កម្លាំង​នគរបាល​ខេត្ត នាំមុខគេ​ចុះជួយ​ច្រូតស្រូវ​ទុំ រំដោះ​ពី​ទឹកជំនន់ នៅ​ស្រុក​មង្គល​បូរី​

884
ចែករម្លែក

ដោយ​៖ ប​.​ជ័យ​/
​បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ចម្រុះ ចំណុះ​ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ជាង ៤០០ នាក់ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ បាន​នាំមុខគេ ចុះជួយ​មុជ​ច្រូត​ដណ្តើម​ស្រូវ​ទុំ ពី​ទឹកជំនន់ នៅ​ស្រុក​មង្គល​បូរី ។ ក្រៅពីនោះ មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​កសិកម្ម និង​អ្នកពាក់ព័ន្ធ​ខ្លះទៀត ក៏បាន​ចូលរួម​ច្រូតស្រូវ ដែល​លិចលង់​ដ៏​ជ្រៅ ក្នុង​ទឹកជំនន់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ ការផ្តើម​អន្តរាគមន៍​ជួយ​នេះ ធ្វើឡើង​ពី​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ មក នៅ​វាលស្រែ ក្នុងភូមិ​កាម​ល់ និង​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ។ យោង​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​ខាង​កសិកម្ម ក៏​ដូច​បងប្អូន​ប្រជាកសិករ បាន​និយាយ​នៅ​ថ្ងៃទី​៧ ខែសីហា​ថាៈ គ្រាន់តែ​ភួ​មិ​ខ្លះ នៃ​ឃុំ​រហាត់ទឹក​មួយ​នេះ មាន​ស្រូវស្រាល​ដើមរដូវ ពូជ​សែន​ក្រអូប បាន​រងគ្រោះ លិចលង់​ក្នុង​ទឹកជំនន់​ជាង ២.០០០ ហិកតា ក្នុងនោះ ភាគច្រើន រង​ផលប៉ះពាល់ និង​ភាគតិច បាន​ឈានដល់ ខូចខាត​ហើយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​បន្តថាៈ យោង​ស្ថានភាព​គ្រោះមហន្តរាយ ធម្មជាតិ​ទឺ​ក​ជំនន់ តាំងពី​ថ្ងៃទី​២៨ ខែកក្កដា មកទល់​ថ្ងៃទី​៧ ខែសីហា​នេះ និង​យោង​ការណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ ទើប​លោក​ផ្ទាល់ បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត ស្រុក ក្រុង និង​កម្លាំង​នគរ​ការពារ​ព្រំដែន​គោក ចំនួន​ជាង ៤០០ នាក់ ចែកជា ៦ ក្រុម​ធំ ចុះ​អន្តរាគមន៍ ជួយ​ច្រូតកាត់ ប្រមូល​ផល​ស្រូវ​ទុំ នៅ​ភូមិ​កាម​ល់ ភូមិ​ចក ឃុំ​រហាត់ទឹក​នេះ ។ លុះ​មុជ​ច្រូតកាត់​ស្រូវ​ទុំ ចង​ជា​កណ្តាប់​រួច កម្លាំង​នគរបាល បន្ត​ជួយ​ដឹកជញ្ជូន តាម​ក្បួន​ប្លា​ស្ទិ​ក និង​តាម​ទូក យកទៅ​ជូន​ដល់ផ្ទះ​បងប្អូន​កសិករ​រងគ្រោះ​។​

​ចំណែក​បងប្អូន​កសិក​រ​រងគ្រោះ បាន​ថ្លែង​អំណ​គុណ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ក៏ដូចជា​កងកម្លាំង ព្រមទាំង​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ ដែល​បាន​ជួយ​អន្តរាគមន៍ ចុះ​ច្រូតស្រូវ របស់​បងប្អូន នៅពេលនេះ ។​

​រីឯ​មន្ត្រី​យោធា បាន​ប្រាប់ រស្មី​កម្ពុជា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៨ ខែសីហា​ថាៈ នៅ​ព្រឹក​នេះ តទៅ កម្លាំង​កងទ័ព នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ ប្រមាណ ៥០០ នាក់ ក៏ត្រូវ​ចុះជួយ​មុជទឹក ច្រូតស្រូវ​របស់​បងប្អូន​កសិករ​រងគ្រោះ​ដែរ នៅ​ចំណុច​ភូមិ​ចក ឃុំ​រហាត់ទឹក​៕v