ករណី​គ្រឿងញៀន នៅ​ក្លិប “​ម៉ៃ​អា​មី​” សមត្ថកិច្ច​បញ្ជូន​មេខ្លោង និង​បក្ខពួក​៦​នាក់ មក​តុលាការ

575
ចែករម្លែក
  • 117
    Shares

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ នេះ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ឈ្មោះ ស្រេង វីរៈ ហៅ លក្ខណ៍ ម្ចាស់​ក្លិប​កម្សាន្ត “​ម៉ៃ​អា​មី​” និង​បក្ខពួក ៦​នាក់ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។

​សមត្ថកិច្ច​បញ្ជាក់ថា ទីតាំង​ក្លិប​កម្សាន្ត “​ម៉ៃ​អា​មី​” ជា​កន្លែង​ផលិត​គ្រឿងញៀន ដែល​ដំបូង​ឡើយ​ឃាត់ខ្លួន​មនុស្ស ៥០​នាក់ និង គ្រឿងញៀន​ជាច្រើន​។ ប៉ុន្តែ​ក្រោយមក​សល់ តែ​ជនសង្ស័យ​៧​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បញ្ជូនមក​តុលាការ​។ នេះ​បើតាម​ការបញ្ជាក់​របស់​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

​បច្ចុប្បន្ននេះ តុលាការ​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង ៧​នាក់​នេះ​។

​ដោយឡែក លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី ភ្នំពេញ​ថ្លែងថា ក្លិប​កម្សាន្ត “​ម៉ៃ​អា​មី​” ក្នុង​ខណ្ឌចំការមន ដែល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អះអាងថា ជាទី​តាំង​ផលិត​គ្រឿងញៀន​ត្រូវបាន​បិទ ហើយ​មិនឱ្យ​ដំណើរការ​ទៀត​ទេ​។

​បើតាម​លោក​ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​ក្លិប​កម្សាន្ត “​ម៉ៃ​អា​មី​” ជា​កន្លែង​លួចលាក់​ផលិត​សារធាតុ​ញៀន​ខុសច្បាប់ ដោយ​ឃាត់​មនុ​ស្សបាន​ចំនួន​៥០​នាក់ ក្នុងនោះ​ស្រី​១២​នាក់ និង​ដកហូត​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយចំនួន និង​សារធាតុ​ញៀន​មួយចំនួន​។

​ស្នងការ​រាជធានី​ភ្នំពេញ​រូបនេះ បន្តថា កិច្ចការ​សម្រេច​ទៅបាន ដោយមាន​ការអនុញ្ញាត​ពី​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ព្រមទាំង​កម្លាំង​ប៉ុស្តិ៍នគរបាល​ដ្ឋា​ន​បឹង​កេងកង​។

​សេចក្តីរាយការណ៍​បឋម បានឱ្យដឹងថា ទីតាំង​មួយ​នេះ អាជ្ញាធរ​បាន​ចុះមក​ធ្វើការ​ហាមឃាត់​ចំនួន​៣​ដង​មកហើយ ថែមទាំង​បាន​បិទ​លែងឱ្យ​ដំណើរការ​ទៀតផង តែ​មិន​បានយូរ​ប៉ុន្មាន​ក៏​បើក​វិញ​។

​សូមបញ្ជាក់ថា ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើក​នេះ ប្រហាក់ប្រហែល​នឹង​ការបង្ក្រាប​នៅ​រ៉ុ​ក របស់​អ្នកឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក ផងដែរ​៕ ល​