ចែករម្លែក

​ដោយ​: ចាន់តូ​
​ភ្នំពេញ​:
កម្លាំង​នគរបាល​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ស្ដ្រី​ជា​មេខ្លោង​ចែកចាយ​ថ្នាំញៀន​ម្នាក់ ដកហូត​បាន​ថ្នាំញៀន​ប្រមាណ​ជិត​១​គីឡូក្រាម នៅ​ចំណុច​ខាងលិច​ផ្សារ​ធំថ្មី ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​លេខ​៦៧ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​សម្របសម្រួល​ពី លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​បន្ថែម​ថា ក្រោយ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ា ចាន់​ធី ភេទ​ស្រី មុខរបរ​សំអាងការ និង​ដកហូត​បាន​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ៩៩៩.៥៦​ក្រាម និង​ទូរស័ព្ទដៃ​១​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕ ល​