កម្សាន្ត​, កម្រៃ​, កម្រិត​, កម្ម​, កម្មវត្ថុ​, កករ​, សរសើរ​, សរសេរ​, ស្មេរ​, សំណើ​, ស្នើ​, សំដៅ​, សម្ដី​, សម្ដែង​, រង្វាន់​, រង្គ​, រុកកួន​

2566
ចែករម្លែក

​កម្សាន្ត កំ​សាន ( កិ​. ) សម្រាក​ចិត្ត​, ធ្វើ​ឲ្យ​ក្សាន្តចិត្ត​, លំហើយ​ចិត្ត​, ធ្វើ​ចិត្ត​ឲ្យ​ស្រាកស្រាន្ត​, ឲ្យ​ស្បើយ​ចាក​អារម្មណ៍​ផ្សេងៗ : ដើរលេង​កម្សាន្ត​ចិត្ត (​ម​. ព​. ក្សាន្ត​) ។

​កម្រៃ ( ន​. ) អ្វីៗ ដែល​ចំណេញ​, ដែល​បានមក​លើស​ដើម : ធ្វើការ​មាន​កម្រៃ​, ជួញ​មាន​កម្រៃ ។

​កម្រិត ( ន​. ) កន្លែង​ដែល​ក្រិត ដែល​គូស​ចំណាំ​; បញ្ញត្តិ : មាន​កម្រិត​ទុក​យ៉ាងនេះ​…​។

​កម្ម កាំ បា​.; សំ​. ( ន​. ) (​ក​ម៌​នំ​) អំពើ​; ទោះ​អំពើ​ល្អ​ក្ដី អាក្រក់​ក្ដី ក៏​ហៅថា កម្ម (​កម្ម​ជា​កុសល​, កម្ម​ជា​អកុសល​) : ទទួល​កម្ម​, រងកម្ម តាម​កម្ម​ចុះ គឺ​ទទួល​, រង​តាម​អំពើ​ដែល ខ្លួន​បានធ្វើ បាន​សន្សំ​មកហើយ ។ កម្មករ (​កាំ​-​មៈ​-​ក​) ន​. (​បា​.) អ្នកធ្វើ​ការបម្រើ​ដោយ​ឈ្នួល (​អ្នកស៊ីឈ្នួល​) : ពួកកម្មករ​កំពុងធ្វើកា​រ​ខ្ញៀវ ។​

កម្មវត្ថុ (​កាំ​-​ម៉ៈ​-​វាត់​-​ថុ​) ន​. (​បា​.) រឿង​នៃ​ការងារ​; សេចក្ដី​បំ​ព្រួញ​រឿង​ក្នុង​សំបុត្រស្នាម​ផ្សេងៗ ដើម្បី​ឲ្យ​ដឹងថា​ជា រឿងនេះ រឿង​នោះ : សំបុត្រ​ជា​ផ្លូវការ ច្រើនតែ​មានកម្ម​វត្ថុ ។​

​កករ ក៏​-​ក ( ន​. ) ផង់​ឬ​កំទេច​ល្អិត ដែល​នៅក្នុង​សភាវៈ​រាវ មានទឹក​, សុរា​, ប្រេង​ជាដើម : កករ​ប្រេង ។ កករ​ចិត្ត ចិត្ត​សៅហ្មង​ហាក់ដូចជា​មានកករ ។ ប្រើ​ដូចជា គុ​. ក៏បាន : ចិត្ត​កករ​ល្អក់ ។

​សរសើរ ស៏​-​សើ ស​. ( កិ​. ) និយាយ​លើក​, លើកតម្កើង​, និយាយ​ស្ងើច​, ពោល​ពណ៌នា​គុណ : សរសើរ​មារយាទ​, សរសើរចំណេះ​, សរសើរគុណ ។ សរសើរព្រះបាទ ឈ្មោះ​កាព្យ​បុរាណ មួយ​រឿង​ខាង​ព្រះពុទ្ធសាសនា កើតមាន​ក្នុង​រជ្ជកាល​នៃ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី​… មាន​ដើម​ថា ឧកាស​, បាទ​យុគ​លំ ន​មា​មិ​ហំ ខ្ញុំ​អរ​ឱនអង្គ ក្រួ​ញ​ក្រាប​អភិវាទ ព្រះបាទ​ពុទ្ធ​ពង្ស​ទាំង​គូរ​ត្ន​រុងរឿង​ឫទ្ធិ​រង្សី ។​ល​។

​សរសេរ ស៏​-​សេ ( កិ​. ) គូស​, វាស ឲ្យ​ដិត​ជា​តួអក្សរ​ឬ​លេខ ឬ​ឲ្យ​ដិត​អក្សរ​កើត​បានជា​សេចក្ដី : សរសេរ​អក្សរ​, សរសេរ​សំបុត្រ​, ស្មេរ​សរសេរ​សំបុត្រ ។

​ស្មេរ ( ន​. ) អ្នកសរសេរ (​ស្មៀន​) : កាលណោះ​ព្រះ​យម​ពណ្ណរាយ លើសលែង​សព្វ​សាយ ស្ដេច​ទតព្រះនេត្រ​យល់​ជាក់ ។ ស្ដេច​បើក​ព្រះ​ឱស្ឋ​ប្រើ​អ្នក​ស្មេរ​មួយ​ប្រ​ត្យ័​ក្ស ដណ្ដឹង​ឲ្យ​ជាក់ ក្តាត់​ណា (​សាស្ត្រា សុបិន​កុមារ​) ។ ស្មៀនស្មេរ (​ព​. សា​.) ស្មៀន​អ្នកសរសេរ​, ស្មៀន​ធម្មតា ។

​សំណើ ( ន​. ) ពេល​, វេលា​ដី​ខ្លី មាន​រយៈ​ប្រហែល​ដូច​គេ​សើ​ឲ្យ​ឃើញ​ស្នើ​ឃើញ​ស្រទាប់ : ត្រូវ​ប្រើ​របស់​ហ្នឹង​មួយ​សំណើ​ទៅ​សិន ទម្រាំ​បាន​របស់​ថ្មី​មកទៀត ។

​ស្នើ ( កិ​. ) សួរ​ឲ្យ​ដឹង​សិន​, ពិគ្រោះ​ឬ​ប្រឹក្សា​មុន​សិន (​ចំពោះតែ​ជាមួយនឹង​ឥស្សរជន គឺ​ក្រាបបង្គំ​ទូល​, ក្រាបទូល​, ទូល​, ពិត​, ជម្រាប​, ឲ្យ​ដឹង​ការ​មុន​សិន​) : ទូល​ស្នើ​, ស្នើការ ។ ( ន​. )​ស្រទាប់​, សង្កាត់ ដែល​សើរើ​ឡើង​បាន​ដោយ​ងាយ : ស្នើក្រដាស​, រើ​យកតាម​ស្នើ ។ ចំនួន​ពីរ​គួប​គ្នា (​ចំពោះតែ​សន្លឹក ដូច​យ៉ាង​ម្លូ​ជាដើម​) : ម្លូ​ប្រាំ​ស្នើ ម្លូ​ដប់​សន្លឹក (​ម​. ព​. ត្របក ផង​) ។ វគ្គស្នើ (​ម​. ព​. វគ្គ​) ។ ធ្លាប់​សរសេរ​មក​ថា ស្នើរ ប៉ុន្តែ​ដោយ​ពិនិត្យឃើញថា​ពាក្យ​នេះ​ចេញ​មកពី សើ ទើប​សរសេរ​ជា ស្នើ វិញ ។

សំដៅ ( កិ​. ឬ កិ​. វិ​. ) ច​ម្ពោះ​ត្រង់​, ឆ្ពោះ​ត្រង់​, តម្រង់​ចំ : សំដៅ​សេចក្ដី​ថា …; ចោល​សំដៅ​; សំដៅចំ​, សំដៅដាក់​, សំដៅត្រង់​, សំដៅយក​, សំដៅលើ ។​ល​។ ( ប​. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ នឹង សំដី ថា :​សំដីសំដៅ សំដី​ដែល​សំដៅដាក់​ឬ​សំដី​បានការ : អ្នក​ហ្នឹង​ចេះ​សម្ដីសំដៅ​គ្រាន់បើ (​ម​. ព​. សំដៅ ១ កិ​. ឬ កិ​. វិ​. ផង​) ។

​សម្ដី សំ​-​ដី ( ន​. ) ពាក្យ​ដែល​ស្ដី​, ដែល​និយាយ​, ភាសា​: សម្ដីពីរោះ​, សម្ដីទន់​; ចេះ​សម្ដី ។ សម្ដីសំដៅ (​ម​. ព​. សំដៅ ប​.) ។ ព​. ទ​. បុ​. សម្ដីជាឯក​លេខ​ជា​ទោ អក្សរ​ជា​ត្រី ចេះ​សម្ដី​ទុក​ជាទី ១ ចេះ​វិជ្ជាលេខ​ទុក​ជាទី ២ ចេះ​សរសេរ​អក្សរ​ល្អជា​ទី ៣ គឺ​ការ​ពូកែសម្ដី​ប្រសើរ​ជាង​ការ​ពូកែ វិជ្ជាលេខ​និង​ការ​ពូកែ​សរសេរ​អក្សរ​ល្អ ។ សម្ដី​-​ស​ជាតិ មារយាទ​ស​ត្រកូល (​ម​. ព​. ស ២ កិ​.) ។ សរសេរ​ជា សំដី ក៏បាន​។

​សម្ដែង ជើង ដ​, សំ​-​ដែង ( កិ​. ) ធ្វើ​ឬ​បញ្ចេញ​ឲ្យ​ឃើញ​ស្ដែង : សម្ដែងឫទ្ធិ​, សម្ដែងខ្លួន ។ ថ្លែង​, ប្រកាសសេចក្ដី : សម្ដែងធម៌ ។ សរសេរ​ជា សំដែង ក៏បាន ។

​រង្វាន់ ( ន​. ) របស់​ដែល​ថែម​ឲ្យ​ដោយឡែក​ផ្សេង​លើសពី​កំណត់​ដែល​ត្រូវបាន​, របស់​ជា​បំណាច់ ដែល​ថែម​ឲ្យ ព្រោះ​គាប់ចិត្ត​ឬ​ដើម្បី​បំពេញ ចិត្ត : ឲ្យ​រង្វាន់​, ទទួល​ប្រាក់រង្វាន់ ។ រង្វាន់​ខាន់ខៅ រង្វាន់​និង​ទ្រនឹប​, របស់​ដែល​ឲ្យ​ដោយឡែក​ផ្សេង​ក្រៅពី​ទ្រនឹប ។

​រង្គ រង់ សំ​. បា​. ( ន​. ) (​រង្គ “​គ្រឿង​ជ្រលក់​, ទឹកជ្រលក់​; ថ្នាំព័ណ៌​”) ជ័រ​មាន​សម្បុរ​លឿង សម្រាប់​ប្រើ​ជា​ថ្នាំ​គំនូរ​ឬ​ជា​ថ្នាំ​រម្ងាប់រោគ​ខ្លះ​ក៏បាន ។ រង់ ឬ រ៉ង់​-​គៈ សំ​. បា​. ( ន​. ) ការរីករាយ​សប្បាយ​, ល្បែង​របាំ​, ល្ខោន​; ចម្បាំង : ទៅកាន់​ទី​រង្គ​, អ​ណ្ដា​ល​រឿនរង្គ ។ ប្រើ​ជា​បទ​សមាស​, ដូចជា : រង្គភូមិ (​រង់​-​គៈ ភូម​) ទី​លេង​មហោស្រព​; សមរភូមិ (​ទី​ចម្បាំង​) ។ រង្គសាល​ឬ រង្គសាលា (​រង់គៈ​–) រោងរាំ​, រោងល្ខោន ។​ល​។

​រុកកួន ( កិ​. ) រុករាន​ដោយ​គុំ​គួ​ន​, រុករាន​ឲ្យ​បាន​នេះ​បាន​នោះ​, ឲ្យ​បាន​ប្រយោជន៍​មក​ខ្លួន​; ទទូច​ដោយ​រំអុក​ឲ្យ​ត្រាតែ​បាន : វា​ចេះតែ​មក​រុកកួន​ខ្ញុំ​ស្ទើរ​រាល់ថ្ងៃ (​ធៀប​នឹង​ពាក្យ​សៀម​ថា រប​ក្វ​ន អ​. ថ​. រ៉ុ​ប​កួន “​ធ្វើ​ឲ្យ​កើតមាន​សេចក្ដី​ក្ដៅ​ក្តួល​, ឲ្យ​អផ្សុក​, ជ្រក់ជ្រេញ​រឿយៗ​”) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​