះ​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ធ្លាប់ធ្វើ​សកម្មភាព លួច​ឆក់​កាបូប នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​ទាំង​១០​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​៖ ទី​១. ឈ្មោះ ណា គឹម​ហៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​២-​ឈ្មោះ វ៉ុ​ន តៃ​វេត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៣-​ឈ្មោះ សេង ថៃ​សុថា​ត់ ហៅ​ខួច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៤-​ឈ្មោះ ហួរ វណ្ណា ហៅ​វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៥-​ឈ្មោះ សិ​ដ្ឋ ដាំ​រ៉ុង ហៅ​សាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៦-​ឈ្មោះ លឹម ម៉េង​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៧-​ឈ្មោះ ឃ្លាំង វេហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៨-​ឈ្មោះ នូ ម៉ា​រី​ម៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៩-​ឈ្មោះ លី គឹម​ឈាន ហៅ​ទី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ទី​១០.​ឈ្មោះ សាន ប៊ុណ្ណា​រ៉ាត់ ហៅ​កឺ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។​

​ដកហូត​វត្ថុតាង​បានរួម​មាន​៖ – អាយ​ភេត​(IPad)​ពណ៌​ខ្មៅ​ចំនួន​១, – ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​សិច​(IPhone6), – ទូរស័ព្ទ​ម៉ាក​Samsung, – ទូរស័ព្ទ​ណូគា​ចុច​ពិល​, – កាបូប​លុយ​ពណ៌​ខ្មៅ​២, – កាបូប​លុយ​ស្ត្រី​៤, – ស្ពី​ក​ឃឺ​១, – កាបូបស្ពាយ​ចំនួន​៤, – អាយ​ហ្វូ​ន​សេ​វេន​ពណ៌​ស​១(IPhone7), – ម៉ា​ស្ទឺ​កាត​(Master card)៣, – ស៊ីម​កាត​ក្រៅប្រទេស​១, និង​ម៉ូតូ​ចំនួន​៣​គ្រឿង​។

​បច្ចុប្បន្ន នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូន​ក្រុម​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

#