កយកាផ្តល់ជំនួយជិត២លានដុល្លារអាម៉េរិកដល់អង្គការឆាលហ្វានសម្រាប់គម្រោងជួយកុមារនៅតាមសហគមន៍ជនបទដាច់ស្រយាលនៃខេត្តក្រចេះ

454
ចែករម្លែក
  • 8
    Shares

ដោយ:សុផល/ក្រចេះ ៖ អង្គការឆាលហ្វាន(Child Fund)ដែលជាទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ ដែលផ្តោតលើការជួយកុមារ និងភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េខាងត្បូងហៅកាត់ថាកយកា បានប្រកាសពីកិច្ចសហប្រតិបត្តិការ​ថ្មីមួយកាលពីព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០១៩នេះ។

កយកា បានឯកភាពផ្តល់ជំនួយសរុបប្រមាណជាង១លាន៦សែនដុល្លារ​ដល់​អង្គការឆាលហ្វានប្រចាំប្រទេសកម្ពុជាក្នុងរយៈពេល៣ឆ្នាំ សម្រាប់​ការពង្រីក​គម្រោងលេចធ្លោរបស់ខ្លួនមានឈ្មោះថា«គម្រោងងាយស្រួលរៀន» ដើម្បីជួយ​កុមារនៅតាមសហគមន៍ជនបទដាច់ស្រយាលនៃខេត្តក្រចេះ។

តាមផែនការនៅចុងឆ្នាំ២០២១គម្រោងនឹងផ្តល់ប្រយោជន៍ក្នុងវិស័យអប់រំកម្រិតបឋមសិក្សាតាមសហគមន៍ជនបទដល់កុមារា កុមារី លោកគ្រូ អ្នកគ្រូ និងសមាជិកសហគមន៍​សរុបប្រមាណជាង២ម៉ឺន៩ពាន់នាក់។

គម្រោងដែលប្រកបដោយភាពច្នៃប្រឌិតរួមមានកម្មវិធីសិក្សាជួយសិស្ស ការប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀននិងរៀន ការប្រើប្រាស់ថេប្លេត(Tablet)សម្រាប់វាយតម្លៃសិស្សនិ​ងការប្រើប្រាស់Appសម្រាប់ជួយដល់ការរៀនរបស់សិស្ស​បច្ចេកទេសបង្រៀនបែបកុមារមេត្រី។ល​។​ នឹងជួយពង្រឹងគុណភាព​អប់រំដល់​សិស្សានុសិស្ស នៃសាលាបឋមសិក្សាចំនួន១៧សាលាក្នុងស្រុកឆ្លូងខេត្តក្រចេះ។

គម្រោងនេះក៏នឹងជួយបំពាក់សម្ភារៈសិក្សាទំនើប ជួសជុលអគារសិក្សាដែលទ្រុឌទ្រោម ដើម្បីបង្កើតនូវបរិយាកាសសិក្សាបែបកុមារមេត្រីនិងបែបទំនើបសម្រាប់សិស្សាសម្រាប់សិស្សានុសិស្សនិងពង្រឹងប្រព័ន្ធដឹកនាំនិងគ្រប់គ្រងសាលា ការងាររដ្ឋបាល និង​អភិបាលកិច្ច។ អង្គការឆាលហ្វានក៏នឹងសហការជាមួយសហគមន៍ ក្នុងតំបន់​ដើម្បីធានាថា ពួកគេបានចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ សាលារៀន និងការអប់រំក្នុងនាមជាម្ចាស់ស្រុក។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសនៃអង្គការឆាលហ្វានកម្ពុជាមានប្រសាសន៍ថា «តាមលទ្ធផល​ការសិក្សា​អង្កេតរបស់អង្គការឆាលហ្វានក្នុងឆ្នាំ២០១៧ ទោះបីជាមាន​កិច្ចខិតខំប្រឹងប្រែង​យ៉ាងខ្លាំងក្លា ពីសំណាក់រាជរដ្ឋាភិបាលលើវិស័យអប់រំ ក៏អត្រាត្រួតថ្នាក់នៅកម្រិតបឋមសិក្សាក្នុងខេត្តក្រចេះនៅមានភាគរយខ្ពស់នៅឡើយពោលគឺប្រហែល១៧%មានន័យថាក្នុងចំណោមកុមារ៥នាក់មាន១នាក់ត្រួតថ្នាក់»។

លោកនាយកមានប្រសាសន៍បន្តថា «យើងសូមថ្លែងអំណរគុណ ដល់ការគាំទ្រ របស់កយកា ហើយនឹងបន្តសហការយ៉ាងស្អិតរមួត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវមហិច្ឆតា​កំណែទម្រង់វិស័យអប់រំនៅកម្ពុជា»៕B/