កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ហ្វឹកហាត់​បាញ់​គ្រាប់​ពិត ទទួលបាន​លទ្ធផល​ល្អ​បង្គួរ ៨៩​ភាគរយ​

1055
ចែករម្លែក

ភ្នំពេញ​៖ ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត ទទួលបាន​លទ្ធផល​ប​ឋ​ម​បានល្អ​បង្គួរ​រហូតដល់​៨៩​ភាគរយ​។ ការបាញ់​នេះ មាន​៣​ប្រភេទ​រួមមាន​៖ ក្រាប​បាញ់​ចំងាយ​១០០​ម៉ែត្រ​, លុតជង្គង់​បាញ់​ចំងាយ​៥០​ម៉ែត្រ និង​ឈរ​បាញ់​ចំងាយ​៣០​ម៉ែត្រ​។ នេះ​បើតាម​ប្រសាសន៍​លោក​វរសេនីយ៍ឯក ព្រំ ចាន់ណា នាយរង​សេនាធិការ និង​ជា​មេបញ្ជាការ​អង្គភាព​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ប្រមាណ​១៥០​នាក់ (​ស្រី​១៥​នាក់​) នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៧-៨ ខែសីហា ឆ្នាំ​២០១៧ បានរៀបចំ​ពិធី​បាញ់​គ្រាប់​ពិត នៅក្នុង​បរិវេណ​អង្គភាព​តម្រួត​បទបញ្ជា (​ត្រពាំង​ក្រសាំង​) ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត ធ្វើឡើង​ក្នុង​គោលបំណង ពង្រឹងសមត្ថភាព​លើ​កិច្ចការពារ​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្រជាជន​។​

​លោក ព្រំ ចាន់ណា ដែល​ដឹកនាំ​បញ្ជាការ​ហ្វឹកហាត់​បាញ់​ផ្ទាល់ បានបញ្ជាក់​ដោយ​ភាពម៉ឺងម៉ាត់ យ៉ាង​ដូច្នេះ​ថា «​ការបាញ់​គ្រាប់​ពិត​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព នៅ​ពេលចេញ​ប្រតិបត្តិការ យើង​នឹង​ទទួលបាន​ជោគជ័យ បើ​យើង​មិនចេះ​ប្រើប្រាស់​អាវុធ​ទេ ពេល​យើង​ចេញ​ប្រតិបត្តិការ យើង​នឹងមិន​ទទួលបាន​ជោគជ័យ​ទេ​។ យើង​ហ្វឹកហាត់​នេះ ដើម្បី​ថែរក្សា ការពារ រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្រជាជន​។ ការដឹកនាំ​នេះ​ធ្វើឡើង ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ចង្អុល​មក​ខ្ញុំ ដឹកនាំ​ការបាញ់​ផ្ទាល់ លើ​ការចេះ​ប្រើប្រាស់​អាវុធ​»៕ ដោយ​៖ លីន​ណា​