កម្លាំង​អាវុធ​ហត្ថចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​នៅ​ស្រុក​វាលវែង​

1179
ចែករម្លែក

​(​ពោធិ៍សាត់​)៖​កម្លាំង​កងរាជអាវុធហត្ថ​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​ប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន​ដើម្បី​ចាត់ការ​តាមច្បាប់​។​ការចាប់​រថយន្ត​នោះបាន​ធ្វើឡើង​នៅត្រង់ចំណុច​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី ទាបភ្លឺ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​។​

​លោក​វរសេនីយ៍ត្រី​ពុធ​ប៊ុន​ឈឿន​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​វាលវែង​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រថយន្ត​ដឹកឈើ​មួយគ្រឿង​ប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន​ទីចាត់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស​ដើម្បី​ចាត់ការ​តាមច្បាប់​។​

ប្រភព​ដដែល​បាន​បន្តថា​ក្នុង​កិច្ចប្រតិបត្តិការ​នោះ កម្លាំង​បានធ្វើការ​បង្ក្រាប​រថយន្ត​ចង្កូត​ឆ្វេង​ចំនួន មួយគ្រឿង​ម៉ាក HINO ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ត្រាវ​ឆ្នូត​បៃតង​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3B 2407 ដឹកឈើ​ចំនួន ២៣​ដុំ​ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន​។​

​ប្រភព​បន្តថា​ឈើ​លើ​រថយន្ត​មាន​ចំនួន​២៣​ដុំ​ស្មើរ​នឹង​ចំនួន​១៨,៩០០​ម៉ែត្រគូប​ហើយ​ឈើ​នេះ​ជា​ប្រភេទ​ឈើ​រាជ​កុល​។​លទ្ធផល​ក្នុងការ​ប​ង្រ​វត្ថុតាង​ឈើ​និង​រថយន្ត​ត្រូវ​កងកម្លាំង​បានប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន​ទីចាត់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស​ដើម្បី​យកទៅ​រក្សាទុក​៕S/​ដោយ​៖​ហូ​សាន់​

​កម្លាំង​អាវុធ​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​នៅ​ស្រុក​វាលវែង​(រូប៖វ៉េបសាយ)