ដោយ:បូកគោ/កំពត ៖ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទត្រូវបង្កើនការប្រុងប្រយ័ត្ន និងរក្សាសុវត្ថិភាពជូនភ្ញៀវជិតឆ្ងាយដែលចូលមកកម្សាន្តក្នុងទឹកដីនៃខេត្តកំពតឱ្យអស់ពីសមត្ថភាព។
នាឱកាសចូលរួមអបអរ និងជូនពរប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថារៀងរាល់ពិធីបុណ្យទានម្តងៗ ទេសចរជិតឆ្ងាយបាននាំគ្នាចូលមកកម្សាន្តនៅខេត្តកំពតយ៉ាងច្រើនកុះករ។ ជាមួយ នឹងភាពសប្បាយរីករាយទាំងនេះ ភ្ញៀវគ្រប់រូបតែងប្រាថ្នាជៀសផុតពីគ្រោះអាក្រក់ទាំងឡាយ។ ដូច្នេះ កម្លាំង សមត្ថកិច្ចគ្រប់ប្រភេទត្រូវបង្កើនការប្រុងប្រយ័ត្ន និងរក្សាការពារសុវត្ថិភាពជូនភ្ញៀវឱ្យអស់ពីសមត្ថភាព ពិសេស បញ្ចៀសនូវការកកស្ទះចរាចរដោយជួយសម្រួល ព្រមទាំងគ្រប់គ្រងសភាពការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ។
លោកអភិបាលខេត្តបានក្រើនរំលឹកផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋក៏ត្រូវយកចិត្តទុកដាក់អំពីទ្រព្យសម្បត្តិក្នុងគ្រួសារតាមរយៈប្រយ័ត្នប្រយែងភ្លើងទៀនធូប ព្រមទាំងភ្លើងអគ្គិសនីដោយមុននឹងចាកចេញ ពីផ្ទះត្រូវប្រាកដថាគ្រប់យ៉ាងមានសុវត្ថិភាពមួយរយភាគរយ។ លើសពីនោះ ការបើកបរយានយន្តត្រូវគោរព ច្បាប់ និងស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ហើយមានការយោគយល់អធ្យាស្រ័យរវាងគ្នាទាំងនៅតាមដងផ្លូវ ក៏ដូចជាក្នុងតំបន់កម្សាន្តនានា៕B/