កម្លាំង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចាប់​ករណី​លួច​រថយន្ដ​នៅ​ភ្នំពេញ​

326
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ចាប់​ករណី​លួច​រថយន្ដ​មួយគ្រឿង ដែល​បាត់​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​ការបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង ទទួល​ផែន​កណ្ដាល​នគរបាល​យុត្តិធម៌ និង​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ង៉េ​ង​ជួ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​បញ្ជា​ទៅ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​។​

​លោក​វរសេនីយ៍ឯក​ខេង​ម៉េង​ឈាង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យដឹង​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា​ក្រោយ​ទទួលបាន​បញ្ជា​ភ្លាម​កម្លាំង​របស់លោក​បាន​បើក​ការស្រាវជ្រាវ​ជា​បន្ដបន្ទាប់​រហូត​ឈានដល់​កំណត់​មុខសញ្ញា​ពាក់ព័ន្ធ​បាន​និង​ឈានដល់​ការចាប់ខ្លួន​តែម្ដង​នៅ​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួនបាន​នៅ​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​និង​បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ​បន្ដ​និង​ឈានទៅ​ដកហូត​បាន​រថយន្ដ​ដែល​រូបគេ​បាន​លួច​ដែល​កំពុង​លាក់ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល​។​

​ក្រៅពី​ការដកហូត​បាន​រថយន្ដ​ដែល​រូបគេ​បាន​លួច​មួយគ្រឿង​ហើយ​នោះ​សមត្ថកិច្ច​ដកហូត​បាន​អាវុធខ្លី​មួយ​ដើម ម៉ាក​K54​បង់​មួយ​និង​គ្រាប់​៧​គ្រាប់​ពី​ជនសង្ស័យ​ផងដែរ​។​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ តី​សុ​ភ័​ក្រ​អាយុ​៣០​ឆ្នាំ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​រថយន្ដ​និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន​។​

ជនសង្ស័យ​ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ហើយ​រថយន្ដ ត្រូវបាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​៕S/​