ករណី​គ្រឿងញៀន​នៅ​រ៉ក់ ៖ មនុស្ស​ជិត​២០​នាក់​ពាក់ព័ន្ធចាប់បាន​បីនាក់ និង​តាម​ចាប់​បន្ថែមទៀត​

343
ចែករម្លែក
  • 116
    Shares

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ មនុស្ស​ជិត២០​នាក់ ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត៥០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់ ត្រូវបាន​ចាប់ខ្លួនបាន​ចំនួន​០៣​នាក់​ហើយ និង​កំពុងតែ​ស្វែង​ងរ​ក​តាមរក​ចាប់ខ្លួន​ជា​បន្តទៀត​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ប្រាប់​​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ថា មន្ត្រីប៉ូលិស​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់ គឺ​សមត្ថកិច្ច​កំពុងតែ​រក​ចាប់ខ្លួន ហើយ​មិនមែន​តែ​មន្ត្រីប៉ូលិស​ម្នាក់​ទេ គឺមាន​មនុស្ស​ពាក់ព័ន្ធ​មួយក្រុម​ទៀត​។​

អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើង​ត្រូវ​តាមរក​មនុស្ស​មួយក្រុម ឥឡូវ​យើង​តាមរក​សិន ចាំ​រកឃើញ​នឹង​ប្រាប់​ឲ្យ​ផ្សាយ ដោយសារ​វា​ពាក់ព័ន្ធ​ដល់​ការងារ​ស្រាវជ្រាវ​”​។​

ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន​មន្ត្រីប៉ូលិស និង​បក្ខពួក​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ទាំងអស់​១៧​នាក់ ខ្លះ​មាន​ដីកា​ចេញមក ខ្លះ​មិនទាន់​ចេញ​។ ហើយ​ចាប់បាន​ខ្លះ​ហើយ​ឥឡូវនេះ ចាប់បាន​បីនាក់​”​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​មន្ត្រីប៉ូលិស​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​ប្រមាណ​ជិត ៥០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់ មក​បង្ហាញខ្លួន (​ចូលខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​) ពីព្រោះ​មាន​ដីកា​តាម​ចាប់​ខ្ល​លួ​ន​ហើយ បើទោះបីជា​គេច​ទៅណា​ក៏​ទៅ​មិន​រួច​ដែរ​។ ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល នៃ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

បើទោះបី​ជាមាន​ដីកា​តាមរក​ចាប់ខ្លួន​មន្ត្រីប៉ូលិស​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់​យ៉ាងណាក៏ដោយ ប៉ុន្តែ​ឈ្មោះ និង​តួនាទី មន្ត្រី​រូបនោះ​មិនត្រូវ​បានបង្ហាញ​នី​ឡើយ​ទេ​។​

សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា “… មាន​ប៉ូលិស​មួយ​ដែល​កំពុងតែ​តាមរក​ចាប់ខ្លួន មាន​ដីកា​ហើយ គេច​ទៅណា​ក៏​អត់​រួច​ដែរ រឿង​រកស៊ី​គ្រឿងញៀន​គេច​ទៅណា​ក៏​មិន​រួច​ដែរ បើ​ថា​ល្អ មក​បង្ហាញខ្លួន​មក អាច​ថា​មានការ​បន្ធូរបន្ថយ​អី​ខ្លះ ក្រែង​តុលាការ​បន្ធូរ​បន្ថយ​ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​គ្រាន់​ថា គេច​ទៅណា​ក៏​គេច​មិន​រួច​ដែរ យើង​ស្គាល់​អត្តសញ្ញាណ ស្គាល់​អី​អស់ហើយ​។ កន្លែង​ដទៃទៀត​ក៏​ដូចគ្នា​ចឹ​ង​ដែរ តែ​កាលណា​សមត្ថកិច្ច​យើង​មាន​មន្ត្រី​ឡូកឡំ​នៅក្នុង​នឹង​អត់​ហើយ​ធ្វើ​ទេ ចឹ​ង​បើ​កន្លែង​ណា​គ្រឿងញៀន​ច្រើន ហើយ​នៅតែមាន គឺថា​មិនបាន​ដោះស្រាយ​មើល​ផ្ទៃក្នុង​សិន មើល​មន្ត្រី​នឹង​សិន បើ​មិន​ស្រួល​ទេ យើង​ផ្ទេរ​ប្តូរ​មន្ត្រី​នឹង​សិន ទោះបី​មិនមាន​មូលដ្ឋាន អត់​មានការ​ពាក់ព័ន្ធ​ពិតប្រាកដ​ក៏ដោយ យ៉ាងណា​ក៏​ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ ការមិន​ទទួលខុសត្រូវ​”​។

គួរ​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ជា​ទ្រង់ទ្រាយ​ធំ​ឆ្មក់​ចូល​បង្ក្រាប​នៅក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក (Rock) ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង ៣០០​នាក់ ពាក់ព័ន្ធ​ការចែក​ចាយ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រួមទាំង​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ​ប្រមាណ​ជិត​៥០​គីឡូក្រាម​កាលពី​កណ្ដាលយប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩៕​B/