កម្លាំង​សន្តិសុខ​ចំនួន​៦០​នាក់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន

96
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៩​នៅ​រដ្ឋបាល​ខណ្ឌមានជ័យ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ដែល​បាន​ដំណើរការ​អស់​រយៈពេល​ពេញ​១​ថ្ងៃ​ជូន​ដល់​បងប្អូន​ប្រជា​ការពារ​ខណ្ឌមានជ័យ​សរុប​ចំនួន​៦០​នាក់​។​

នាឱកាស​នោះ​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ​បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ព្រមទាំង​សូម​ចូលរួម​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការបញ្ចប់​វគ្គ​នា​ថ្ងៃនេះ ។

​លោក​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ​សង្ឃឹម​និង​ជឿជាក់ថា​បន្ទាប់ពី​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះហើយ​អស់លោក​ជា​សិក្ខាកាម​ទាំងអស់​នឹង​អាច​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ក៏ដូចជា​ជួយ​ដល់​ជនរងគ្រោះ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​ព្រោះថា​បងប្អូន​គឺជា​អ្នក​នៅ​ជិត​និង​ចុះ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ជាងគេ​បំផុត​ឬ​ក៍​អាច​ដើរតួនាទី​ជា​គ្រូពេទ្យ​ក្នុងការ​ជួយសង្គ្រោះ​បឋម​ជូន​ប្រជាជន​ដែរ​កើតហេតុ​ចំពោះមុខ​យើង​បាន ។​

​បន្ថែម​ពីនេះ​ទៀត​កម្លាំង​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌមានជ័យ​បាន​ចូលរួម​វគ្គ​វិជ្ជា​សង្គ្រោះ​បឋម​ចំនួន​៣​លើក​រួចមកហើយ​ដែរ​គឺ​លើក​ទី​១​មាន​ចំនួន​៨៥​នាក់​ទទួល​ការបង្ហាត់បង្ហាញ​ផ្ទាល់​នៅ​សាលាខណ្ឌ​មានជ័យ​ផ្ទាល់​។​លើក​ទី​២​មាន​ចំនួន​២៥​នាក់​ទទួល​ការបង្ហាត់បង្រៀន​នៅ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ។​លើក​ទី ៣ មាន​ចំនួន ៦០​នាក់​ដែរ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​៥០​រួមទាំង​សង្កាត់ ១០​នាក់ ទទួល​ការបណ្តុះបណ្តាល​នៅ​សាលាខណ្ឌ​មានជ័យ​ផ្ទាល់​តែម្តង សរុប​ទាំងអស់ មាន​ចំនួន ១៧០​នាក់ ។​

​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​បាន​បញ្ជាក់ថា​ជា​លទ្ធផល​ក្នុង​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​នេះ សិក្ខា កាម​ទទួលបាន​និទ្ទេស​ល្អ​៧៥​ភាគរយ និង​មធ្យម​២៥​ភាគរយ​៕S/​